ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដែលអំពាវនាវឱ្យពលរដ្ឋកុំបរិភោគសាច់ជ្រូកដែលគ្មានប្រភពច្បាស់លាស់ ព្រោះបច្ចុប្បន្នមានគោងាប់ដោយសារជំងឺបូសខ្យល់ច្រើន បានចេញមុខសូមទោសជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មាននេះ។
ការសូមទោសនេះ ក្រោយពេលម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Bun Chhy Linh កាលពីថ្ងៃទី ២៧ខែតុលា រស់នៅភូមិលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សរសេរលើហ្វេសប៊ុករបស់ខ្លួន ដោយបានអំពាវនាវឲ្យពលរដ្ឋកុំសូវបរិភោគសាច់គោដែលលក់នៅលើទីផ្សារ និងលក់នៅតាមភូមិស្រុកដែលមិនដឹងប្រភពច្បាស់លាស់ ព្រោះសត្វគោកំពុងផ្ទុះជំងឺ«សារខ្យល់»។
យ៉ាងណា ម្ចាស់គណនីហ្វេសប៊ុករូបនេះ កាលពីថ្ងៃទី ២៨ខែតុលា បានសរសេរលើហ្វេសប៊ុករបស់ខ្លួនម្តងទៀត ដោយសុំទោសនិងសុំការយោគយល់ពីសាធារណជនចំពោះការសរសេរនិងអំពាវនាវរបស់ខ្លួន ព្រោះជាព័ត៌មានមិនពិតនោះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកាលពីថ្ងៃម្សិលមិញ លើកឡើងថា ក្រោយមានការផ្សព្វផ្សាយព័ត៌មាននេះ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលសត្វនៅខេត្តឧត្តរមានជ័យ បានចុះទៅត្រួតពិនិត្យស្ថានភាពសុខភាពសត្វដែលកំពុងមានបញ្ហា ហើយបានរកឃើញថា ករណីគោឈឺកើតឡើងនៅភូមិលំទងនោះគឺបណ្តាលមកពីម្ចាស់សត្វ បានច្រូតស្មៅពីចម្ការស្វាយមួយកន្លែង ដោយពុំបានដឹងថា នៅក្នុងចម្ការនោះទើបតែបាញ់ថ្នាំកម្ចាត់ស្មៅរួចថ្មីៗ។
ក្រសួងបន្ថែមថា ម្ចាស់សត្វបានយកស្មៅនោះឱ្យគោស៊ី ហើយក៏ធ្វើឱ្យគោមានរោគសញ្ញាហើមពោះ ដកដង្ហើមមិនប្រក្រតី និងរាកមួលខុសធម្មតា។
ក្រោយដឹងស្ថានភាពសត្វគោពិតប្រាកដ ក្រសួងកសិកម្មបានច្រានចោលការផ្សព្វផ្សាយតាមបណ្តាញសង្គម និងអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿននូវព័ត៌មាននេះ ព្រោះជាព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវករលក់ដូរសាច់គោ។ លើសពីនេះ មន្ត្រីជំនាញបានហៅម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Bun Chhy Linh មកណែនាំ និងតម្រូវឱ្យសុំទោសជាសាធារណៈផងដែរ។
តែយ៉ាងណា ក្នុងរដូវវវស្សានៅឆ្នាំនេះ មានព័ត៌មានស្តីពីសត្វគោមានជំងឺនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដូចជាជំងឺប្រភេទសាទឹក និងជំងឺអ៊ុតក្តាមជាដើម។
ជាក់ស្តែងកាលពីខែសីហា មន្ទីរកសិកម្មខេត្តស្វាយរៀង បានចេញរបាយការណ៍មួយដោយលើកឡើងថា សត្វគោក្របីជាង៣ពាន់ក្បាលរបស់ពលរដ្ឋ នៅឃុំមួយចំនួន ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង បានកើតជំងឺសាទឹក និងឈឺងាប់ជាបន្តបន្ទាប់៕