29 C
Phnom Penh

លោក​ហ៊ុន សែន​និង​លោក​ស ខេង​រួមគ្នា​រៀបចំ​ប្ដឹង​លោក​សម រង្ស៊ី​ ទៅ​តុលាការ​ប្រទេស​បារាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​និង​លោក​ស ខេង​រួម​គ្នា​រៀបចំ​ប្ដឹង​លោក​សម រង្ស៊ី​ទៅ​តុលាការ​ប្រទេស​បារាំង​រឿង​លោក​សម រង្ស៊ី​ចោទ​លោក​ហ៊ុន សែន​ថា​ ជា​អ្នក​សម្លាប់​លោក​ហុក ឡងឌី។​

វិធាន​ការ​ផ្លូវ​ច្បាប់​នេះ​ត្រូវ​បាន​លោក​ហ៊ុន សែន​ប្រកាស​ជា​ផ្លូវការ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា។ ​​នេះ​បើ​តាម​ការ​អះអាង ​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផាន។​

អ្នក​នាំ​ពាក្យ​រូប​នេះឲ្យ​ដឹង​ទៀត​ថា​ គម្រោង​ប្តឹង​លោក​សម រង្ស៊ី​ទៅ​តុលាការ​ប្រទេស​បារាំង​បែប​នេះ​គឺ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជា​សកល​ ជូន​ លោក​ហ៊ុន សែន​ដែល​ត្រូវ​លោក​សម រង្ស៊ី​ចោទ​ប្រកាន់​ថា​ លោក​ជា​អ្នក​សម្លាប់​លោក​ហុក ឡងឌី​អតីត​អគ្គ​ស្នង​ការ​នគរបាល​ជាតិ។​

មុនពេល​លោក​ហ៊ុន សែន​សម្រេច​ប្តឹង​លោក​សម រង្ស៊ី​បែប​នេះ​ មេ​ដឹកនាំ​ដែល​មាន​ជំនឿ​លើ​ការស្បថ​ស្បែ​រូប​នេះ​បាន​បបួល​លោក​សម រង្ស៊ី​ស្បថ​ដាក់​ជីវិត​ខ្លួន​ឯង​ ក្រុម​គ្រួសារ ​និង​សាច់​ញាតិ​ ព្រម​ទាំង​មនុស្ស​ជំនិត​១០០​នាក់ ​បើ​ថា​ លោក​ពិត​ជាបាន​រៀបចំ​គម្រោង​សម្លាប់​លោក​ហ៊ុក ឡង់ឌី​ពិតមែន​នោះ។ ​ប៉ុន្តែ​លោក​សម រង្ស៊ី​មិន​បាន​ឆ្លើប​តប​និង​សំណើ​នេះ​ទេ។​

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ចាត់ទុក​ថា​ ការ​ស្បថ​គ្រាន់តែ​វិធី​បែប​កូន​ក្មេង​តែ​ប៉ុណ្ណោះ។​លោក​សម រង្ស៊ី​បាន​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​២​ខែ​មិថុនា ​ដោយ​ចោទ​ប្រកាន់​ថា​ លោក​ហ៊ុន សែន​ជា​អ្នក​បញ្ជា​ឱ្យ​សម្លាប់​លោក​ហុក ឡងឌី​ហើយ​ពេល​នេះថា​ កូន​ប្រុស​របស់​លោក​ហុក ឡងឌី​គឺ​លោក​ឌី វិជ្ជា​ដែល​ជាកូន​ប្រសារ​របស់​លោក​ហ៊ុន សែន​ដែរ​នោះ​កំពុង​រៀបចំ​ផែន​ការ​ជាមួយ​លោក​ស ខេង​ដើម្បី​រក​វិធី​សង​សឹក​លោក​ហ៊ុន សែន​វិញ។​

លោក​សម រង្ស៊ី​អះអាង​ថា ​ឃាតកម្ម​ទៅ​លើ​លោក​ហុក ឡង់ឌី​ដែល​រៀបចំ​ឡើង​ដោយ​លោក​ហ៊ុន សែន​នេះ​ដោយ​សារតែ​លោក​ហុក ឡងឌី​ដឹង​រឿង​អាក្រក់​របស់​លោក​ហ៊ុន សែន​ច្រើន​ពេក។​

លោក​ហុក ឡងឌី​ដែល​ជា​អគ្គ​ស្នងការ​នគបាល​ជាតិ​បាន​ស្លាប់​ក្នុង​ករណី​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​មួយ​កាលពី​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨​នៅ​ខេត្ត​ស្វាយរៀង។ ​របាយ​ការណ៍​របស់​សមត្ថកិច្ច​បញ្ជាក់​ថា​ ករណី​ស្លាប់​នេះ​ដោយ​សារ​បណ្តាល​មកពី​អាកាស​ធាតុ​អាក្រក់​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​រន្ទៈ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស