28.5 C
Phnom Penh

វៀតណាម​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​មេ​ដឹកនាំ​សិង្ហបុរី​ ដែល​ថា​ ខ្លួន​ចូល​ឈ្លាន​ពាន​កម្ពុជា​ក្នុង​សម័យ​ខ្មែរក្រហម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វៀតណាម​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ថ្នាក់​ដឹក​នាំ​ប្រទេស​សិង្ហបុរី ​លោក​ លី សៀនឡុង​ដែល​បាន​លើក​ឡើង​ថា​ ខ្លួន​បាន​ឈ្លាន​ពាន​កម្ពុជា​នៅ​ក្នុង​អំឡុង​ឆ្នាំ​l១៩៧៩។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​ កាល​ពី​ម្សិលមិញ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់​មេ​ដឹកនាំ​សិង្ហ​បុរី​ដែល​ធ្វើ​ឡើង​អំឡុង​ពេល​កិច្ច​សន្ទនា​សន្តិសុខ ​Shangri-La ​និង​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ ដោយ​ចាត់​ទុក​ការ​លើក​ឡើងរ​បស់​មេ​ដឹកនាំ​សិង្ហបុរី​​ថា ​ មិន​បាន​ឆ្លុះ​បញ្ចាំង​ការណ៍​ពិត​នៃ​ប្រវត្តិ​សាស្ត្រ ​និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ក្នុង​ចំណោម​សាធារណ​មតិ​ផង​ដែរ។​​

ទំព័រ​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​ លី សៀន​ឡុង ​កាលពី​ថ្ងៃ​ទី​៣១​ខែ​ឧសភា​បាន​សរសេរ​រំលែក​មរណទុក្ខ ​និង​បង្ហាញ​ការ​ស្ងើច​សរសើរ​ភាព​ជា​អ្នក​ដឹកនាំ​របស់​លោក​ ព្រេម ទីនស៊ូឡានុន​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ក្នុង​ទស​វត្សរ៍​១៩៨០​និង​ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហា​ក្សត្រ​ថៃ ​ដែល​ទើប​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា។​

លោក​លី សៀនឡុង​បាន​និយាយ​ថា​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​ដែល​កើត​ឡើង​នៅ​​កម្ពុជា​តែ​ពាក់ព័ន្ធ​វៀតណាម​ផង​ដែរ។​​

លោក​បាន​បញ្ជាក់​ថា​  អំឡុង​ពេល​ដែល​លោក​ព្រេម ទីន​ស៊ូឡានុន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ​នោះ​ វា​ក៏​ជា​ពេល​ដែល​សមាជិក​អាស៊ាន​ទាំង​៥​នៅ​ពេល​នោះ ​បាន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា ​និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​មក​ជំនួស​របប​ខ្មែរ​ក្រហម​ពេល​នោះ​ផង​ដែរ។​

លោក​ថា​ ប្រទេស​ថៃ​បាន​ប្រឈម​នឹង​កងទ័ព​វៀតណាម​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​កម្ពុជា ​ហើយ​លោក​ព្រេម​បាន​សម្រេច​ចិត្ត​យ៉ាង​មុតមាំ​ដោយ​មិន​ទទួល​យក​អ្វី​ដែល​កំពុង​កើត​ឡើង​នោះ ​និង​ថែម​ទាំង​បាន​ធ្វើការ​ជាមួយ​ដៃគូ​ក្នុង​តំបន់​អាស៊ាន​ដើម្បី​ប្រឆាំង​វៀតណាម​នៅ​តាម​វេទិកា​អន្តរជាតិ​នានា​ទៀត​ផង។ ​

នៅ​ថ្ងៃ​ទី​៧​ខែ​មករា​១៩៧៩ ​រដ្ឋាភិបាល​វៀតណាម​ ដោយ​មាន​ការ​សហ​ការ​ជាមួយ​អតីត​មន្ត្រី​ខ្មែរ​ក្រហម​មួយ​ចំនួន​បាន​លើក​ទ័ព​វាយ​រំដោះ​យក​បាន​ទីក្រុង​ភ្នំពេញ​ពី​របប​ខ្មែរ​ក្រហម​ដឹក​នាំ​ដោយ​ប៉ុល ពត​ហើយ​ក៏​លើក​បន្តុប​ក្រុម​ខ្មែរវៀត​មិញ ​និង​អតីត​មន្ត្រី​ជាន់ខ្ពស់​សម័យ​ខ្មែរ​ក្រហម​ដឹកនាំ​ ដែល​មាន​លោក​ប៉ែន សុវណ្ណ​ជា​នាយក​រដ្ឋមន្ត្រី។​

ការ​លើក​ទ័ព​រំដោះ​នោះ​ ត្រូវ​បាន​អន្តរជាតិ​ចាត់ទុក​ថា​ ជា​ការ​ឈ្លានពាន​ទាំង​ស្រុង​ពី​សំណាក់​ភាគី​វៀតណាម ​ហើយ​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ទៀត​ផង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស