34 C
Phnom Penh

ព្រះ​រាជ​អាជ្ញា​ខេត្ត​ព្រះសីហនុ​ចោទ​ប្រកាន់​ជន​សង្ស័យ​ដែល​រំលោភ​សម្លាប់​ក្មេងពីរ​នាក់​ប្អូន​ចំនួន​ពីរ​បទល្មើស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជ​អាជ្ញា​ខេត្ត​ព្រះ​សីហនុ​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​រំលោភ​សម្លាប់​ក្មេង​ពីរ​នាក់​ប្អូន​ចំនួន​ពីរ​បទល្មើស​ គឺ​បទ​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់​ទង​នឹង​ជន​រង​គ្រោះ ​​មាត្រា​២០២​ចំណុច​ទី​១​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​និង​ទី​២​បទ​ឃាតកម្ម​ដោយ​មាន​ទារុណ​កម្ម​ អំពើ​ឃោរ​ឃៅ ​ឬ​អំពើ​រំលោភ​សេព​សន្ថវៈ​ មាត្រា​២០៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៤​ខែ​មិថុនា​នេះ​​បន្ទាប់ពី​សមត្ថ​កិច្ច​ខេត្ត​បាន​បញ្ជូន​ជន​សង្ស័យ​ឈ្មោះ​មៀង វិចិត្រ ​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ពី​បទ​ជាប់​សង្ស័យ​ករណី​ឃាតកម្ម​ រំលោភ​សម្លាប់​កុមារី​ឈ្មោះ​ផា ស្រីល័ក្ខ ​និង​កុមារា​ឈ្មោះ​ផា សុខលី​ នៅ​ភូមិ​គគីរ​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ។​

ហ្វេសប៊ុក​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ចុះ​ផ្សាយ​ថា​ ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហនុ ​នគរបាល​ខេត្ត​ព្រៃវែង​និង​អង្គការ​ CPU​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២​ខែ​មិថុនា​ឆ្នាំ​២០១៩ ​នៅ​ស្រុក​មេសាង​ខេត្ត​ព្រៃវែង។​

ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បង្ក​ឡើង​ដោយ​ជន​ល្មើស​ចាប់​រំលោភ​កុមារី​អាយុ​ជាង​១០​ឆ្នាំ ​បន្ទាប់​មក​ធ្វើ​សកម្ម​ភាព​សម្លាប់​ទាំង​កុមារី​ និង​កុមារា​ជាប្អូន​អាយុ​ប្រហល​៣​ឆ្នាំ​ដែល​កំពុង​ដេក​នៅ​ក្នុង​ផ្ទះជា​មួយ​គ្នា។​ ក្មេង​ប្រុស​ជាប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ផ្ទះ ​ហើយ​ក្មេង​ស្រី​ជាបង​ត្រូវ​បាន​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​មក​សង្គ្រោះ​រហូត​ដល់​រាជធានី​ភ្នំពេញ​ តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ពីព្រោះ​នាង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​រថយន្ត​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស