27 C
Phnom Penh

លិខិតអ្នកតាមដាន The Cambodia Daily៖ ការផ្លាស់ប្តូរគឺជាបំណងប្រាថ្នារបស់លោកបណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លិខិតជូនការីនិពន្ធសាព័ត៌មានរបស់ The Cambodia Daily ពីលោក ហឿន វឹក ប្រធានអង្គការសម្លេងខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ(KVD) ក្នុងរដ្ឋវ៉ាស៊ីនតុន។ លិខិតនេះមានចំណងជើងថា ការផ្លាស់ប្តូរគឺជាបំណងប្រាថ្នារបស់លោកបណ្ឌិត កែម ឡី!

លោកបណ្ឌិត កែម ឡី ខិតខំនិងលះបង់គ្រប់យ៉ាងដើម្បីបំរើជាតិ ជាពិសេសចង់ឃើញការរស់នៅក្នុងភាពថ្លៃថ្នូរដោយមានរដ្ឋាភិបាល ប្រជាធិបតេយ្យមួយដែលមានឆន្ទៈបំរើប្រជាពលរដ្ឋនិងការពារទឹកដីពិតប្រាកដ។ ប៉ុន្តែបំណងប្រាថ្នារបស់លោកបណ្ឌិត កែម ឡី ដើម្បីអត្ថប្រយោជន៍ជាតិខ្មែរនេះបានធ្វើអោយអ្នកកាន់អំណាចមិនពេញចិត្ត ហើយរបបលោក ហ៊ុន សែនបានគំរាមកំហែងលោកបណ្ឌិត កែម ឡីជាបន្តបន្ទាប់ ព្រោះរបបនេះបរាជយ័ក្នុងការបំរើជាតិ និងមិនអាចដឹកនាំប្រទេសឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យឡើយ។

ទោះបីស្ថិតក្រោមការគំរាមកំហែងនិងការប្រឈមគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏លោកបណ្ឌិត កែម ឡីនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីផ្តល់ការស្រាវជ្រាវ និងផ្តល់ការវិភាគវាយតម្លៃអំពីស្ថានការណ៍ពិតដែលកើតមានឡើងនៅកម្ពុជា ប៉ុន្តែជាអកុសល លោ               កណ្ឌិតត្រូវបានគេសំលាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

មុននឹងគេសំលាប់ លោកបណ្ឌិត កែម ឡីបានផ្តាំខ្មែរថា “ជូតទឹកភ្នែក រួចបន្តដំណើរទៅមុខ”។ បណ្តាំនេះអាចឆ្លុះបញ្ចាំងថា លោកបណ្ឌិតចង់អោយខ្មែរបន្តបេសកកម្មរបស់លោក រហូតដល់មានការផ្លាស់ប្តូរនៅ កម្ពុជា។ បណ្តាំនេះក៏អាចបង្ហាញពីការយល់ឃើញរបស់លោកបណ្ឌិតថា មានតែការមានការផ្លាស់ប្តូររបបបច្ចុប្បន្នទេ ដែលអាចនាំមកនូវភាពប្រសើរឡើងសំរាប់ប្រជាជាតិខ្មែរ។

ចុះហេតុអ្វីបានអ្នកដែលមានបំណងប្រាថ្នាល្អនិងការលះបង់សំរាប់ជាតិបែបនេះត្រូវបានគេសម្លាប់ទៅវិញ? តើនរណាជាឃាតករពិតប្រាកដដែលសម្លាប់លោកបណ្ឌិត កែម ឡី?

ថ្វីបើសំណួរនេះជាសំណួរពិបាកឆ្លើយក៏ពិតមែន ប៉ុន្តែវាមានបច្ចយ័ខ្លះដូចខាងក្រោមនេះ សំរាប់ធ្វើការពិចារណា៖

១) អ្វីដែលលោកបណ្ឌិត កែម ឡីបានធ្វើនៅមុនពេលស្លាប់នោះគឺមានការប៉ះពាល់ដល់អ្នកមានអំណាចក្នុងរបបគ្រប់គ្រងបច្បបន្ន ជាពិសេសគឺលោក ហ៊ុន សែនផ្ទាល់ ក្រុមគ្រួសារនិងបក្សពួករបស់គាត់។

២) ក្រោយពីការស្លាប់របស់លោកបណ្ឌិត កែម ឡី ថ្មីៗ ទូរទស្សន៍អាលហ្សាហ្ស៊ីរ៉ា(AlJazeera)បានផ្សាយនូវពត៌មានស៊ើបអង្កេតមួយរបស់ខ្លួនដោយបង្ហាញអំពីភាពមន្ទិលនៃការពាក់ពន្ធ័អំពើឃាតកម្មនេះជាមួយនឹងការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន និងមុខជំនួញនៃក្រុមគ្រួសាររបស់គាត់។

៣) ក្រៅពីនេះ ភាពមន្ទិលជាច្រើនទៀតក៏ត្រូវបានគេលើកឡើងជុំវិញឃាតករសប្បនិម្មិតឈ្មោះ ជួប សម្លាប់ ដូចដែលគេធ្លាប់ធ្វើចំពោះលោក ប៊ន សុំណាង និងលោក សុខ សំអឿនដែលជាឃាតករក្លែងក្លាយនៅក្នុងសំណុំរឿងសម្លាប់លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ ដែរ។ ដូចសពលោក ជា វិជ្ជា ដែរ ភ្លាមៗក្រោយការសម្លាប់ សពលោកបណ្ឌិត កែម ឡី ត្រូវបានអាជ្ញាធររបស់លោក ហ៊ុន សែន មានបំណងដឹកយកទៅបូជាចោល ប៉ុន្តែត្រូវបានមហាជនរារាំងទាន់ពេលវេលា។

សំណួរសួរថា តើហេតុអ្វីបានជាលោក ហ៊ុន សែនចង់បូជាសពលោកបណ្ឌិតភ្លាមៗ ដោយមិនមានការសួយោបល់ពីក្រុមគ្រួសារបែបនេះ?

៤) អ្វីដែលធ្វើអោយគេកាន់តែមានការសង្សយ័ថែមទៀតនោះគឺ ការហាមឃាត់ជាលក្ខណៈប្រពន្ធ័នៅទូទាំងប្រទេស មិនឱ្យធ្វើពិធីគោរពវិញ្ញាណខន្ធ័ជូនលោកបណ្ឌិត កែម ឡី ឬ ពាក់អាវយឺតដែលមានរូបលោក បណ្ឌិត ក្នុងឧិកាសខួបបីឆ្នាំនៃអំពើឃាតកម្មនេះឡើយ។ ជាក់ស្តែង អ្នកដែលបានទៅសម្តែងការគោរពលោកបណ្ឌិត កែម ឡីនៅឯស្តុប កែម ឡី ឬស្តុប បូកគោ ដោយមិនអើពើនឹងបំរាមរបស់របបលោក ហ៊ុន សែន ត្រូវបានគេបង្ក្រាបនិងចាប់ខ្លួន។ សំណួរសួរថា តើហេតុអ្វីបានជារបបលោក ហ៊ុន សែនហាមឃាត់បែបនេះ?

យើងយល់ថា យុត្តិធម៌សំរាប់លោកបណ្ឌិត កែម ឡីមិនអាចកើតមានទេ ដរាបណាលោក ហ៊ុន សែន នៅតែបន្តកាន់អំណាច ហើយបំណងប្រថ្នារបស់លោកបណ្ឌិតដែលចង់ឃើញប្រជាពលរដ្ឋខ្មែររស់ដោយថ្លៃថ្នូរក្នុងសង្គមប្រជាធិបតេយ្យក៏មិនកើតមានដែរ។

ហេតុដូច្នេះ ដើម្បីតបស្នងសងគុណនិងបំពេញបំណងរបស់លោកបណ្ឌិត កែម ឡី យើងខ្ញុំសូមអំពាវដល់ជនរួមជាតិខ្មែរទាំងអស់ចូលរួមជំរុញអោយមានការផ្លាស់ប្តូរនៅកម្ពុជាដោយមានការដោះលែងលោក កឹម សុខា និងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

នេះជាទស្សនៈផ្ទាល់របស់ លោក ហឿន វឹក ប្រធានអង្គការសម្លេងខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ(KVD) ដែលមានមូលដ្ឋានក្នុងរដ្ឋ Washington ហើយទស្សនៈមិនឆ្លុះបញ្ជាំងទស្សនៈរបស់សព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស