ក្រសួងសុខាភិបាលត្រៀមថ្នាំអាបែត១៨៤តោន ចែកជូនពលរដ្ឋដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម នារដូវវស្សានេះដែលជាពេលផ្ទុះជំងឺគ្រុនឈាម។
ការបើកយុទ្ធនាការចុះចែកថ្នាំនេះ ធ្វើឡើងបន្ទាប់ពីជំងឺគ្រុនឈាមបានផ្ទុះឡើង នៅទូទាំងប្រទេសចំនួន១ម៉ឺន៣ពាន់ករណី ដោយសម្លាប់មនុស្សចំនួន២៤នាក់ ដែលចំនួននេះកើនឡើងប្រមាណ ៥ ដង បើធៀបនឹងឆ្នាំ២០១៨កន្លងមក។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ លោកវេជ្ជបណ្ឌិតហ៊ុយ រ៉េកុលឲ្យដឹងថា ក្រៅពីចុះចែកថ្នាំហើយ មន្រ្តីជំនាញនឹងចុះបាញ់ថ្នាំបង្កាតាមផ្ទះពលរដ្ឋ ដើម្បីការពារជំងឺគ្រុនឈាមកុំឱ្យរាតត្បាត។
លោកវេជ្ជបណ្ឌិតបន្តទៀតថា ក្រសួងសុខាភិបាលបានបញ្ជូនគ្រូពេទ្យជាច្រើននាក់ទៅប្រចាំការនៅទីតាំងដែលផ្ទុះជំងឺគ្រុនឈាម ដើម្បីជួយធ្វើអន្តរាគមន៍ព្យាបាលឱ្យបានទាន់ពេលវេលា។ ជំងឺគ្រុនឈាម បានផ្ទុះឡើងកាលពីចុងខែឧសភានៅក្នុងស្រុកនិងក្រុងចំនួន៣ នៃខេត្តរតនគិរីក្នុងនោះមានស្រុកវើនសៃស្រុកបកែវ និងក្រុងបានលុង។ ក្រៅពីខេត្តរតនគិរីជំងឺនេះក៏បានផ្ទុះនៅខេត្តក្រចេះផងដែរ។
មន្រ្តីជំនាញអះអាងថា ជំងឺគ្រុនឈាមតែងតែផ្ទុះឡើងរៀងរាល់៤ទៅ៥ឆ្នាំម្ដង។ ជំងឺគ្រុនឈាមមិនមែនឆ្លងពីមនុស្សម្នាក់ទៅម្នាក់ដោយផ្ទាល់នោះទេគឺជំងឺនេះត្រូវបានចម្លងតាមរយៈការខាំរបស់សត្វមូសខ្លាញីដែលវាមានឈ្មោះជាភាសាបច្ចេកទេសហៅថា អាអេដែស អាអេហ្ស៊ីបស៊ី(AedesAegypti)។
នៅពេលរដូវធ្លាក់ភ្លៀងមានទឹកដក់ មានជម្រកមូសគឺជាពេលដែលជំងឺនេះរាតត្បាត។ មន្ត្រីជំនាញជំរុញឲ្យពលរដ្ឋលុបបំបាត់នូវទីជម្រកមូសពងដែលអាចបង្កើតជាដង្កូវទឹក ជាពិសេសព្រៃជុំវិញផ្ទះ សំបកកង់ឡានចាស់ៗសំបកកំប៉ុងចាស់ៗ ការគ្រប់គ្រង និងលុបបំបាត់ដង្កូវទឹក។ការប្រើថ្នាំបាញ់សម្លាប់សត្វមូស។ យុទ្ធនាការអប់រំនិងការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋទូទៅតាមរយៈបណ្តាញផ្សព្វផ្សាយបណ្តាញសង្គម សាលារៀន និងយុទ្ធនាការផ្សេងៗក្នុងសហគមន៍ជាដើម៕