មកដល់ពេលនេះ នៅជាដែនដីមួយពុំមានភាពស្របច្បាប់នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនៅឡើយ។ តៃវ៉ាន់កាលដែលជាសមាជិករបស់ អង្គការសហប្រជាជាតិមានឈ្មោះថា សាធារណរដ្ឋចិន។តែនៅឆ្នាំ១៩៧២ ប្រទេសចិនបានដណ្ដើមអាសនៈរបស់ដែនដីនេះ ពីអង្គការសហប្រជាជាតិ ហើយប្រែក្លាយជាចិនប្រជាមានិត្យមកទល់នឹងសព្វថ្ងៃនេះ។ តែបក្សមួយនៅក្នុងដែនដីតៃវ៉ាន់ សព្វថ្ងៃគឺជា បក្សធ្លាប់គ្រប់គ្រងប្រទេសចិន គឺបក្សគួបមីនតាំង ដែលជាបក្សប្រឆាំងនៅតៃវ៉ាន់។
បក្សនេះហើយ ដែលរត់មករស់នៅលើកោះតៃវ៉ាន់បន្ទាប់ពីសង្រ្គាមចាញ់ពួកឧទ្ទាមកុម្មុយនិស្តចិននៅឆ្នាំ១៩៤៩។ តែយ៉ាងណាកដ៏ដោយ បក្ស គួបមីនតាំង ក្លាយជាបក្សរណបចិនប៉េកាំង។ ក្នុងកាលៈទេសៈនេះ ចិនប៉េកាំង បានប៉ុនប៉ងកាន់កាប់តៃវ៉ាន់គឺជាង៧០ឆ្នាំមកហើយ។ ក្រុងប៉េកាំង បានគំរាមតៃវ៉ាន់ទាំងការវាយប្រហារ ពាក្យសំដី និងគំរាម លើកទ័ពចូលលុកលុយដែនកោះមួយនេះ ដោយអាងខ្លួនមានកងទ័ពប្រយុទ្ធដល់ជាង២លាន នាក់។ ប៉ុន្តែក្នុងរយៈពេល៧០ឆ្នាំមកនេះ ចិនបានត្រឹមតែគំរាមតៃវ៉ាន់តែប៉ុណ្ណោះ។
តើចិនខ្លាចអាមេរិកដែលជាខ្នងបង្អែករបស់តៃវ៉ាន់ ឬខ្លាចតៃវ៉ាន់?យ៉ាងណា គេហទំព័រសារព័ត៌មាន The National Interest បង្ហាញនូវការស្ទង់មតិមួយថា ពលរដ្ឋតៃវ៉ាន់ជាង៧០%នឹងមិនអនុញ្ញាតឱ្យចិនធ្វើការលុកលុយបំពារបំពានទឹកដីនៃកោះមួយនេះទេហើយ ២៤% បានឆ្លើយថា ខ្លួនក៏គាំទ្រ ជំហររដ្ឋាភិបាល របស់បក្សកាន់អំណាចនៃប្រធានាធិបតី សាយអ៊ឹងវិន។តៃវ៉ាន់បច្ចុប្បន្នមានប្រជាជនជិត២៤លាននាក់ដែលរស់នៅលើទឹកដីទំហំ៣ម៉ឺន ៦ពាន់ ១៩៣គីឡូម៉ែត្រការ៉េ។
ដោយមិនបង្ហាញថាប្រជាជនមានប៉ុន្មាននាក់ទេចូលរួមក្នុងការស្ទង់មតិនោះ ប៉ុន្ដែគេហទំព័រនេះបានបញ្ជាក់ថាពលរដ្ឋប្រមាណ ៥០,៨% គាំទ្រដាច់ខាតនូវ កាតព្វកិច្ចយោធាដើម្បីការពារតៃវ៉ាន់ពីការលុកលុយរបស់ចិន។ ភាគច្រើនមនុស្សវ័យ៣០ ទៅ៣៩ឆ្នាំ ជាអ្នកជ្រើសរើសជម្រើសដ៏ចាំបាច់មួយនេះ។ រីឯ ២៤,៤% គាំទ្រក្នុងកម្រិតជំហានទី២ ចំណែក៥,៩% រំពឹងថានឹងមានដំណោះស្រាយជាលាយលក្ខណ៍អក្សររវាងប្រទេសទាំងពីរជាជាងការលើកអាវុធឱបនឹងដៃ។
បូកបញ្ជូលគ្នា គឺជាង៨៤% ពិតជាមានឆន្ទស្នេហាជាតិ ការពារដែនដី តៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសចិន ។យ៉ាងណាគេបានឃើញជំហររបស់អ្នកស្រីសាយអ៊ឹងវិនយ៉ាងច្បាស់ក្នុងរយៈពេល៤ខែមកនេះ ដោយអ្នកស្រីបានបញ្ជាឱ្យមានការពង្រឹងសមត្ថភាពទ័ពជាខ្លាំង ជាពិសេស គឺទ័ពជើងអាកាសរបស់តៃវ៉ាន់ ដែលបានធ្វើសមយុទ្ធជារឿយៗហើយជាចុងក្រោយនេះហៅថាល្បែងសមយុទ្ធប្រឆាំងនឹងការឈ្លានពានពីសំណាក់ចិនតែម្ដង។
តាំងពីអ្នកស្រី សាយអ៊ឹងវិនក្លាយជាប្រធានាធិបតីលើកទីពីរមក អ្នកស្រីបានបញ្ចេញអាកប្បកិរិយាកាន់តែច្បាស់ក្នុងការប្រឆាំងចិនតាមគ្រប់រូបភាពនៃការសម្រុកចង់ចូលក្នុងសហគមន៍អន្ដរជាតិ ការដាក់សមណើសុំទិញសព្វាវុធពីប្រទេសលោកខាងលិចកាន់តែខ្លាំងឡើងៗជាពិសេសពីសហរដ្ឋអាមេរិក។
ប្រទេសលោកខាងលិចភាគច្រើនបានកោតសរសើរការដឹកនាំរបស់អ្នកស្រីក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បើទោះបីជា WHOបានលើកឡើងថាជោគជ័យនៅតៃវ៉ាន់ជាជោគជ័យបានមកពីកិច្ចការពារ សុខាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិនក៏ដោយ។ភ្លាមៗ អ្នកស្រីបាន ថ្កោលទោសចំពោះការលើកឡើងរបស់WHOហើយបានបង្កឱ្យសហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអែល ជប៉ុន និងប្រទេសមួយចំនួននៃសហភាពអឺរ៉ុប ចូលរួមជាមួយតៃវ៉ាន់ប្រឆាំងនឹងWHO ដោយចោទថាមានភាពលម្អៀងទៅកាន់ចិន ជាពិសេសសហរដ្ឋអាមេរិកដែលថា WHO ជា អាយ៉ងចិនហើយរហូតដល់ សហរដ្ឋអាមេរិក ចង់ចាកចេញពីអង្គការសុខភាពពិភពលោកមួយនេះដោយលែង រវីរវល់នឹងផ្ដល់ជំនួយឱ្យអង្គការតទៅទៀតខណៈមហាអំណាចមួយនេះចំណាយមិនតិចជាង១៥%នៃ កញ្ចប់ថវិកាសរុបសំរាប់ប្រទេសទាំង១៧២ក្នុងអង្គការសុខភាពពិភពលោកនេះ។
សហរដ្ឋអាមេរិកក្រោយៗមកក៏បានអនុម័តនូវការយល់ព្រមក្នុងការផ្គត់ផ្គង់សព្វាវុធឱ្យដែនកោះតៃវ៉ាន់នេះ ក្រោមហេតុផលថាដើម្បីការពារស្ថេរភាពតំបន់ និងច្រកសមុទ្រតៃវ៉ាន់។ អាវុធដែលតៃវ៉ាន់ចង់បានទាំងប៉ុន្មានកម្រឃើញ អាមេរិកថាបដិសេធណាស់ ដែលមានដូចជាមីស៊ីល នាវាមុជទឹក នាវាចម្បាំង រថក្រោះ កាំភ្លើងត្បាល់ និងបច្ចេកវិទ្យា ថូផេដាស (torpedoes) ដែលអាចបំពាក់លើនាវាមុជទឹក ឬជាប្រភេទមីស៊ីលប្រដេញក្នុងទឹក និងមីស៊ីលផាទ្រីយ៉ូត (Patriot) សម្រាប់វាយប្រហារពីផ្ទៃដីទៅលើអាកាស យន្តហោះចម្បាំងប្រភេទ F-១៦ ចំនួន ៦៦គ្រឿងទៅឱ្យតៃវ៉ាន់ ជាគម្រោងដ៏ធំបំផុតមួយដែលមានតម្លៃទឹកប្រាក់សរុប ៨ពាន់លានដុល្លារ។
អ្នកនាំពាក្យ របស់ក្រសួង ការបរទេសចិន លោក Zhao Lijian បាន អំពាវនាវសុំ ឲ្យរដ្ឋាភិបាលអាមេរិក បញ្ឈប់ការលក់ អាវុធទាំងឡាយទៅឲ្យកោះតៃវ៉ាន់ ដើម្បីជៀសវាងការធ្វើឲ្យខូចខាត ដល់ទំនាក់ទំនងរវាងអាមេរិក និងចិននិងក៏ដូចជាស្ថេរភាព និងសន្តិភាពជូនកោះតៃវ៉ាន់។រដ្ឋាភិបាលក្រុងប៉េកាំងក៏បានប្រកាសនឹងដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន Lockheed Martin ព្រោះតែក្រុមហ៊ុន Lockheed Martin ផ្តល់កុងត្រា ជាកញ្ចប់ថវិកា ដើម្បីធ្វើទំនើបកម្មដល់អាវុធ សម្រាប់កោះតៃវ៉ាន់ ជាពិសេសប្រព័ន្ធ ការពារមីស៊ីល ។
សម្រាប់មន្ទីរបញ្ចកោណដែលមានសិទ្ធិអំណាចពេញលេញក្នុងការលក់ឬមិនលក់អាវុធឱ្យប្រទេសណាមួយនោះ គឺលោករដ្ឋមន្រ្ដីនៃក្រសួងការពារជាតិម៉ាកអេស្ព័របានឆ្លើយតបដោយមិនខ្លាចខូចទំនាក់ទំនងនឹងចិនបន្ដិចណាទេ គឺថា នឹងបន្ដលក់អាវុធឱ្យតៃវ៉ាន់។ដោយឡែករដ្ឋមន្រ្ដីការបរទេសអាមេរិកវីញ លោក ម៉ៃប៉ុមពីអូ សង្ឃឹថាចិននឹងពិចារណាក្នុងការគម្រាមកំហែង តៃវ៉ាន់។
តៃវ៉ាន់បានធ្វើដំណើររត់ចេញពីដែនកោះចិនមករស់នៅដោយឯករាជ្យជាខ្លួនឯងនៅឆ្នាំ១៩៤៩។ក្នុងកែវភ្នែករបស់ប៉េកាំងនៅតែចាត់ទុកថាកោះនេះជាខេត្តមួយរបស់ចិនជានិច្ច។ប៉ុន្តែ៧១ឆ្នាំហើយចិនលេបតៃវ៉ាន់មិនបាន គ៏អាចមកពីអាមេរិកនិង ភាពខ្លាំងរបស់បក្សកាន់អំណាច នៃប្រធានាធិបតីសាយអ៊ឹងវិនផងដែរ៕