31 C
Phnom Penh

សមត្ថ​កិច្ច​ខេត្ត​កណ្តាល​នឹង​បញ្ជូន​ប៉ូលិស​ច្រក​ព្រំដែន​និង​បក្ខពួក៤​នាក់​ទៅ​តុលាការ​ពីបទ​ដាក់​ថ្នាំ​ក្រវី​ក្បាល​ឱ្យ​នារី​ខារ៉ាអូខេ​ម្នាក់​ផឹក​រហូត​ដល់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ដ្រី​នគរបាល​ច្រក​ទ្វារ​អន្ដរជាតិ​ក្អម​សំណ​ ក្នុង​ខេត្ត​កណ្តាល ​និង​បក្ខពួក​៤​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា​ លាយ​ថ្នាំ​ក្រវី​ជាមួយ​ស្រា ​ឲ្យ​នារី​ជា​បុគ្គលិក​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​៤នាក់​ផឹក​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ហើយ​៣​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម។​

សមត្ថ​កិច្ច​ខេត្ត​កណ្ដាល​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា​  ជន​សង្ស័យ​ទាំង​៤​នាក់​ ក្នុង​នោះ​មាន​មន្ត្រី​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ​នៃ​ក្រសួង​មហា​ផ្ទៃ​ចំនួន​៣​នាក់​ផង​ត្រូវ​បាន​បញ្ជូន​​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃ​នេះ​ ក្រោយ​ពី​រក​ឃើញ​ថា​ពួក​គេ​ឃុប​ឃិត​គ្នា​លាយ​សារ​ធាតុ​ញៀន​ម្យ៉ាង​ ​ឬ​ហៅ​ថា​ ថ្នាំ​គ្រវី​ជាមួយ​ស្រា​ឱ្យ​នារី​ខារ៉ាអូខេ​៤​នាក់​ផឹក​ ហើយ​បណ្តាល​នារី​ម្នាក់​ស្លាប់។​

សមត្ថ​កិច្ច​បញ្ជាក់​ថា ​ជន​សង្ស័យ​មាន​ចំនួន​៥​នាក់​ ប៉ុន្តែ​ចាប់​ខ្លួន​បាន​៤​នាក់​ ដោយ​ឡែក​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន​បាត់​ ខណៈ​សមត្ថ​កិច្ច​កំពុង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នោះ​ផង​ដែរ។​

កាល​ពី​ថ្ងៃ​ម្សិលមិញ ​សមត្ថ​កិច្ច​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល​ក្រោម​ការ​ដឹក​នាំ​​ផ្ទាល់​ដោយ​ព្រះ​រាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត​លោក​លាវ ស្រេង​បាន​ចុះ​ទៅ​ឆែក​ឆេរ​ទីតាំង​ខារ៉ាអូខេ​ឈ្មោះ​«ម៉ីម៉ី»​បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ទាក់ទង​ករណី​នារី​បម្រើ​ការ​ងារ​នៅ​ទីនោះ​បាន​ស្លាប់​ម្នាក់ ​និង​ធ្លាក់​ខ្លួន​ឈឺ​ចំនួន​៣​នាក់​ ដោយ​សង្ស័យ​ថា​ អាច​ជាប់​ពាក់ព័ន្ធ​ករណី​ដាក់​ថ្នាំ​ញៀន​ក្នុង​ស្រា​ដើម្បី​ឱ្យ​ពួក​គេ​ផឹក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស