35 C
Phnom Penh

អ្នក​វិភាគ​លើក​ឡើង​ថា​ គ្រួសារ​និង​ជនរង​គ្រោះ​មិន​អាច​ស្ងប់​ចិត្ត​ បើ​គ្មាន​យុត្តិធម៌​ករណី​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហនុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ព្រមាន​ថា​ ករណី​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហនុ​នឹង​ធ្វើ​ឱ្យ​រាស្ត្រ​ កាន់​តែ​អស់​ជំនឿ​លើ​រាជការ​ ហើយ​រាជការ​នឹង​កាន់តែ​ពិបាក​គ្រប់​គ្រង​ស្ថាន​ការណ៍​ ប្រសិន​បើ​សំណុំ​រឿង​នេះ​គ្មាន​ការ​ស៊ើប​អង្កេត​ច្បាស់លាស់ ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ និង​គ្មាន​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ជន​រងគ្រោះ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ បាន​សរសេរ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា​ រាស្ត្រ​នឹង​តវ៉ា​ចំពោះ​បញ្ហា​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ ​ហើយ​កាន់តែ​អស់​ជំនឿ​លើ​រដ្ឋ​ ប្រសិន​បើ​ការ​ស៊ើប​អង្កេត​គ្មាន​ភាព​ច្បាស់លាស់​ និង​មិន​អាច​រក​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ។​

យ៉ាង​ណា​ក៏​ដោយ ​លោក​ស្វាគមន៍​អបអរ​សាទរ​ និង​សរសើរ​ដល់​ការ​ផ្តល់​ជំនួយ​បន្ទាន់​ ជា​លុយកាក់​ និង​សម្ភារ:​ជួយ​ដល់​គ្រួសារ​អ្នក​រង​គ្រោះ​ស្លាប់ ​និង​អ្នក​របួស​ក្នុង​គ្រោះ​ថ្នាក់​បាក់​រលំ​អគារ​កំពុង​សាង​សង់​ នៅ​ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មិថុនា។​

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ​ករណី​ស្លាប់​ ពលរដ្ឋ​ជាង​៣​រយ​នាក់​លើ​ស្ពាន​កោះពេជ្រ​ ក្រុង​ភ្នំពេញ ​ក្នុង​ពិធី​បុណ្យ​អុំទូក​កាល​ពី​ឆ្នាំ​២០១០​ ដោយ​ថា​ សាធារណ​ជន​នៅតែ​មិន​អស់​ចិត្ត​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។​

លោក​បន្ត​ថា ​ទោះជា​ជំនួយ​ជួយ​ដល់​ជន​រង​គ្រោះ​ពេល​នេះ​មាន​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​ណាក៏​ដោយ ​ក៏​មិន​អាច​ទិញ​ និង​លុប​បំបាត់​ចោល​បាន​នូវ​បញ្ហា​ដ៏​ចម្រូង​ចម្រាស​ប្រកប​ដោយ​អាថ៌​កំបាំង​ជុំវិញ​មូលហេតុ​ និង​ការ​ទទួល​ខុស​ត្រូវ​ពាក់​ព័ន្ធ​នឹង​សោក​នាដកម្ម​លំដាប់​ជាតិ ​ដែល​កើត​មាន​នៅ​ក្រុង​ព្រះ​សីហនុ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មិថុនា​នោះ​បាន​ឡើយ។​

លោក​យល់​ថា ​ដើម្បី​ឱ្យ​គ្រួសារ​ជនរង​គ្រោះ​និង​សាធារណ​ជន​ស្ងប់ចិត្ត​ លែង​គិត​អំពី​សោកនាដ​កម្ម​មួយ​នេះ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​គឺ​មាន​តែ​ការ​ស៊ើប​អង្កេត​បើក​ចំហ ​និង​ជា​សាធារណ: ​ដោយ​មាន​អ្នក​ជំនាញ​ឯករាជ្យ​មួយ​ក្រុម​ ស្រាវ​ជ្រាវ​អំពី​ការ​បាក់​រលំ​អគារ​ដែល​កំពុង​សាង​សង់​នៅ​ក្រុង​ព្រះ​សីហនុ​នោះ​ ទៅ​តាម​នីតិវិធី​និង​តាម​ដំណាក់​កាល​នីមួយៗ។​

ចំណែក​របាយ​ការណ៍​ពិស្តារ​នៃ​ការ​ស៊ើប​អង្កេត​នេះ​ត្រូវ​ផ្សព្វ​ផ្យាយ​ជា​សាធារណ:​ដើម្បី​ឲ្យ​រាស្ត្រ​បាន​ដឹង ​បាន​អស់​ចិត្ត ​បាន​ស្ងប់ចិត្ត​ ហើយ​នៅ​ទីបំផុត​ ពលរដ្ឋ​នឹង​មាន​ការ​ជឿទុក​ចិត្ត​លើ​រដ្ឋាភិបាល​ឡើង​វិញ។​
លោក​បន្ត​ថា ​ការណ៍​ពិត​ដែល​បាន​មក​ពី​ការ​ស៊ើប​អង្កេត​នេះ​ គឺ​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ការ​រក​យុត្តិ​ធម៌​និង​ការ​ដោះ​ស្រាយ​បញ្ចប់​ជា​ស្ថាពរ​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពាះ​ការ​ស្លាប់​ និង​ការ​រង​របួស​ដោយ​ការ​បាក់​រលំ​អគារ​ដែល​កំពង់​សាង​សង់​នោះ។​

យ៉ាង​ណាក៏​ដោយ ​កាលពី​ថ្ងៃ​ទី​២៤​ខែ​មិថុនា​ក្រោយ​បញ្ចប់​បេសក​កម្ម​ស្វែង​រក​ជន​រង​គ្រោះ​ក្នុង​គំនរ​អគារ​បាក់​រលំ ​លោក​ហ៊ុន សែន​បាន​លើក​ឡើង​ថា​ បេសក​កម្ម​ស្វែង​រក​ជន​រង​គ្រោះ​បាន​បញ្ចប់​មែន​ ប៉ុន្តែ​បេសក​កម្ម​ស្វែង​រក​ការណ៍​ពិត​ជុំវិញ​ករណី​នេះ ​គឺ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។​

មិនតែ​ប៉ុណ្ណោះ​លោក​បាន​បញ្ជា​ឱ្យ​រដ្ឋ​មន្ត្រី​រៀបចំ​ដែន​ដី​ នគរូបនីយ​កម្ម​និង​សំណង់​លោក​ជា សុផារ៉ា​បង្កើត​គណៈ​កម្មការ​ជាតិ​បន្ទាន់​មួយ​ដើម្បី​ស្រាវជ្រាវ​ និង​សិក្សា​រាល់​សំណង់​ដែល​កំពុង​សាង​សង់​នៅ​ទឹក​ដី​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សំណង់​ដែល​ខុស​ច្បាប់​ផង​ដែរ។​

កាល​ពី​ថ្ងៃ​ទី​២២​មិថុនា​ សំណង់​អគារ​ដែល​ជា​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​កំពុង​សាងសង់​នៅ​សង្កាត់​លេខ​៤​ក្រុង​ព្រះ​សីហនុ​ ត្រូវ​បាន​បាក់​រលំ​ទាំង​ស្រុង​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន​២៨​នាក់​ស្លាប់​ និង​ ២៦​ នាក់​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល។​

ក្រោយ​ឧប្បទ្ទេវ​ហេតុ​នេះ​ រដ្ឋាភិបាល​ប្រកាស​ផ្តល់​ថវិកា​ដល់​គ្រួសារ​សព​ដោយ​ម្នាក់ៗ​ទទួល​បាន​ទឹក​ប្រាក់​ជាង​៧​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​ហើយ​អ្នក​រង​របួស​ម្នាក់ៗ​ទទួល​បាន​ជាង​១​ម៉ឺន​ដុល្លារ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស