34 C
Phnom Penh

អ្នក​វិភាគ​លើក​ឡើង​ថា​ ទស្សន​កិច្ច​ស្វែង​រក​ការណ៍​ពិត​របស់​ប្រតិភូ​អឺរ៉ុប​នឹង​គ្មាន​អ្វី​ប្រែប្រួល​សម្រាប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ទេ ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​វិភាគ​នយោបាយ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​លោក​គឹម សុខ​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ វិបត្តិ​នយោបាយ​កម្ពុជា​នៅ​តែ​បន្ត​ជាប់គាំង​ដដែល​ ទោះបី​ជា​មាន​ដំណើរ​ស្វែង​រក​ការណ៍​ពិត​របស់​គណៈ​ប្រតិភូ​អឺរ៉ុប​ទៅ​ភ្នំពេញ​ក្នុង​សប្ដាហ៍​នេះ​ក្តី។​

នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ ​ លោក​គឹម សុខ​អះអាង​ថា ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​គឺ​គ្មាន​អ្វី​ប្រែប្រួល​ទេ ​ហើយ​ក៏​គ្មាន​ភាព​ប្រសើរ​អ្វី​នោះ​ដែរ ​បន្ទាប់​ពី​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប ទៅ​ភ្នំពេញ​ក្នុង​សប្ដាហ៍​នេះ​រួច​រាល់ ដោយ​លោក​ថា ​សហភាព​អឺរ៉ុប​នៅ​តែ​បន្ត​នីតិវិធី​ការងារ​របស់​ខ្លួន​ជា​ធម្មតា។​

ការ​លើក​ឡើង​​ធ្វើ​ឡើង​នេះ​ ស្រប​ពេល​ក្រុម​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​មក​បំពេញ​បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​បន្ថែម​ទៀត​ ដើម្បី​បន្ត​នីតិវិធី​របស់​ខ្លួន​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA។ ​ដំណើរ​ស្វែង​រក​ការណ៍​ពិត​នេះ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៧​ខែ​មិថុនា។​

អ្នក​វិភាគ​រូប​នេះ​បាន​ទាញ​ហេតុផល​តាម​មហិច្ឆតា​របស់​លោក​ហ៊ុន សែន​ថា​ ​ការ​ទោរ​ទន់​ទៅ​តាម​ការ​ទាមទារ​ពី​សហគមន៍​អន្តរជាតិ ​ ទោះ​ជា​លក្ខខណ្ឌ​ច្បាប់​ក្ដី ​ឬ​លក្ខខណ្ឌ​នយោបាយ​ក្ដី​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ក្រុម​លោក​ហ៊ុន សែន​ជាប់​ផុង​ក្នុង​អន្ទាក់​ដែល​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ​មិន​អនុញ្ញាត​ឱ្យ​ស្ថាន​ការណ៍​នយោបាយ​នេះ​វិល​ទៅ​រក​ភាព​ប្រសើរ​ងាយៗ​ឡើយ​ ប្រសិន​បើ​ការ​វិល​ទៅ​រក​ភាព​ប្រសើរ​នោះ​ ប៉ះពាល់​ដល់​អំណាច​បន្ត​ត្រកូល​របស់​ខ្លួន។​ បន្ថែម​ពី​នេះ ​លោក​ថា​ ការ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ទៅ​តាម​ការ​ចង់​បាន​របស់​ប្លុក​លោក​សេរី​គឺ​ខុស​ពី​ផែនការ​បន្ត​ក្តោប​ក្តាប់​អំណាច​របស់​លោក​ហ៊ុន សែន​ខ្លួន​ឯង​ ដែល​កំណត់​យក​ប្រទេស​ជាតិ​ជា​កម្ម​សិទ្ធិ​និង​ចាប់​ប្រជា​រាស្ត្រ​ជា​ឧបករណ៍​របស់​ខ្លួន​រួច​ទៅ​ហើយ។​

លោក​គឹម សុខ​មើល​ឃើញ​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ពុំ​មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​អនុវត្ត​តាម​កាល​វិភាគ​ការ​ងារ​របស់​ខ្លួន​នោះ​ទេ ​ហើយ​ស្ថាន​ភាព​នយោបាយ​កម្ពុជា​ក៏​នៅតែ​បន្ត​គាំង​ដដែល។​

លោក​ហ៊ុន សែន​បាន​ប្រកាស​ជា​ច្រើន​ដង​ណាស់​មក​ហើយ​អំពី​ការ​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ឬ​ហៅ​ថា​ កំណែ​ទម្រង់​ឯករាជ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដោយ​មិន​ពឹង​ផ្អែក​បរទេស​នោះ​ឡើយ។​

កំណែ​ទម្រង់​នេះ​ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ណាមួយ​ពី​ប្រទេស​ប្លុក​លោក​សេរី ​ប្រសិន​បើ​កើត​មាន​ឡើង​ ដោយ​លោក​ហ៊ុន សែន​ធ្លាប់​អះអាង​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ឱន​ក្បាល​ចំពោះ​រាល់​ជំនួយ​បរទេស​នោះ​ឡើយ​ ហើយ​ក៏​មិន​ខ្វល់​អំពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស