31.8 C
Phnom Penh

សាធារណៈជន ខកចិត្តចំពោះការឃុំខ្លួន យុវជនពីរនាក់ ពាក់ព័ន្ធករណីរំលឹកខួបបណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណៈជន អ្នកនយោបាយ និងអង្គការ សង្គមស៊ីវិល បានសម្តែងការខកចិត្ត ចំពោះវិធានការរបស់អាជ្ញាធរ និងតុលាការ ដែលចោទប្រកាន់ទៅលើយុវជនកែម ឡី និយមពីររូប គឺលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាថ៌តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់នេះ ដោយគ្រាន់តែពួកគេបានបង្ហោះការលក់អាវយឺតដែលមានសារ និងរូបលោកបណ្ឌិត កែម ឡី និងការព្យាយាមចូលរួមគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី នៅកន្លែងធ្វើឃាតលោកកាលពី៣ឆ្នាំមុន ក្នុងបរិវេណស្តារម៉ាត នៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចកណ្តាលទីក្រុងភ្នំពេញ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះជាច្រើន បានលើកឡើងនូវការមិនពេញចិត្តចំពោះវិធានការរបស់តុលាការទៅលើយុវជនកែម ឡី និយមទាំងពីររូបនេះ ដោយពួកគេចាត់ទុកថាជារឿងអយុត្តិធម៌ និងមិនសមហេតុផលឡើយ។

បន្ថែមពីនេះ ពួកគេថាហាក់ងឿងឆ្ងល់កាន់តែខ្លាំងអំពីវិធានការផ្លូវច្បាប់នៅកម្ពុជា ថាចេះតែចម្លែកឥតឈប់ឈរ និងចេះតែបង្កើតភាពឈឺចាប់ដល់ពលរដ្ឋទន់ខ្សោយ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ឥតស្រាកស្រាន្ត។ លើសពីនេះទៅទៀត អ្នកលេងហ្វេសប៊ុកទាំងនោះក៏បានបង្ហាញការឈឺចាប់ចំពោះអំពើអយុត្តិធម៌នេះផងដែរ។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេសលោក សោរ ចាន់ដេត បានយករូបភាព លោកគង់ រ៉ៃយ៉ា ជាប់ខ្នោះកំពុងថើបកូន មុនពេលចូលទៅសាលាដំបូងរាជធានីភ្នំពេញ និង មួយសន្លឹកទៀត គឺរូបក្រុមគ្រួសារលោកហ៊ុន សែន កំពុងជួបជុំគ្នា ដោយរីករាយ។ លោកបានលើកឡើងថា រស់ក្រោមដំបូលតែមួយ ហើយមនុស្សគ្រប់រូបមានមនោសញ្ចេតនាដូចគ្នា ហេតុអ្វីសេចក្ដីស្រលាញ់ នៅក្នុងសង្គមកម្ពុជាយើងមួយនេះ មានការបែងចែងខុសឆ្ងាយគ្នាម្លេះ? លោកបានចោទជាសួរជាសំណួរថា តើអាចមានកម្មពៀរដែរឬទេ? តើយុវជន គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធខុសអី បំផ្លាញជាតិ ឬសម្លាប់ប្រជាពលរដ្ឋណាម្នាក់មែនឬទេ?

លោកគង់ រ៉ៃយ៉ា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់អំពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាថ៌តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃម្សិលមិញ។

ដោយឡែកនៅថ្ងៃនេះ តុលាការក្រុងភ្នំពេញដដែល ក៏បានចោទប្រកាន់យុវជន សួង នាគព័ន្ធ ជុំវិញបទចោទប្រកាន់ដូចគ្នា និងសម្រេចឃុំខ្លួននៅគុកព្រៃសដូចគ្នាផងដែរ។

នៅថ្ងៃនេះដែរ អង្គការ សហជីព សមាគម សហគមន៍ជាតិនិងអន្តរជាតិជិត១០០ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយចាត់ទុកចំណាត់ការលើយុវជនកែម ឡី និយមទាំងពីររូបនោះ ថាជារឿងអយុត្តិធម៌បំផុត និងសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កងកម្លាំងសន្ដិសុខដោយមិនសមហេតុផល ក្នុងអំឡុងពេលប្រារព្ធពិធីរំលឹកខួប៣ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី និងករណីចោទប្រកាន់ ព្រមទាំងឃុំខ្លួនយុវជន កែម ឡី និយម២នាក់ផងដែរ ។

អ្នកវិភាគនយោបាយឥតសំចៃមាត់រូបនេះ ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃត្រង់កាលពីខែកក្កដា ឆ្នាំ២០១៦ ដោយករណីនេះ នៅមិនទាន់មានការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ និងឯករាជ្យនៅឡើយ។

ក្រុមសង្គមស៊ីវិលអះអាងថា រដ្ឋាភិបាលកាន់តែបង្កើនការរឹតត្បិតសេរីភាពនៃការជួបប្រជុំ តាមរយៈការដាក់ទោសទណ្ឌ គឺជាអំពើរគំរាមកំហែងធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ចំពោះលំហដែលនៅសល់តិចតួចសម្រាប់សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។

អង្គការ សង្គមស៊ីវិលទាំងនេះ ក៏បានទទូចឱ្យអាជ្ញាធរដោះលែងលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ពីការឃុំខ្លួនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយទម្លាក់ចោល បទចោទលើអ្នកទាំងពីរ។

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថាការចោទប្រកាន់យុវជនទាំងពីររូបនេះ អំពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាថ៌ គឺផ្ទុយពីសកម្មភាពជាក់ស្តែងរបស់ពួកគេ ដោយគ្រាន់តែបានចូលរួមប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងការជួបជុំរបស់ខ្លួនដោយសន្តិវិធី។

លោកអះអាងថា ករណីនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស ពិសេសសិទ្ធិក្នុងការបញ្ចេញមតិ និងការជួបជុំ ព្រមទាំងជាការបង្ហាញកាន់តែច្បាស់បន្ថែមទៅកាន់សហគមន៍អន្តរជាតិ ចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដូចអ្វីដែលពួកគេកំពុងចោទប្រកាន់មកលើរដ្ឋាភិបាលផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស