33 C
Phnom Penh

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​គ្រុនឈាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ករណី​ជំងឺ​គ្រុង​ឈាម​បាន​កើត​ឡើង​ច្រើន​នៅ​ឆ្នាំ​នេះ​​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា​ក៏​បាន​បង្ហាញ​ក្តី​កង្វល់​ចំពោះ​ការ​ឈាន​ដល់​កម្រិត​រីករាល​ដាល​នៃ​ជំងឺ​នេះ​ផង​ដែរ។​

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​រំឭក​ដល់​ពលរដ្ឋ​ទាំង​អស់​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​គ្រុនឈាម​នេះ​ ដោយ​ត្រូវ​ចេះ​ការពារ​ខ្លួន​ឯង​កុំ​ឱ្យ​មូស​ខាំ​ផង​ដែរ។​

កាលពី​ដើម​ខែ​មីនា ​ក្រសួង​សុខាភិបាល​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​បញ្ជាក់​ថា​ នៅ​ដើម​ឆ្នាំ​២០១៩​នេះ ​នឹង​មាន​ករណី​ជំងឺ​គ្រុនឈាម​កើត​ឡើង​ច្រើន​ជាង​ឆ្នាំ​២០១៨ ​បើ​ប្រៀប​ធៀប​ពេល​វេលា​ដូច​គ្នា ។​ ក្រសួង​អះអាង​ថា ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ករណី​គ្រុន​ឈាម​ច្រើន​គឺ​​ដោយ​សារ​ការប្រែប្រួល​អាកាស​ធាតុ​ និង​ជម្រក​មូស​ខ្លា​តាម​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ។​

ក្រសួង​សុខាភិបាល​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ត្រូវ​ចូល​រួម​លុប​បំបាត់​ជម្រក​មូសខ្លា​និង​អនុវត្ត​នូវ​វិធាន​ការ​មួយ​ចំនួន​ដូចជា​ អាណាព្យាបាល​គ្រប់រូប​ត្រូវ​សហការ​ជាមួយ​បណ្ដាញ​ក្រសួង​សុខាភិបាល​ ដើម្បី​ដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវ​ទឹក។​

ចំណែក​ឯ​សម្ភារៈ​ដក់​ទឹក​ផ្សេង​ទៀត​ដែល​មិន​ប្រើ​ប្រាស់​ត្រូវ​កប់​ ឬ​ដុត​ចោល​កុំ​ឲ្យ​មាន​ទឹកដក់​និង​ជាពិសេស​សំបក​កង់ឡាន។ ​លើស​ពី​នេះ​ ត្រូវ​ប្រញាប់​បញ្ជូន​កូន​ឬ​អ្នក​ជំងឺ​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ក្បែរ​ផ្ទះ​ ករណី​សង្ស័យ​ថា​ មាន​ជំងឺ​គ្រុន​ឈាម​ជាដើម។​

យ៉ាងណា​អ្នក​ភូមិ​នៅ​តាម​ជន​បទ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ទោះបី​ស្ថានភាព​ជំងឺ​នេះ​រីក​រាល​ដាល​ខ្លាំង​នៅ​ពេល​ថ្មីៗ​នេះ​ពិសេស​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​ក្តី ប៉ុន្តែ​គេ​ពុំទាន់​ឃើញ​វិធាន​ការ​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​ឱ្យ​បាន​ទូលំ​ទូលាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ។

របាយ​ការណ៍​របស់​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា​ គិត​ចាប់​ពី​ខែ​មករា ដល់​ពាក់​កណ្តាល​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​ ​ករណី​ជំងឺ​គ្រុន​ឈាម​ បាន​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១៨​រហូត​ដល់​ទៅ​ជាង​៤​ដង​ដោយ​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​មាន​ចំនួន​ប្រមាណ​៩​ពាន់​នាក់​ និង​ស្លាប់​១៥​នាក់​នៅ​ទូទាំង​ប្រទេស៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស