អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអះអាងថាស្រាថ្នាំចិនសែឈ្មោះ តាំងគួយ គឺមិនមានប្រភពច្បាស់លាស់ បណ្តាលឱ្យពលរដ្ឋពុលស្លាប់និងត្រូវសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់។
លិខិតជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ៍នេះ បានជម្រាបជូនទៅ ប្រជាពលរដ្ឋ អាជីវករលក់ដូរទូទៅក្នុងស្រុកម៉ាឡៃ ស្រុកមង្គលបូរី និងក្រុងប៉ោងប៉ែត ទាំងអស់ឱ្យបានជ្រាបថាបច្ចុប្បន្នមន្ត្រីជំនាញបានយកវត្ថុតាងទៅធ្វើតេស្តរកសារធាតុផ្សំ និងបង្ហាញលទ្ធផលនៅពេលខាងមុខនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យអាជីវករលក់ដូរទំនិញទាំងអស់ត្រូវផ្អាក ការលក់នូវប្រភេទស្រាថ្នាំចិនសែ តាំងគួយ នៅគ្រប់ទីផ្សារទាំងអស់ និងនៅតាមលំនៅឋាន ដែលមានដាក់តាំងលក់ស្រាប្រភេទនេះក្នុងខេត្ត ចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងថ្មី។
ការសម្រេចឱ្យផ្អាកលក់ស្រាថ្នាំតាំងគួយនេះ ក្រោយមានហេតុការណ៍ប្រជាពលរដ្ឋ៤នាក់បានស្លាប់ជាបន្តបន្ទាប់ ខណៈ២៧នាក់ទៀតដោយគិតដល់ថ្ងៃ១១មិថុនានេះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រោយពេលពួកគេបានពិសារស្រាថ្នាំ តាំង គួយនេះ ។
យ៉ាងនេះក្តីក្រោយហេតុការណ៍មានពលរដ្ឋស្លាប់និងសង្រ្គោះជាបន្តបន្ទាប់ដោយសង្ស័យពុលស្រាថ្នាំចិនសែនេះ មន្ត្រីជំនាញខេត្តបានយកវត្ថុតាងមកធ្វើតេស្តនៅរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់ដឹងលទ្ធផលជាផ្លូវការនៅឡើយ៕