29 C
Phnom Penh

បណ្តាញ​សហគមន៍​ការពារ​ព្រៃឡង់​ បង្ហាញ​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ក្រោយ​បទ​ល្មើស​ព្រៃ​ឈើ​កាន់តែ​កើន​ឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​៤​ខេត្ត​រួម​មាន​ខេត្ត​កំពង់ធំ​ ព្រះវិហារ​ ស្ទឹងត្រែង​ និង​ខេត្ត​ក្រចេះ​បាន​បង្ហាញ​ក្តី​បារម្ភ​កាន់​តែខ្លាំង​ចំពោះ​វាសនា​ព្រៃឈើ​នៅ​តំបន់​ជម្រក​សត្វព្រៃ​មួយ​នេះ​ ដែល​កំពុង​មាន​បទ​ល្មើស​កើន​ឡើង​កាន់តែ​ខ្លាំង។​ ពួក​គេ​ក៏​បាន ចោទ​មន្រ្តី​ឧទ្យានុរក្ស​មួយ​ចំនួន​ថា​បាន​ព្រងើយ​កន្តើយ ​និង​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ផង​ដែរ។​

សេចក្ដី​ថ្លែង​ការណ៍​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ថ្ងៃនេះ​បាន​ឱ្យ​ដឹង​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​កំពុង​កើត​ឡើង​យ៉ាង​អាណាធិបតេយ្យ​ហើយ​គ្មាន​ការ​ទប់​ស្កាត់ពី​អាជ្ញាធរ​មូលដ្ឋាន ​និង​មន្ត្រី​ជំនាញ​នោះ​ឡើយ។​

សេចក្ដី​ថ្លែង​ការណ៍​នេះ​អះអាង​ថា ​សកម្មភាព​ល្មើស​ច្បាប់​អាណាធិប​តេយ្យ​នៅ​ព្រៃឡង់​មាន​ដូចជា ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ជាច្រើន​តាម​រយៈ​គោយន្ត​និង​ឧបករណ៍​សម្រួល​ដល់​ការ​កាប់​ឈើ ​កាត់​មុខ​ស្នាក់​ការ​យាមល្បាត​របស់​មន្រ្តី​ឧទ្យានុរក្ស​នីមួយៗ​ថែម​ទៀត។​

សហគមន៍​ព្រៃ​ឡង់​បន្ត​ថា​ ក្រៅ​ពីមិន​បាន​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​  ​អាជ្ញាធរ​ក៏​បាន​ជួយ​សម្រប​សម្រួល​ដល់​ពលរដ្ឋ​និង​អ្នក​មាន​អំណាច​ ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​ជារៀង​រាល់ថ្ងៃ​ផង​ដែរ។​

របាយ​ការណ៍​របស់​សហគមន៍​ព្រៃឡង់​ដដែល​បង្ហាញ​ថា​ ការ​ចុះ​ល្បាត​ព្រៃឡង់​ក្នុង​ឆ្នាំ​២០១៨​ ពួកគេ​បាន​ដក​ហូត​ម៉ាស៊ីន​រណារ​យន្ត​ចំនួន​៩៨​គ្រឿង ​រីឯ​កាលពី​ឆ្នាំ​២០១៧​ដក​ហូត​បាន​៥៦​គ្រឿង។ ​ចំណែក​ឈើ​អារ​ជ្រៀក​រួច​មាន​ចំនួន​ជិត​៦០​ម៉ែត្រ​គូប​(៥៩,៤៥)​ឈើ​កាត់​រំលំ​រួច​មាន​ចំនួន​៧៤​ដើម​និង​គល់​ឈើ​ទើប​កាត់​ថ្មី​មាន​ចំនួន​៧១៩​គល់។​

កាលពី​ពេល​ថ្មីៗ​នេះ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា​ បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​មាន​ការ​ថយចុះ​ ហើយ​ខាង​ក្រសួង​ក្នុង​អាណត្តិ​ថ្មី​នេះ​ ប្តេជ្ញា​ពង្រឹង​កិច្ច​ការពារ​និង​បង្ក្រាប​បទល្មើស​នៅ​តំបន់​នេះ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត។​ ទោះជា​បែប​នេះ​ក្តី​ សហគមន៍​ព្រៃឡង់​ទាំង​៤​ខេត្ត​ស្នើ​ទៅ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ចុះ​ទប់​ស្កាត់​ដោយ​ដក​ហូត​រណារ​យន្ត​ និង​សម្ភារៈ​ផ្សេង​ដែល​អាច​កាប់​បំផ្លាញ​ព្រៃ ​ហើយ​ចាត់​វិធាន​ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ដែល​បាន​អនុញ្ញាត​ ឱ្យមាន​ការ​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​តំបន់​ការពារ។​ បន្ថែម​ពី​នេះ​ ត្រូវ​អនុវត្ត​ទោស​ទណ្ឌ​លើ​មន្ត្រី​ ឧកញ៉ា​ធំៗ​ ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ដោយ​គ្មាន​ការ​យោគយល់។​

កាលពី​ឆ្នាំ ​​២០១៦​ រដ្ឋាភិបាល ​បាន​ចេញ​អនុក្រឹត្យ​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ ​ដែល​មាន​ផ្ទៃដី​ជាង​៤៣​ម៉ឺន​ហិកតា​(៤៣១,៦៨៣) ​គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ព្រះ​វិហារ​ ខេត្ត​កំពង់ធំ ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ក្រសួង​បរិស្ថាន​ ដោយ​មាន​ការ​​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត៕​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស