ពេលនេះកសិករដាំពោតកំពុងជួបវិបត្តិធ្ងន់ធ្ងរមួយទៀតហើយ គឺដង្កូវហ្វូងប្រភេទថ្មីឈ្មោះ Fall Armywormដែលកំពុងបំផ្លាញដំណាំពោតជាងមួយម៉ឺនហិកតាក្នុងខេត្តចំនួន៤។
មន្រ្តីជំនាញរបស់ក្រសួងកសិកម្មឲ្យដឹងថា វត្តមានដង្កូវហ្វូងប្រភេទថ្មីនេះបានរាតត្បាតបំផ្លាញដំណាំ ជាពិសេសដំណាំពោតយ៉ាងលឿន ស្របពេលដែលកម្ពុជាកំពុងមានអាកាសធាតុក្តៅ។
សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មដែលចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនានេះ ឲ្យដឹងថាខេត្តទាំងបួននោះរួមមានខេត្តបន្ទាយមានជ័យរងការខូចខាតដំណាំពោតច្រើនជាងគេ មានរហូតទៅដល់ ជិត៥ពាន់ហិកតា ខេត្តបាត់ដំបងជាង៣ពាន់ហិកតា ខេត្តប៉ៃលិនប្រហែល២ពាន់៥រយហិកតា និងខេត្តត្បូងឃ្មុំចំនួន៨៥០ហិកតា។
រហូតមកទល់ពេលនេះ ក្រសួងកសិកម្ម បានចាត់ឱ្យមន្រ្តីពាក់ព័ន្ធរៀបចំវិធានការទប់ស្កាត់ ស្រាវជ្រាវ អង្កេតពីកម្រិតបំផ្លាញរបស់ដង្កូវហ្វូងប្រភេទថ្មី និងជំរុញវិធានការការពារតាមរាជធានីខេត្តទាំងអស់។មន្រ្តីពាក់ព័ន្ធត្រូវជំរុញដល់ប្រជាពលរដ្ឋ ពិសេសប្រជាកសិករត្រូវសហការដើម្បីទប់ស្កាត់ និងកម្ចាត់ដង្កូវហ្វូងឱ្យបានទាន់ពេលវេលា។
ក្រសួងកសិកកម្មបង្ហាញថា ដង្កូវហ្វូងប្រភេទថ្មីនេះ ត្រូវបានចាត់ទុកជាសត្វល្អិតចង្រៃចម្បង មានដើមកំណើតនៅទ្វីបអាមេរិកខាងត្បូង ដែល វាអាចស៊ីបំផ្លាញដំណាំ និងរុក្ខជាតិជាង៨០ប្រភេទ ហើយពោតជាដំណាំដែលដង្វូវប្រភេទនេះចូលចិត្ត។ កង្កូវប្រភេទនេះបានឆ្លងរាលដាលពីតំបន់មួយទៅតំបន់មួយដូចជា អាហ្រ្វិកកណ្តាល អាហ្វ្រិកខាងលិចអាហ្វ្រិកខាងត្បូងរហូតមកដល់ប្រទេសឥណ្ឌា ចិន ស្រីលង្កា បង់ក្លាដេស និងប្រទេសក្បែរខាងកម្ពុជាគឺថៃ មីយ៉ាន់ម៉ា និងប្រទេសឡាវ៕