30 C
Phnom Penh

អ្នកវិភាគ៖​ នំ​បញ្ចុក​សាមគ្គី​ជាតិ​ នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ​ ​បើ​ភាគី​ម្ខាង​នៅ​តែ​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កញ្ញា​លី ស្រីស្រស់​អះអាង​ថា​  ការ​ហូប​នំ​បញ្ចុក​ផ្សះផ្សា​ជាតិ​នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ​ ប្រសិន​បើ​ក្រុម​មួយ​ហូប​ដោយ​សប្បាយ​ចិត្ត​គ្មាន​ការ​សួរនាំ​ ខណៈ​ក្រុម​ម្ខាង​ទៀត​ត្រូវ​បាន​អាជ្ញាធរ​សួរ​នាំ​គ្រប់​ពេល​ទទួល​ទាន​នោះ។​

កញ្ញា​បន្ត​ថា ​ការ​ផ្សះ​ផ្សា​ជាតិ​វា​មិន​មែន​អាស្រ័យ​លើ​ការ​ហូប​នំ​បញ្ចុក​នោះ​ទេ ​តែ​ការ​សាមគ្គី​ជាតិ​ឬ​ការ​ផ្សះផ្សា​ជាតិ​ត្រូវ​ការ​ឆន្ទៈ​ និង​កាយ​វិការ​អាធ្យាស្រ័យ​គ្នា​ពិត​ប្រាកដ​រវាង​អ្នក​នយោបាយ​នឹង​អ្នក​នយោបាយ។​

កញ្ញា​បន្ត​ថា ​ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​កាន់​គំនិត ​និង​ ចរិត​ចង់​ចាញ់​ឈ្នះ​គ្នា​ឥត​ឈប់​ឈរ​ ដូច​​ពេល​កន្លង​មក​ទៀត​ ខ្លាច​តែ​សូម្បី​នំ​បញ្ចុក​ក៏​គ្មាន​ហូប​ផង​នៅ​ថ្ងៃ​ខាង​មុខ។​

ការ​លើក​ឡើង​នេះ​ធ្វើឡើង​ក្រោយ​ពេល​លោក​ហ៊ុន សែន​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​ប្រាប់​ឱ្យ​ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​នាំ​គ្នា​បរិភោគ​នំ​បញ្ចុក​ដែល​លោក​ឱ្យ​ឈ្មោះ​ថា​ នំ​បញ្ចុក​សាមគ្គី​ជាតិ​ខ្មែរ​ដើម្បី​ឌឺដង​ទៅ​ក្រុម​លោក​សម រង្ស៊ី។ ​លោក​ក៏​បាន​ប្រកាស​ថា​  ការ​ហូប​នំ​បញ្ចុក​ជា​ទ្រង់​ទ្រាយ​ធំ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ​មិថុនា។​

ចំណែក​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​សម រង្ស៊ី​ក៏​បាន​ប្រកាស​កាលពី​ម្សិលមិញ​ដែរ​ដោយ​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាំ​គ្នា​ពិសារ​នំ​បញ្ចុក​ជា​មួយ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ទី​៩​ខែ​មិថុនា​ ដែល​លោក​ហៅ​ថា​ជា​ទិវា​នំ​បញ្ចុក​សាមគ្គី។​

លោក​បន្ត​ថា ​ការ​ពិសារ​នំ​បញ្ចុក​នេះ​នឹង​ធ្វើ​ឡើង​ដោយ​រីករាយ​​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ទាំងអស់។ ​លោក​ក៏​បាន​ណែនាំ​ពលរដ្ឋ​បែប​ឌឺដង​ទៅ​លោក​ហ៊ុន សែន​ដែរ​ថា​ ឱ្យ​អញ្ជើញ​អ្នក​ជិត​ខាង​មក​ទទួល​ទាន​នំ​បញ្ចុក​នេះ​ជាមួយ​គ្នា ​ ហើយ​បើ​គេ​អញ្ជើញ​យើង​ទៅ​ហូប​ជាមួយ​គេ​ សូម​អញ្ជើញ​ទៅ​ដោយ​ចិត្ត​រីករាយ​ក្នុង​ស្មារតី​ភាតរភាព ​ពីព្រោះ​យើង​ទាំង​អស់​គ្នា​ ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស