ក្រសួងសុខាភិបាល ដាក់ដំណើរការលើកដំបូងនូវប្រព័ន្ធគ្រប់គ្រងបែបឌីជីថល ដោយឲ្យរាល់អ្នកជំងឺនឹងមានបណ្ណសម្គាល់ពីប្រវត្ដិសុខភាពរបស់ខ្លួនដែលមានឈ្មោះថា«ពេទ្យយើង»។
បណ្ណសម្គាល់អ្នកជំងឺនេះមានភ្ជាប់រូបថត អាសយដ្ឋាន ដោយបញ្ជូលទិន្នន័យរបស់អ្នកជំងឺម្នាក់ៗ។ ប្រព័ន្ធថ្មីនេះត្រូវក្រសួងដាក់ឱ្យប្រើប្រាស់នៅមន្ទីរពេទ្យព្រះអង្គឌួងមុនគេ។បើដំណើរការទទួលបានលទ្ធផល និងផ្តល់ផលប្រយោជន៍ដល់វិស័យសុខាភិបាលនោះក្រសួងនឹងដាក់ដំណើរការនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផ្សេងៗទៀត នៅទូទាំងប្រទេសតែម្តង។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេងថ្លែងថា ដំណើរការតាមប្រព័ន្ធទំនើបនេះគឺដើម្បីគ្រប់គ្រងអ្នកជំងឺនិងគ្រូពេទ្យឱ្យកាន់តែងាយស្រួល ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។ នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យលូ លីឃាងដឹងដែរឲ្យដឹងថា មកដល់ពេលនេះ មន្ទីរពេទ្យអង្គឌួងបានធ្វើកាតអ្នកជំងឺបានជិត២ពាន់នាក់៕