សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជានាថ្ងៃនេះ បានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះការកាត់ទោសឱ្យប្រធានសហព័ន្ធសហជីពសំណង់កម្ពុជាលោករ៉ាត់ រត្នមុនីឲ្យជាប់ពន្ធនាគារ២ឆ្នាំដោយគ្រាន់តែលោកបានជួយនៅក្នុងការផលិតភាពយន្តឯកសារ ស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជាឲ្យបណ្តាញសារព័ត៌មានRussia Today(RT)។
ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃនេះ បានលើកឡើងថារបាយការណ៍ស្តីពីសវនាការរបស់លោករត្នមុនីបញ្ជាក់ថា ប្រធានសហជីពរូបនេះ មិនបានទទួលបានការធានាលើសវនាការប្រកបដោយយុត្តិធម៌ទេ ហើយថា ការដាក់ទោសលោកដោយតុលាការក្រុងភ្នំពេញគឺ រឹតតែធ្វើឲ្យគេបាត់បង់ជំនឿលើប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាថែមទៀត។
សហរដ្ឋអាមេរិកគាំទ្រសេរីភាពក្នុងការបញ្ចេញមតិនៅទូទាំងពិភពលោកដោយចាត់ទុកថា វាជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចតាមលទ្ធិប្រជាធិបតេយ្យ។
ជាងនេះទៅទៀត អាមេរិកក៏ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យមនុស្សគ្រប់រូបអនុវត្តដោយសេរីនូវសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារនៅក្រោមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ដោយគ្មានរងការគំរាមកំហែង និងសងសឹក។
ប្រទេសមហាអំណាចមួយនេះបញ្ជាក់ថា សេរីភាពក្នុងការបញ្ចេញមតិមានសារៈសំខាន់ចាំបាច់ណាស់ដល់ការចងក្រងឯកសារនិងលើកកម្ពស់ការយល់ដឹងទៅលើបញ្ហាជួញដូរមនុស្សក្នុងប្រទេសកម្ពុជា។
សារព័ត៌មានVODបានដកស្រង់សម្តីលោកជិន ម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌ចុះផ្សាយថា ស្ថានទូតអាមេរិកកំពុងជ្រៀតជ្រែកកិច្ចការរបស់តុលាការដោយមិនបានផ្អែកលើមូលដ្ឋានច្បាប់ ហើយថា ការលើកឡើងរបស់ស្ថានទូតអាមេរិកខុសពីការណ៍ពិតទាក់ទងនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា។
កាលពីថ្ងៃពុធទី២៦ខែមិថុនាកន្លងទៅសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោករ៉ាត់ រត្នមុនីឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំពីបទ «ញុះញង់ឲ្យមានការរើសអើង»ដោយចោទថា លោកបានបំពេញការងារជាមួយបណ្តាញសារព័ត៌មានRT អំឡុងពេលផលិតភាពយន្តឯកសាររឿង«ម្តាយខ្ញុំ លក់ខ្ញុំ»ដែលនិយាយអំពីរឿងរ៉ាវរបស់ក្មេងស្រីកម្ពុជា ដែលបានលក់ខ្លួនដើម្បីជួយសម្រាលភាពក្រីក្រក្នុងគ្រួសាររបស់ពួកគេ។
ទោះជាយ៉ាងណា ក្រោយការសម្រេចនេះស្ថាប័នបណ្តាញសារព័ត៌មានRTបានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសអ្នកបកប្រែជនជាតិខ្មែរឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ជុំវិញការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងការផលិតភាពយន្តឯកសារមួយនេះនៅកម្ពុជានោះ។
ម្យ៉ាងទៀត សាលក្រមសម្រេចនេះ ក៏រងការរិះគន់ជាបន្តបន្ទាប់ពីអង្គការអន្តរជាតិ ដូចជាអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ឬ ហៅថា Reporters Without Border និងអង្គការ Human Right Watch ជាដើម ដែលចាត់ទុកសាលក្រមនេះថា ជាសាលក្រមអយុត្តិធម៌ ជាសវនាការក្លែងក្លាយ និងជាការប្រមាថដល់សេរីភាពសារព័ត៌មានធ្ងន់ធ្ងរ៕