Opinion

តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​លោក​រ៉ាត់ រត្នមុនី​ឲ្យជាប់​ពន្ធនាគារ​២​ឆ្នាំ​

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​លោក​រ៉ាត់ រត្នមុនី​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ដោយ​ត្រូវ​អនុវត្ត​ទោស​ទាំង​ស្រុង​ និង​បង្គាប់​សងសំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​២​នាក់​ក្នុង​ម្នាក់​ទឹក​ប្រាក់​ចំនួន​៣៥​លាន​រៀល។​

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​លោក​កូយ សៅ​និយាយ​នៅ​ថ្ងៃ​ទី​២៦​ខែ​មិថុនា​នេះ​ថា ​តុលាការ​សម្រេច​ដូច្នេះ​ ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​សាក្សី ​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​អយ្យការ​សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ចុង​ចោទ​និង​ចម្លើយ​របស់​ជន​ជាប់​ចោទ​និង​ពិចារណា​ត្រឹមត្រូវ​តាម​ច្បាប់។​

ប៉ុន្តែ​លោក​រ៉ាត់ រត្នមុនី​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​បែប​នេះ​គឺ​អយុត្តិ​ធម៌​ណាស់​ចំពោះ​រូប​លោក​និង​បដិសេធ​ការ​ចោទ​ទាំង​នេះ​មក​លើ​រូប​លោក។​ លោក​រត្នមុនី​នៅតែ​ប្រកាន់​ជំហរ​ដដែល​ថា  ​លោក​គ្រាន់តែ​ជា​អ្នក​បកប្រែ​ធម្មតា​ហើយ​គ្មាន​ចំណែក​ណាមួយ​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ចងក្រង​និង​ខ្លឹមសារ​នៃ​រឿង«ម្តាយខ្ញុំ លក់ខ្ញុំ»​ដែល​ផលិត​ដោយ​សារ​ព័ត៌មាន​Russia Today​នោះ​ទេ។​

មេធាវី​ការពារ​ក្តី​លោក​រត្នមុនី​គឺ​លោក​ឡោ ជុនធី​ឲ្យ​ដឹង​ថា ​លោក​មិន​ពេញ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​បែប​នេះ​ទេ​ ដោយ​លោក​នៅតែ​អះអាង​ថា​ កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។​

លោក​នឹង​ប្តឹង​ទាស់​ការ​សម្រេច​របស់​តុលាការ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ទៅ​សាលា​ឧទ្ធរណ៍។ ​ក្រុម​អង្គការ​អន្តរ​ជាតិ​នានា​ចាត់​ទុក​ថា​  ការ​ចាប់​ខ្លួន ​និង​ការ​ចោទ​ប្រកាន់​មក​លើ​មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ ​គឺ​ជា​រឿង​អយុត្តិ​ធម៌​ និង​ទាមទារ​ឲ្យ​តុលាការ​ទីក្រុង​ភ្នំពេញ​ដោះលែង​សកម្ម​ជន​សិទ្ធិ​ការងារ​រូប​នេះ​ឲ្យ​មាន​សេរីភាព​ជា​បន្ទាន់។​

នាយក​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ី​អាគ្នេយ៍​លោក​នីកូឡាស បេគីលីន​(Nicholas Bequelin)​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣០​ឧសភា ​ថា​  លោក​រ៉ាត់ រត្នមុនី ​បាន​ជាប់​ទោស​ដោយ​សារ​តែ​តួ​នាទី​របស់​លោក​ក្នុង​ការ​បង្ហាញ​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​តក់​ស្លុត​ ស្ដីពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​នៅ​កម្ពុជា។ ​លោក​បន្ត​ថា​ បទ​ចោទ​ប្រកាន់​ក្លែង​ក្លាយ​លើស​កម្មជន​សិទ្ធិ​ការងារ​រូប​នេះ​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​អ្នក​ដែល​ចូលរួម​លាត​ត្រដាង​ការណ៍​ពិត​អំពី​បញ្ហា​ដែល​កំពុង​រីក​រាលដាល ​និង​ភាព​អ​សកម្ម​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.