42.2 C
Phnom Penh

អ្នក​វិភាគ​ជំរុញ​ឲ្យ​មេ​ដឹកនាំ​បក្ស​ជំទាស់​និង​បក្ស​កាន់​អំណាច​ កុំ​យក​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​សង្វៀន​ស៊ី​សាច់​ហុត​ឈាម​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ និង​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច​ កុំយក​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​ទីលាន​ប្រយុទ្ធ​គ្នា​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង​ទុក្ខ​មិន​ចេះ​ចប់។​

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អះអាង​ថា ​ មេ​ដឹកនាំ​នយោបាយ​ទាំង​ពីរ​រូប​គឺ​លោក​សម រង្ស៊ី​និង​លោក​ហ៊ុន សែន​បាន​ចាត់​ទុក​គ្នា​ជា​សត្រូវ​ផ្ទាល់​ខ្លួន​ ហើយ​ច្បាំង​តតាំង​ស៊ី​សាច់​គ្នា​រហូត​ដល់​ស្លាប់។​

លោក​បន្ត​ថា ​ប្រសិន​បើ​ពួក​គេ​ចាត់​ទុក​គ្នា​ជា​សត្រូវ​ផ្ទាល់​ខ្លួន​ដូច្នេះ​មែន​នោះ​ពួក​គេ​គួរ​ជ្រើស​ទីលាន​ប្រយុទ្ធ​ទៅ​កន្លែង​ផ្សេង​ ហើយ​កុំ​នាំ​គ្នា​ច្បាំង​ស៊ី​សាច់​ហុតឈាម​គ្នា​រហូត​ដល់​ស្លាប់​ក្នុង​សង្វៀន​នយោបាយ​ខ្មែរ​ ដើម្បី​​កុំឲ្យ​ពល​រដ្ឋ​រង​ទុក្ខ​លំបាក​ដោយ​ជម្លោះ​ទាំង​នេះ។ ​

ការ​អះអាង​របស់​លោក​បណ្ឌិត​ឡៅម៉ុងហៃ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ហ៊ុន សែន​និយាយ​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ព្រឹកមិញ​ក្នុង​ការ​ប្រកាស​បបួល​អតីត​មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី​ ចេញ​មក​ស្បថ​ដាក់​ជីវិត​ខ្លួន​ឯង​ក្រុម​គ្រួសារ​និង​សាច់​ញាតិ​ព្រម​ទាំង​មនុស្ស​ជំនិត​១០០​នាក់​ផង​ ដើម្បី​ឱ្យ​ច្បាស់​ថា​ ​តើ​អ្វី​ដែល​លោក​សម រង្ស៊ី​ចោទ​លោក​ហ៊ុន សែន​ថា​ ជា​អ្នក​រៀប​ចំ​ល្បិច​សម្លាប់​លោក​ហុក ឡងឌី ​អតីត​អគ្គ​ស្នងការ​នគរ​បាលជាតិ​ជា​ការណ៍​ពិត​ឬ​យ៉ាង​ណា?​

កាលពី​ថ្ងៃ​ទី​២​ខែ​មិថុនា ​លោក​សមរង្ស៊ី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ​លោក​ហ៊ុន សែន​ជា​អ្នក​ដាក់​បង្កៃ​គ្រាប់​បែក​លើ​យន្ត​ហោះ​ធ្វើ​ឃាត​លោក​ហុក ឡង់ឌី​កាល​ពី​ឆ្នាំ​២០០៨​ ហើយ​ថា​  សព្វ​ថ្ងៃ​នេះ​លោក​ឌី វិជ្ជា​កូន​ប្រុស​បង្កើត​របស់​លោក​ហុក ឡង់ឌី​និង​ជា​កូន​ប្រសារ​របស់​លោក​ហ៊ុន ​សែន​ដែរ​នោះ​កំពុង​រៀបចំ​ផែន​ការ​សង​សឹក​ដោយ​សហ​ការ​ជាមួយ​លោក​សខេង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ។​

ទោះ​ជាយ៉ាង​ណា​ក៏​​ដោយ​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​បាន​ជំរុញ​ឲ្យ​ក្រុម​មេ​ដឹកនាំ​ទាំង​ពីរ​នាំ​គ្នា​គិត​គូ​អំពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ខណៈ​កម្ពុជា​​កំពុង​ប្រឈម​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ប្រសិន​បើ​សហគមន៍​អឺរ៉ុប​សម្រេច​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​នោះ៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស