31 C
Phnom Penh

លោក​ហ៊ុន ម៉ានិត​ថា ​ព័ត៌មាន​ដែល​ថា ​លោក​មាន​១០០​លាន​ដុល្លារ​នៅ​ធនាគារ​អាមេរិក​ជា​ព័ត៌មាន​មិនពិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​លោក​ហ៊ុន សែន​គឺ​លោក​ហ៊ុន ម៉ានិត​អះអាង​ថា​ ​ព័ត៌មាន​ដែល​ថា​ លោក​មាន​១០០​លាន​ដុល្លារ​ក្នុង​ធនាគារ​TDBank ​របស់​អាមេរិក​ជា​ព័ត៌មាន​ក្លែងក្លាយ។​

ចំណែក​លោក​ហ៊ុន សែន​វិញ​ក៏​កំពុង​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អង្គការ​មួយ​ឈ្មោះ​«ខ្ញុំខ្មែរ»​ដោយ​លោក​ចោទ​ប្រកាន់​ថា ​ជាអ្នក​ដែល​បញ្ចេញ​ព័ត៌មាន​មិន​ពិត​នេះ​មុន​គេ។ ​លោក​ហ៊ុន សែន​អះអាង​ថា ​ មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​លោក​ហៅ​ថា​ ជា​គណបក្ស​ព្រះ​អាទិត្យ​លិច​ និង​តំណាង​អង្គការ​«ខ្ញុំខ្មែរ»​ឈ្មោះ​Tor Nimol​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​នេះ។​

កូន​ប្រុស​មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​ដែល​មាន​តួនាទី​ជា​ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ស្រាវ​ជ្រាវ​ចារ​កិច្ច​របស់​ក្រសួង​ការពារ​ជាតិ​រូប​នេះ​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​គ្មាន​ប្រាក់​១០០​លាន​ដុល្លារ​នៅ​ក្នុង​ធនាគារ​អាមេរិក​ឡើយ។​

កូន​ប្រុស​ទីពីរ​របស់​លោក​ហ៊ុន សែន​រូប​នេះ​ ចាត់​ទុក​ថា​​ព័ត៌មាន​ដែល​បង្ហោះ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​នេះ​ ​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឆាំង​ក្នុង​គោល​បំណង​បង្ខូច​ឈ្មោះ​ លាប​ពណ៌ ​បង្កើត​ជា​ការ​សង្ស័យ​ពី​សារធារណ​ជន។​

លោក​បន្ត​ថា​ ពេល​នេះ​លោក​កំពុង​តែ​ពិចារណា​ថា​តើ​គួរ​ប្រើ​នីតិវិធី​ជាមួយ​អង្គ​ការ​«ខ្ញុំខ្មែរ»​នេះ​ឬ​ក៏​ទុក​ចោល?​ ដោយ​សារ​ករណី​បែប​នេះ​មិន​មែន​ជា​លើក​ទី១​ទេ។​

ទោះ​ជាយ៉ាង​ណាក៏​ដោយ​លោក​ជា និច្ច ​ដែល​ជា​ប្រធាន​អង្គការ​«ខ្ញុំខ្មែរ»​បាន​ចេញ​វីដេអូ​ឃ្លីប​ បដិសេធ​ថា​ អ្នក​ដែល​បញ្ចេញ​ព័ត៌មាន​ដែល​ថា​ លោក​ហ៊ុន ម៉ានិត​មាន​លុយ​១​រយ​លាន​ដុល្លារ​ក្នុង​ធនាគារ​អាមេរិក​នោះ​មិន​មែន​ជា​បុគ្គលិក​អង្គការ​របស់​លោក​ទេ។​  លោក​បន្ត​ថា​ បុគ្គល​រូប​នោះ​គ្រាន់​តែ​ពាក់​អាវ​សរសេរ​ថា«ខ្ញុំខ្មែរ»ហើយ​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ។​ លោក​បន្ត​ថា​ អង្គ​ការ​របស់​លោក​មិន​មែន​ជា​អង្គការ​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ឬ​គ្រួសារ​របស់​លោក​ហ៊ុន សែន​នោះ​ឡើយ។​

ទោះជា​យ៉ាង​ណាក៏​ដោយ​ កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៦​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​Global Witness​បាន​រក​ឃើញ​ថា ​ក្រុម​គ្រួសារ​របស់​លោក​ហ៊ុន សែន​កំពុង​កាន់​កាប់​ក្រុមហ៊ុន​ និង​ភាគហ៊ុន​ដោយ​សម្ងាត់​ជាច្រើន​ ដែល​ក្រុម​ហ៊ុន​ខ្លះ​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ហើយ​ខ្លះទៀត​កំពុង​រំលោភ​ច្បាប់។ ​ប៉ុន្តែ​ទាំង​មន្រ្តី​រដ្ឋាភិបាល​និង​ក្រុម​គ្រួសារ​លោក​ហ៊ុន សែន​តែង​ចេញ​មុខ​ឆ្លើយ​បដិសេធ។​

Global Witness​រក​ឃើញ​ថា​ គ្រួសារ​ត្រកូល​«ហ៊ុន»​បាន​កាន់​កាប់​ផ្ទាល់​ ឬ​កាន់​កាប់​ដោយ​ផ្នែក​ក្នុង​ក្រុម​ហ៊ុន​ជាច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង​​២០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុម​ហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូច​ជា ​Apple, ​Unilever,​Visa,​Nestle, Honda​ និង​ក្រុម​ហ៊ុន​ចំនួន​១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។​ ចំនួន​ទឹក​ប្រាក់​ជាង​២០០​លាន​ដុល្លារ​នេះ​ជា​ចំនួន​ទឹក​ប្រាក់​ដែល​ដាក់​ចេញ​ឲ្យ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល«ហ៊ុន»​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជ​កម្ម ​ប៉ុន្តែ​អង្គការ​Global Witness​អះអាង​ថា ​ពួក​គេ​មាន​ភាគ​ហ៊ុន​ច្រើន​ជាង​នេះ​ហើយ​ដែល​មិន​ប្រកាស​ឲ្យដឹង​ជា​តម្លាភាព​ ប៉ុន្តែ​ប្រើ​អ្នក​ក្លែង​ក្លាយ​ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស