33 C
Phnom Penh

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ឲ្យ​គណៈ​កម្ម ការ​អឺរ៉ុប​សម្រួល​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​រក្សា​EBA​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បីរូប​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ អំពាវ​ឲ្យ​គណៈ​កម្មាធិការ​ពាណិជ្ជ​កម្ម​អឺរ៉ុប​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ជួយ​សម្រប​សម្រួល​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ការ​គោរព​សិទ្ធិ​និង​រក្សា​EBA​ដល់​កម្ពុជា​ឲ្យ​នៅ​ដដែល។​

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​​បី​រូប​​គឺ​លោក​អ៊ូច័ន្ទរ័ត្ន ​លោក ​ជីវ កក្តា​ លោក​កង គឹមហាក់​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​នេះ​ប្រាប់​ទៅ​ អ្នក​ដឹកនាំ​នយោបាយ​គ្រប់​និន្នាការ​គួរតែ​ងាក​មក​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ បញ្ហា​ចំពោះ​មុខ​រវាង​ខ្មែរ​និង​ខ្មែរ​ ក្រោម​ម្លប់​នៃ​អង្គ​ព្រះ​មហា​ក្សត្រ ​ស្របតាម​រដ្ឋ​ធម្មនុញ្ញ ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ រក្សា​ប្រព័ន្ធ​អនុគ្រោះ​ EBA ​របស់​អ៊ឺរ៉ុប​និង​ GSP ​របស់​អាមេរិក​ ហើយ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញ​លេញ​ឡើង​វិញ។​

អតីត​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ដដែល​បន្ត​ទៀត​ថា​ ប្រសិន​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ការ​លូត​លាស់​របស់​កម្ពុជា​ ​ហើយ​អាច​នាំ​ឲ្យ​ប្រទេស​ស្ថិត​ក្នុង​ភាព​ប្រថុយ​ប្រថាន​ទាំង​សេដ្ឋកិច្ច ​និង​នយោបាយ។​

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​រូប​នេះ​អះអាង​ថា​   ការ​បន្ទន់​ឥរិយាបថ​រក​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​នយោបាយ​ខ្មែរ​ គឺ​ជា​គន្លឹះ​ដែល​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​បាន​ ដើម្បី​អាច​ការពារ​សមិទ្ធ​ផល​ទាំង​ផ្នែក​ប្រជា​ធិបតេយ្យ​ និង​សេដ្ឋ​កិច្ច​ដែល​កម្ពុជា​បាន​ប្រឹង​ប្រែង​កសាង​កន្លង​មក​ និង​ទៅ​អនាគត។​សំណើ​និង​កង្វល់​របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បែប​នេះ​ធ្វើ​ឡើង​ ខណៈ​ គណៈ​កម្មាធិការ​ពាណិជ្ជ​កម្ម​អឺរ៉ុប​កំពុង​បំពេញ​បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​នៅ​កម្ពុជា​មុន​នឹង​សម្រេច​ថា​ ត្រូវ​ព្យួរ​ឬ​បន្ត​ ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដល់​កម្ពុជា ​និង​ស្រប​ពេល​ដែល​គណៈ​ប្រតិភូ​មួយ​ក្រុម​នៃ​តំណាង​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិក​ និង​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៧​ខែ​មិថុនា​នេះ ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ពាណិជ្ជ​កម្ម​ទ្វេភាគី​ ដោយ​រាប់​ទាំង​បទដ្ឋាន​បច្ចេក​ទេស​យាន​យន្ត ​ក៏ដូច​ជា​ស្ថានភាព​វិស័យ​ការងារ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។​ គណៈ​ប្រតិភូ​ទាំង​នោះ​ដឹកនាំ​ដោយ​Karl Ehlers ​ឧបការី​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិក​ ទទួល​បន្ទុក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​ប៉ាស៊ីហ្វិក​ និង​លោក​Lewis Karesh ​ឧបការី​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស