31.8 C
Phnom Penh

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ប៉ូលិស​ស័ក្ក​៣​ពីបទ​លួច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​លើ​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣​ម្នាក់​អះអាង​ថា​ ខ្លួន​ច្រឡំ​ដៃ​យក​iPad​ ពី​បទ​លួច​តាម​មាត្រា​៣៥៣​និង​៣៥៦​នៃ​ក្រម​ព្រហ្មទណ្ឌ។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថ្ងៃ​ទី​៥​ខែ​មិថុនា​នេះ​ថា​ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ប្លង់ សុផល​សម្រេច​ចោទ​ប្រកាន់​ដូច​នេះ​ បន្ទាប់​ពី​ជន​សង្ស័យ​ត្រូវ​បញ្ជូន​ទៅ​ដល់​តុលាការ​ និង​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​ពិនិត្យ​និង​សួរ​ចម្លើយ។ ​

មន្ត្រី​នគរបាល​ឈ្មោះ​ហេង ហាប់ ​ដែល​បម្រើ​ការងារ​នៅ​អង្គភាព​ការពារ​ជើង​ទឹក​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ចូល​ទៅ​ដក​លុយ​នៅ​ហាងវីង​មួយ​កន្លែង​យីហោ ​រស្មី​ សាមគ្គី​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក ​និង​បាន​បន្លំ​លួច​យក​ iPad​ មួយ​គ្រឿង​ កាល​ពី​ថ្ងៃ​ទី​៣០​ខែ​ឧសភា​កន្លងទៅ​ ​ប៉ុន្តែ​ក្រោយ​ពេល​ម្ចាស់​យក​វីដេអូ​សកម្មភាព​ប៉ូលិស​រូប​នេះ​ធ្វើ​សកម្មភាព​បន្លំ​លួច​iPad​តាម​បណ្តាញ​សង្គម ​Facebook ​ហើយ​សាមី​ខ្លួន​ក៏​បាន​យក​ iPad​នោះ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ។​

ចំណែក​មន្រ្តី​ជំនាញ​របស់​អគ្គ​ស្នងការ​នគរបាល​ក៏​អះអាង​ពី​ការ​ស្រាវជ្រាវ​របស់​ខ្លួន​ថា ​ករណី​នេះ​មិន​មែន​លួច​ទេ​គឺ​ជា​ករណី​ច្រឡំ​ និង​ថា​ នគរបាល​រូប​នេះ​មាន​បញ្ហា​សតិ​អារម្មណ៍​មិន​សូវ​ល្អ ​ប៉ុន្តែ​ភ្លាមៗ​នេះ​មហា​ជន​ទូទៅ​ជាពិសេស​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​រិះគន់​ចំពោះ​ការ​អះអាង​បែប​នេះ ​និង​ចោទ​ប្រកាន់​ថា​  សមត្ថ​កិច្ច​ពោរ​ពេញ​ទៅ​ដោយ​បក្ស​ពួក​និយម​ការពារ​មន្ត្រី​ខិលខូច។​ នៅ​ទីផុត​ លោក​នេត សាវឿន​​អគ្គស្នង​ការ​នគរបាល​ជាតិ​ បាន​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣​លួច​iPad​គេ​ទៅ​កាន់​តុលាការ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០១៩៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស