លោកហ៊ុន សែនបានជំរុញឲ្យពលរដ្ឋនាំគ្នាធ្វើពហិការកុំទិញបន្លែ ផ្លែឈើ ត្រីសាច់ និងផលិតផលទាំងឡាយណា ដែលមានផ្ទុកសារធាតុគីមីយកទៅប្រើប្រាស់នោះឡើយ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិតនៃសាកលវិទ្យាល័យនៅរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ លោកហ៊ុន សែនបានប្រាប់ឱ្យពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពរបស់ខ្លួន តាមរយៈការឈប់ទិញទំនិញទាំងឡាយណាដែលមានជាតិគីមី។
មិនតែប៉ុណ្ណោះត្រូវរួមគ្នាដាំបន្លែ ផ្លែឈើ ដោយប្រើប្រាស់ជីរធម្មជាតិកាត់បន្ថយការប្រើប្រាស់ថ្នាំឬជីរគីមីសម្រាប់បរិភោគខ្លួនឯង និងសម្រាប់ផ្គត់ផ្គង់តម្រូវការនៅលើទីផ្សារ។
ការណែនាំរបស់លោកហ៊ុន សែនអំពីការធ្វើពហិការឈប់ទិញទំនិញ បន្លែ ផ្លែឈើ ត្រីសាច់មានជាតិគីមីសម្រាប់បរិភោគនេះធ្វើឡើងជាច្រើនលើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៨មក បើទោះបីលោករងការរិះគន់ពីមហាជន និងមន្ត្រីជំនាញកសិកម្មមួយចំនួន ថា ជាភាសាគ្មានការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំរដ្ឋ ព្រោះពលរដ្ឋភាគច្រើនលើសលប់មិនអាចកត់សម្គាល់បានថា តើបន្លែផ្លែឈើ ឬត្រីសាច់ប្រភេទណា ដែលមានឬគ្មានផ្ទុកសារធាតុគីមីនោះឡើយ។
ពលរដ្ឋមួយចំនួនធ្លាប់លើកឡើងថា ផលិតផល បន្លែ ផ្លែឈើ និងទំនិញដែលមានផ្ទុកសារធាតុគីមីអាចចរាចរនៅក្នុងប្រទេសកម្ពុជា ជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញរដ្ឋាភិបាល ដោយមិនអាចមកបន្ទោសពលរដ្ឋរឿងទិញទំនិញមានផ្ទុកសារធាតុគីមីយកមកបរិភោគនោះទេ ព្រោះពលរដ្ឋមិនអាចមើលឃើញសារធាតុគីមីនឹងភ្នែកទទេបានឡើយ។
ទោះបីជាយ៉ាងណា កន្លងមកអាជ្ញាធររដ្ឋាភិបាលបានធ្វើការបង្ក្រាបនិងដុតបំផ្លាញចោលនូវផលិតផលដែលមានផ្ទុកសារធាតុគីមី និងខូចគុណភាពជាហូរហែ។
របាយការណ៍របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា កាលពីឆ្នាំ២០១៧ ស្ថាប័ននេះបានរឹបអូសផលិតផលក្លែងក្លាយ រួមនឹងគ្រឿងទេសក៍ក្លែងក្លាយខុសច្បាប់ចំនួនប្រមាណ៦០០តោន។
ក្រោយមកនៅក្នុងឆ្នាំ២០១៨ សមត្ថកិច្ចបានរឹបអូសទំនិញក្លែងក្លាយ ហើយដុតបំផ្លាញចោលជាបន្តបន្ទាប់ ដែលមានជាង២០០តោនបន្ថែមទៀត ខណៈនៅដើម២០១៩នេះ សមត្ថកិច្ចក៏បានចុះចាប់ទំនិញក្លែងក្លាយរាប់រយតោនផ្សេងទៀតផងដែរ។
មកដល់ដើមឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងបានចូលរួមការដុតបំផ្លាញផលិតក្លែងក្លាយឬខូចគុណភាពទ្រង់ទ្រាយធំ ចំនួន៤ដងមកហើយ ប៉ុន្តែក្នុងចំណោម៤លើកនោះ គេមិនឃើញមន្ត្រីជំនាញចាប់អ្នកប្រព្រឹត្តយកមកផ្តន្ទាទោសឡើយ៕