38 C
Phnom Penh

ភរិយាលោកបណ្ឌិតកែម ឡី ថារដ្ឋាភិបាលលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងនៃការសម្លាប់ប្តីខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយារបស់លោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី បានលើកឡើងថា ការចាប់ខ្លួន និងសម្រេចឃុំខ្លួនយុវជនពីរនាក់ក្នុងអំឡុងខួបបីឆ្នាំនៃការបាញ់សម្លាប់ប្តីរបស់អ្នកស្រីនោះ ជាការបង្ហាញកាន់តែច្បាស់ថារដ្ឋាភិបាលលោកហ៊ុន សែន ជាអ្នកនៅពីក្រោយនៃការបាញ់សម្លាប់ប្តីអ្នកស្រីតែម្តង។

ថ្លែងនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ អ្នកស្រីប៊ូ រចនា លើកឡើងថារបបក្រុងភ្នំពេញអសមត្ថភាពជាទីបំផុត ដោយចាប់យុវជន ២នាក់ដែលមិនមានកំហុសទាល់តែសោះ ។

អ្នកស្រីបន្តថា ការចាប់ខ្លួន លោកគង់ រ៉ៃយ៉ា ដោយសារតែគាត់បានបង្ហោះលក់អាវគូស្នេហ៍ ដែលមានរូប លោក បណ្ឌិត កែម ឡី និងពាក្យស្លោក សម្រាប់ពាក់ក្នុងថ្ងៃរំឭកខួប៣ឆ្នាំ នៃការបាញ់សម្លាប់ ថ្ងៃ១០ កកដ្កា គឺជារឿងអយុត្តិធម៌ ។

ចំណែកយុវជន សួង នាគព័ន្ធ ក៏ត្រូវបានចាប់ខ្លួន ដោយគ្រាន់តែគាត់បញ្ចេញមតិ ឲ្យបញ្ឃប់ការសម្លាប់មនុស្សក្រៅប្រពន្ធ័ច្បាប់បន្តទៀត បែរទៅជាមានទោសនោះ អ្នកស្រី រចនា អះអាងថា វាអយុត្តិធម៌ណាស់សម្រាប់កូនខ្មែរ ។

អ្នកស្រីយល់ថា សកម្មភាពរបស់អាជ្ញាធរលោកហ៊ុន សែន គឺបញ្ជាក់យ៉ាងច្បាស់ថា របបក្រុងភ្នំពេញជាអ្នកនៅពីក្រោយរឿងឃាតកម្មលើប្តីរបស់អ្នកស្រី ព្រោះអាជ្ញាធរបានមករារាំដល់ការរំឭកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ហើយថា អាជ្ញាធរបានបញ្ជាឲ្យអ្នកមកចូលរួមដោះអាវដែលមានរូបបណ្ឌិត កែម ឡី ចេញ នោះ គឺមានន័យថារដ្ឋាភិបាលខ្លាចស្រមោលខ្លួនឯង ហើយខ្លាចសូម្បីតែឮ ឈ្មោះ បណ្ឌិត កែម ឡី ។

អ្នកស្រី ប៊ូ រចនា លើកឡើងថា វាហាក់បីដូចជារឿងគួរឲ្យអស់សំណើចណាស់ ដោយអ្នកដែលបានធ្វើឱ្យកម្មករចំនួន២៨នាក់ស្លាប់ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុ ដោយអ្នកស្រីទំនងសំដៅដល់អតីតអភិបាលខេត្ត លោកយន្ត មីន បែរជាមិនវាយខ្នោះហើយត្រូវជាប់កុគទេ ប៉ុន្តែរដ្ឋាភិបាលថែមទាំងបាន តម្លើងផ្កាយឱ្យកាន់តែធំទៀតផង

អ្នកស្រី ដាក់ជាសំណួរថាតើ របបក្រុងភ្នំពេញជាអ្វី ? លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៩ និង ទី១០ ខែកក្កដា ហើយតុលាការក៏បានចោទប្រកាន់អ្នកទាំងពីរពីបទ ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាថ៌ និងសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន ដោយរង់ចាំសវនាការ។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសទាត់ចោលការចោទប្រកាន់ទាំងឡាយមកលើរដ្ឋាភិបាល និងលោកផ្ទាល់ ដោយថារដ្ឋាភិបាលរបស់លោកមិនមែនជាអ្នកនៅពីក្រោយខ្នងអំពើឃាតកម្មលោកបណ្ឌិត កែម ឡី ឡើយ។

ក្រោយអំពើឃាតកម្មលោកបណ្ឌិតកែម ឡី កាលពីថ្ងៃទី ១០ កក្កដា ២០១៦ មិនបានប៉ុន្មានម៉ោងផង លោក ហ៊ុន សែន បានសម្តែងការសោកស្តាយចំពោះអំពើឃាតកម្មនេះ និងបានចោទជាសំណួរថាតើនរណានឹងទទួលបានប្រយោជន៍ពីអំពើឃាតកម្មនេះ? ហើយលោកក៏បានបង្ហើបពេលនោះថា  អ្នកនៅពីក្រោយខ្នងការបាញ់សម្លាប់នេះ គឺ ជាអ្នកដែលនឹងទទួលបានប្រយោជន៍អំពីការស្លាប់លោកបណ្ឌិត កែម ឡី នោះតែម្តង។

សំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី បានធ្វើឱ្យអ្នកវិភាគមួយរូប លោក គឹម សុខ និង មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួន រួមទាំងលោក សម រង្ស៊ី ផង ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្តឹងក្រោយពួកគេបានលើកឡើងថារដ្ឋាភិបាលលោកហ៊ុន សែន គឺ ជាអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និង រៀបចំប្រព័ន្ធនៃការសម្លាប់មនុស្សផងដែរ។

លោកគឹម សុខ ត្រូវជាប់ដាក់ពន្ធនាគារជាង១ឆ្នាំនិងត្រូវបង់ប្រាក់មួយចំនួនទៅលោកហ៊ុន សែន  ហើយក្រោយពីចេញពីពន្ធនាគារលោកនិងកូនស្រីក៏រត់គេចខ្លួនទៅក្រៅប្រទេស។ ចំណែក លោក សម រង្ស៊ី និងមន្ត្រីរបស់ខ្លួន គឺអ្នកស្រី ថាក់ ឡានី ត្រូវចាញ់ក្តីលោកហ៊ុន សែន ផងដែរ។ 

ជាង៣ឆ្នាំមកហើយ អំពើឃាតកម្មនេះ គឺ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ឈ្មោះអឿត អាង ហៅជួបសម្លាប់ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ទោសអស់មួយជីវិត ប៉ុន្តែការសម្រេចនេះត្រូវបានគ្រួសារ សង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនទាត់ចោល និងស្នើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយខ្នងពិតប្រាកដយកផ្តន្ទាទោស៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស