35 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ចំនួន​៨៥​ស្នើទៅ​រដ្ឋាភិបាល​ស្តារ​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ចំនួន​៨៥​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​មួយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្តារ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ដើម្បី​បញ្ចៀស​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច។​

សំណើ​និង​កង្វល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បែប​នេះ ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ គណៈ​ប្រតិភូ​ពិសេស​របស់​សហភាព​អឺរ៉ុប​មក​បំពេញ​ទស្សន​កិច្ច​ជាថ្មី​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ច័ន្ទ​ទី​៣ ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី​៧​ ខែ​មិថុនា​នេះ​ដើម្បី​ស្វែង​រក​ការណ៍​ពិត​ពាក់​ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ ​ជា​ពិសេស​សិទ្ធិ​ការងារ​ និង​សិទ្ធិ​នយោបាយ​មុន​នឹង​ឈាន​ទៅ​សម្រេច​ចុង​ក្រោយ​ថា​ តើ​ត្រូវ​ដក​ ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ពី​កម្ពុជា។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​នេះ ​ក្រុម​អ្នក​តាមដាន​បញ្ហា​សង្គម​កម្ពុជា ​បង្ហាញ​ក្តី​កង្វល់​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​ធ្វើ​ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ចាប់តាំង​ពី​ការ​បោះឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨​និង​ក្រោយ​ការ​ផាត់​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជិត​ពាក់​កណ្ដាល​ប្រទេស​ចេញ​ ពី​បញ្ជី​នយោបាយ​ ការ​​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ជា​ដើម។​

ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ដោយ​រំឭក​ទៅ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ថា​ ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​គឺ​តម្រូវ​ឲ្យ​ការ​កសាង​និង​ការ​អភិវឌ្ឍ​ប្រទេស​ត្រូវ​តែ​ភ្ជាប់​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ដើម្បី​បង្ការ​កុំ​ឲ្យ​ ប្រវត្តិ​សាស្រ្ត​អតីត​កាល​ដ៏​ជូរ​ចត់​វិល​ត្រឡប់​មក​កម្ពុជា​វិញ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ ឥសាន​បាន​ព្រមាន​ថា​ សេចក្តី​ថ្លែង​ការណ៍​នេះ​គ្រាន់​តែ​មតិ​ភាគ​តិច​ប៉ុណ្ណោះ ​បើ​ធៀប​ទៅ​នឹង​ចំនួន​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដែល​មាន​ជាង​៥០០០​ស្ថាប័ន។ ​អ្នក​នាំ​ពាក្យ​រូប​នេះ​ចោទ​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​នេះ​ ជា​សកម្ម​ភាព​ញុះញុង​ និង​ជា​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ដែល​ផ្ទុយ​ពី​គោល​ការណ៍​របស់​ខ្លួន​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហា​ផ្ទៃ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស