38 C
Phnom Penh

ភរិយាលោកបណ្ឌិតកែម ឡី ថា ឃាតកររៀបចំគម្រោងសម្លាប់ប្តីខ្លួនជាអ្នកមានអំណាចនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយាលោកបណ្ឌិតកែម ឡី គឺអ្នកស្រី ប៊ូ រចនា បានប្រាប់ទៅដល់យុវជន យុវតី និងកូនខ្មែរជំនាន់ក្រោយៗ ឲ្យដឹងកាន់តែច្បាស់ថា ស្វាមីរបស់អ្នកស្រីត្រូវបានក្រុមឃាតករដែលមានអំណាចនៅក្នុងរបបក្រុងភ្នំពេញបច្ចុប្បន្នជាអ្នករៀបចំគម្រោងសម្លាប់គាត់តែម្តង។

អ្នកស្រី ប៊ូ រចនា សរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃទី១៧ ខែកក្កដា នេះ ថាលោកបណ្ឌិត កែម ឡី មិនមែនស្លាប់ ព្រោះតែរឿងជំពាក់លុយ ៣ពាន់ ដុល្លារ ដូចការចោទប្រកាន់របស់ អឿត អាង ហៅជួប សម្លាប់ នោះឡើយ ។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនិងកណ្តាលក្រុងភ្នំពេញ នៅស្តាម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់ស្តុបបូកគោ មិនឆ្ងាយប៉ុន្មានពីផ្ទះរបស់អ្នកឧកញ៉ា ហ៊ុន តូ ដែលជាក្មួយប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

លោកត្រូវបានគេសម្លាប់តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានបកស្រាយទៅនឹងរបាយការណ៍ស៊ើបអង្កេតមួយ របស់អង្គការអន្តរជាតិខ្លូបលវីណេស (Global Witness) ដែលបានលាតត្រដាងអំពីអាណាចក្រអាជីវកម្មត្រកូលហ៊ុន ក្នុងការក្តោបក្តាប់ជំនួញស្ទើរតែអស់នៅស្រុកខ្មែរក្នុងតម្លៃទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក។

ករណីឃាតកម្មលើលោកបណ្ឌិតកែម ឡីនេះ គឺមានតែឃាតករម្នាក់ប៉ុណ្ណោះឈ្មោះអឿត អាង ហៅជួប សម្លាប់ ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះ និងសហគមន៍ជាតិ-អន្តរជាតិចាត់ទុកថាជាឃាតករក្លែងក្លាយប៉ុណ្ណោះ។

អ្នកស្រីប៊ូ រចនា ឱ្យដឹងថាមកទល់ពេលនេះ គ្មានអ្វីឈឺចាប់ជាងការបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងជីវិតឡើយ ដោយឃាតករចង្រៃលួចបាញ់សម្លាប់ស្វាមី និងធ្វើឲ្យគ្រួសាររបស់អ្នកស្រីព្រាត់ប្រាស់ពីគ្នាគ្មានថ្ងៃត្រឡប់។

អ្នកស្រីបន្តថា គ្រួសាររបស់អ្នកស្រី កាលពេលលោកបណ្ឌិត កែម ឡីនៅមានជីវិត គឺរស់នៅសាមញ្ញណាស់ មានជីវភាពសមរម្យ មានឡាន១គ្រឿង ម៉ូតូ១គ្រឿង មានផ្ទះជីវិតពោរពេញដោយសុភមង្គល ប្តីធ្វើការ ប្រពន្ធលក់ដូរនៅផ្ទះកូនៗទាំង៤នាក់ ទៅរៀននៅសាលាឯកជនមួយទាំងភាសាអង់គ្លេស និងភាសាខ្មែរ។ ការដែលថា ប្តីរបស់អ្នកស្រីទៅខ្ចីលុយជួបសម្លាប់ ៣ពាន់ ដុល្លារនោះ អ្នកស្រីឆ្ងល់ថាតើជួបសម្លាប់ មានជីវភាពក្នុងគ្រួសារយ៉ាងណាដែរ?

អ្នកស្រី ប៊ូ រចនា បន្តថា អ្នកដែលរៀបចំគម្រោងសម្លាប់ប្តីរបស់អ្នកស្រី ដោយយករឿងជំពាក់លុយ ៣ពាន់ដុល្លារ មកដាក់ជារឿងគំនុំផ្ទាល់ខ្លួន គឺផ្ទុយស្រឡះ ពីចរឹករបស់ បណ្ឌិត កែម ឡី ព្រោះគាត់មិនដែលចេះចង់បានរបស់នរណាឡើយសូម្បីតែគិតក៏គ្មានផង។

អ្នកស្រីចង់សួរថា ជួប សម្លាប់ យកអ្វីមកសំអាង ថាស្វាមីអ្នកស្រីជំពាក់លុយមនុស្សដែលគ្មានសមត្ថភាពដូចជួបសម្លាប់នេះ។ មួយវិញទៀត បើក្រុមអាជ្ញាធរ ឬអ្នកមានអំណាចមិនមានជាប់ពាក់ពន្ធ័ក្នុងរឿងឃាតកម្មនេះទេ ហេតុអ្វីក៏មករារាំងតាំងពីពេលលោកបណ្ឌិតកែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ភ្លាម និងពេលធ្វើបុណ្យសពនៅវត្ត រហូតដល់ថ្ងៃហែរសពទៅឯស្រុកកំណើត គឺតាមផ្លូវបានដាក់រនាំងសំណាញ់ មានទាំងកាំភ្លើង បិទទាំងការ៉ាស់សាំងគ្រប់កន្លែង ព្រមទាំងគម្រាមប្រជាពលរដ្ឋលក់ដូរនៅតាមផ្សារនានា មិនឲ្យចូលរួមហែរសព លោក បណ្ឌិត កែម ឡី ទៀតផង។

មិនតែប៉ុណ្ណោះអ្នកស្រីថា រាល់ឆ្នាំឲ្យតែដល់ថ្ងៃគម្រប់ខួប ២ឆ្នាំ ៣ឆ្នាំ ៤ឆ្នាំ គឺក្រុមអាជ្ញាធរ និងក្រុមឃាតករពិតចាប់ផ្តើមភ័យញ័រខ្លួនដេកមិនលក់ ខ្លាចឈ្មោះ បណ្ឌិត កែម ឡី ហើយខ្លាចសូម្បីតែអាវមានរូបគាត់ ថែមទៀត។

អ្នកស្រីសង្កត់ធ្ងន់ថា សកម្មភាពរារាំងរបស់អាជ្ញាធរ ទាំងអស់នេះហើយ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនឯងជាឃាតករ សម្លាប់លោកបណ្ឌិត កែម ឡី យ៉ាងប្រាកដណាស់ ដែលមេឃាតករបានរៀបចំគម្រោងសម្លាប់លោកដើម្បីបំបិទមាត់ ពីព្រោះលោកបណ្ឌិតជាអ្នករូត   វាំននសង្គមដ៏ខ្មៅងងឹតដូចសព្វថ្ងៃនេះ និងជាសង្គមមួយដែលសំបូរទៅដោយសត្វសាហាវ។ បញ្ហានេះ អ្នកស្រីថាគេមិនទុកជីវិតគាត់ ឲ្យនៅរូតវាំងននបន្តទៀតឡើយ។

កាលពីថ្ងៃទី៩ខែកក្កដា ក្រុមអង្គការជាតិនិងអន្តរជាតិចំនួន៣០ស្ថាប័នបានជំរុញដល់រដ្ឋាភិបាលលោកហ៊ុន សែន ជាថ្មីទៀត ឱ្យបង្កើតគណៈកម្មការឯករាជ្យ និងជឿទុកចិត្តមួយដើម្បីស៊ើបអង្កេតករណីឃាតកម្មលោកបណ្ឌិត កែម ឡី ប្រកបដោយប្រសិទ្ធភាព និងមិនលំអៀង ធានាបាននូវយុត្តិធម៌ពិតជូនជនរងគ្រោះនិងក្រុមគ្រួសារ។

បន្ថែមពីនេះពួកគេបានជំរុញបន្ថែមទៀតដល់អាជ្ញាធរកម្ពុជាឱ្យបញ្ឈប់ការបំភិតបំភ័យនិងការយាយីដល់ពលរដ្ឋដែលគោរពស្រលាញ់លោកបណ្ឌិតកែម ឡី ទៀតផង។

ការជំរុញនេះ ធ្វើឡើងនៅក្នុងខួបគម្រប់ ៤ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយពួកគេអះអាងថារយៈពេល៤ឆ្នាំមកហើយ គ្មានការស៊ើបអង្កេតឱ្យមានប្រសិទ្ធិភាព តម្លាភាព គួរជាទីទុកចិត្តបានឡើយ ហើយភាពអយុត្តិធម៌ក្នុងករណីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់នេះ នៅតែកើតមានសម្រាប់ជនរងគ្រោះនិងគ្រួសាររហូតមក បើទោះបីជាហេតុការណ៍នេះបានកន្លងផុត៤ឆ្នាំទៅហើយក្តី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស