28.4 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បន្ត​ទាមទារ​ឱ្យ​យក​ថ្ងៃ​៤​មិថុនា​ ជា​ថ្ងៃ​បុណ្យជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​និង​អង្គការ​សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្នើ​ជាថ្មី​ទៀត​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​កំណត់​យក​យក​ថ្ងៃ​ទី​៤​ខែ​មិថុនា​ បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ ដើម្បី​រំឭក​ការ​ឈឺ​ចាប់​ចំពោះ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។​

នៅ​ក្នុង​ខួប​លើក​ទី​៧០​ឆ្នាំ​ដែល​អាណា​ព្យាបាល​បារាំង​បាន​ផ្ទេរ​ទឹកដី​កូសាំងស៊ីន​ឬ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ស្តេច​អាណាម​កាន់កាប់​នោះតំណាង​យុវជន​សម្ព័ន្ធ​ខ្មែរ​ដើម្បី​ប្រជា​ធិបតេយ្យ​លោក​ខឿន វីរ៉ាត់ បាន​លើក​ឡើង​ថា  ​ពលរដ្ឋ​ខ្មែរ​ក្រោម​ខ្មែរ​កណ្តាល ​ខ្មែរ​លើ ​គឺ​ជា​ខ្មែរ​តែ​មួយ។​ លោក​សម្តែង​ការ​សោក​ស្តាយ​ដែល​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ ត្រូវ​បាន​បាត់បង់​ ហើយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​ទទួល​រង​ការ​ឈឺ​ចាប់​ចំពោះ​ការ​បាត់បង់​នេះ ​ព្រម​ទាំង​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ទៀត​ផង។​

ជាង​នេះ​ទៅ​ទៀត ​លោក​ក៏​បាន​បង្ហាញ​ការ​ខកចិត្ត​ដ្បិត​អាជ្ញាធរ​ក្រុងភ្នំ​ពេញ​មិន​បាន​អនុញ្ញាត​ឱ្យ​ពួក​លោក​អាច​ប្រារព្ធ​ពិធី​នេះ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​តាម​ការ​ស្នើ​សុំ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន។​

លោក​បន្ថែម​ថា ​អាជ្ញាធរ​លោក​ហ៊ុន សែន​ហាក់​បង្ហាញ​ការ​រើសអើង​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ស្រប​ពេល​រដ្ឋាភិបាល​នេះ​តែង​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​បរទេស​ពិសេស​ជន​ជាតិ​វៀតណាម​ក្នុង​ការ​ធ្វើ​ពិធី​ផ្សេងៗ​នៅ​លើ​ទឹក​ខ្មែរ។​

យ៉ាង​ណាក៏ដោយ​ លោក​សង្ឃឹម​ថា​ រដ្ឋាភិបាល​នឹង​ពិចារណា​យក​ថ្ងៃ​ទី​៤​ខែ​មិថុនា​ជា​ទិវា​បុណ្យ​ជាតិ​មួយ​ដើម្បី​រំឭក​ការ​ឈឺ​ចាប់​ ដែល​កម្ពុជា​បាន​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ក្នុង​ដៃ​របស់​វៀតណាម។​

ចំណែក​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លោក​ថាច់ សេដ្ឋា​ក៏​បាន​បង្ហាញ​ការ​ឈឺ​ចាប់​ និង​មាន​ការ​សោក​ស្ដាយ​ចំពោះ​ការ​បាត់បង់​ទឹកដី​ដ៏​មាន​តម្លៃ​នេះ។ ​លើស​ពី​នេះ ​លោក​ក៏​ឈឺ​ចាប់​ផង​ដែរ​ នៅ​ពេល​ឃើញ​មេ​ដឹកនាំ​ខ្មែរ​មួយ​ចំនួន​ចេះ​តែ​ដឹង​គុណ​បរទេស​ជា​ពិសេស​ដឹង​គុណ​វៀតណាម​ ដោយ​មិន​ហ៊ាន​តវ៉ា​ចំពោះ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ​ដែល​បារាំង​បាន​កាត់​​ដោយ​អ​យុត្ដិធម៌​ឲ្យ​​ទៅ​វៀត​ណាម​នៅ​ពេល​នោះ។​ លោក​ក៏​បាន​ផ្តាំផ្ញើទៅ​មេដឹក​នាំខ្មែរ​ គួរ​តែ​នាំគ្នា​ផ្សះ​ផ្សា​ជាតិ​ និង​បង្រួប​បង្រួម​ជាតិ​ ជាជាង​គិត​តែ​ពី​អំណាច​ផ្ទាល់​ខ្លួន។​

ការ​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ ​ដែល​ឱ្យ​ឈ្មោះ​ថា​ ​ទិវា​កាន់​ទុក្ខ​ជាតិ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​សង្កាត់​គោក​ឃ្លាំង​ រាជ​ធានី​ភ្នំពេញ។ ​ពិធី​នេះ​រៀបចំ​ឡើង​ក្រោម​អធិបតី​ភាព​សម្ដេច​ស៊ីសុវត្ថិ ពង្សនារី ​មុនីពង្ស​ ដែល​ជា​ព្រះរាជ​តំណាង​ព្រះ​មហា​ក្សត្រ​ខ្មែរ។​ ពិធី​នេះ​ក៏​មាន​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន​ជិត​២​ពាន់​អង្គ​នៅ​ពេល​ព្រឹក​ និង​មាន​ការ​រំឭក​ពី​សាវតា​ឬ​ប្រវត្តិ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ ទៅ​ប្រទេស​វៀតណាម​ផង​ដែរ។​

ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​១៩៤៩​ ជា​ថ្ងៃ​ដែល​អាណាព្យាបាល​បារាំង​ បាន​សម្រេច​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ដែនដី​កូសាំងស៊ីន​ឬ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​បច្ចុប្បន្ន​ទៅ​ឱ្យ​ស្តេច​អាណាម​បាវ​ដាយ ​ដោយ​ពលរដ្ឋ​ខ្មែរ​ក្រោម​ និង​ពល​រដ្ឋ​ខ្មែរ​ជាច្រើន​យល់​ថា​ ជា​រឿង​អយុត្តិ​ធម៌ ​និង​ជា​កំហុស​យ៉ាង​ធំ​ដែល​បារាំង​បាន​បន្សល់​ទុក​ឱ្យ​ខ្មែរ។​

ឯកសារ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ប្រគល់​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​បន្ត​នោះ​មាន​ចំនួន​២១​ខេត្ត​ ដោយ​ខេត្ត​ទាំង​នោះ ​រដ្ឋាភិបាល​វៀតណាម​សម្រេច​ដូរ​ឈ្មោះ​ពី​ឈ្មោះ​ខ្មែរ​ទៅ​ជា​ឈ្មោះ​វៀតណាម​ទៀត​ផង។​ 

ការ​សម្រេច​កាត់​ទឹក​ដី​នេះ​ឱ្យ​​ទៅ​វៀតណាម​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​រហូត​មក​ដោយ​អ្នក​ដឹកនាំ​និង​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​អះអាង​អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ស្ទើ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​មក​លើ​ពលរដ្ឋ​ខ្មែរ​​ដូច​ជា​ការ​ប៉ុនប៉ង​លុប​បំបាត់​ប្រពៃណី ​សាសនា ​អក្សរ​សាស្ត្រ ​វប្បធម៌​ ជា​ពិសេស​គឺ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ ពលរដ្ឋ​នៅ​ទីនោះ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​ម៉ឺននាក់​សម្រេច​ចិត្ត​រត់​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នោះ​ ដោយ​មក​រស់​នៅ​ប្រទេស​កម្ពុជា​ឬ​ទៅ​រស់​នៅ​ប្រទេស​ទីបី​ជា​ដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស