ក្រសួងសុខាភិបាលអះអាងថា បន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅគឺគ្រាន់តែជាកន្លែងពិនិត្យរកមុខសញ្ញានៃជំងឺដោយមិនអនុញ្ញាតឲ្យអ្នកពិនិត្យឬអ្នកជំងឺសម្រាកព្យាបាលលើសពី២៤ម៉ោងឡើយ និងមិនអនុញ្ញាតឲ្យដាក់តាំងលក់ឱសថក្នុងបន្ទប់ពិគ្រោះព្យាបាលជំងឺទៀតផង។
លិខិតរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញបានព្រមានចំឈ្មោះកន្លែងពិគ្រោះ និងព្យាបាលជំងឺទូទៅឈ្មោះ «ហម ឡុង»នៅសង្កាត់មនោរម្យ ខណ្ឌ៧មករារាជធានីភ្នំពេញ ដែលបានអនុញ្ញាតឲ្យអ្នកជំងឺគ្រុនឈាមសម្រាកព្យាបាលរហូតដល់ទៅ៩ថ្ងៃ។
ក្រសួងលើកឡើងករណីនេះថាជាករណីខុសពីលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ដែលចុះនៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៨ ដោយហាមម្ចាស់បន្ទប់ពិគ្រោះជំងឺទូទៅ មានគ្រែសម្រាក និងព្យាបាលមិនឲ្យលើសពី២៤ម៉ោងឡើយ។
ក្រសួងសុខាភិបាលបញ្ជាក់ថា បើម្ចាស់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅមិនព្រមគោរពមានគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងចាត់វិធានការតាមច្បាប់។
ការចេញលិខិតព្រមាននេះធ្វើឡើងក្រោយពេលមានការផ្សព្វផ្សាយលើបណ្តាញសង្គមទាក់ទងករណីតវ៉ារបស់អ្នកជំងឺគ្រុនឈាមដែលបានសម្រាកនិងព្យាបាលនៅកន្លែងមួយនេះ ហើយត្រូវចំណាយការព្យាបាលនិងស្នាក់នៅរយៈពេល៩ថ្ងៃ រហូតដល់ជាង៥ពាន់ដុល្លារសហរដ្ឋអាមេរិក។
សង្គមស៊ីវិលគាំទ្រឱ្យមានចំណាត់ការផ្លូវច្បាប់ចំពោះទីតាំងព្យាបាល និងពិគ្រោះជំងឺទាំងឡាយណាដែលបានល្មើសច្បាប់ជាជាងគ្រាន់តែជាការព្រមាន។
ជាងនេះទៀតពួកគេក៏ស្នើឱ្យមានពិនិត្យឡើងវិញនូវរាល់ទីតាំងពិគ្រោះ និងព្យាបាលជំងឺទាំងឡាយឱ្យបានហ្មត់ចត់ ចៀសវាងពិនិត្យនៅក្រោយពេលដែលមានបញ្ហាកើតឡើងរួចទៅហើយនោះ៕