31 C
Phnom Penh

លោក គឹម សុខ ថា បណ្ឌិត កែម ឡី ជាបុគ្គលគំរូ ដែលអ្នកនយោបាយចាស់ថ្មី គួររៀនសូត្រតាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសលោក គឹម សុខ បានលើកឡើងថា អ្នកធ្វើនយោបាយចាស់ថ្មី គួរមើលគំរូ និងរៀនសូត្រពីវីរៈភាពរបស់លោកបណ្ឌិត កែម ឡី។  

សរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២៨ខែមករា ឆ្នាំ២០២១នេះ លោក គឹម សុខ បញ្ជាក់ថា ក្នុងដំណាក់កាលនយោបាយកម្ពុជាចុងក្រោយ គឺមានតែបណ្ឌិត កែម ឡី ទេ ដែលគួរត្រូវរាប់ជាជនគំរូកំពូល ។ លោកបន្តថា ពេលវិភាគអំពីស្ថានការណ៍នយោបាយ លោកគឹម សុខ តែងតែនឹកដល់ជំហរស្មាតីពលិកម្មរបស់គាត់ ដើម្បីជាតិ និងពលរដ្ឋ ។

អ្នកវិភាគនយោបាយ ដែលកំពុងរស់ភៀសខ្លួននៅក្រៅប្រទេសរូបនេះឡើងទៀតថា លោក កែម ឡី ជាបុគ្គល ដែលមានស្ទើរគ្រប់ធាតុជាវីរជន ដូចជាមានជំហរនយោបាយជាក់ស្ដែងនិយម ។ លោក កែម ឡី ឈរយ៉ាងរឹងមាំ នៅជាមួយបំណងប្រាថ្នារបស់ពលរដ្ឋមូលដ្ឋាន ដែលជាម្ចាស់ឆ្នោត ហើយគាត់មិនរេតាមខ្យល់នៃពួកអ្នកនយោបាយមានឥទ្ធិពល ដែលសម្រេចចិត្តផ្ដោតលើផលប្រយោជន៍ក្រុមគ្រួសារបក្ខពួកក្បែរៗខ្លួននោះទេ។

លើសពីនេះ លោកកែម ឡី មានបេះដូងអធ្យាស្រ័យធំទូលាយ ហើយគាត់ប្រកាន់គោលការណ៍អនុគ្រោះ ចំពោះអ្នកប្រតិដ្ឋរឿងនិន្ទាចំពោះគាត់ និងសូម្បីតែអ្នកធ្វើបាបគាត់ក៏ដោយ។

ជាងនេះទៀត បណ្ឌិត កែម ឡី មានសីលធម៌ និងគុណធម៌ខ្ពស់ ដោយមិនខ្លាចរិះគន់អ្នកដទៃ ដើម្បីកែតម្រង់ឲ្យចម្រើន និងជួយអ្នកផ្សេង ដោយមិនគិតប្រយោជន៍ខ្លួន ។

លោកគឹម សុខ បន្ថែមទៀតថា បណ្ឌិត កែម ឡី ជាបុគ្គល ដែលបង្កើតស្នាដៃចំពោះជាតិ ដោយខ្លួនគាត់ផ្ទាល់ ហើយបង្ហាញខ្លួនឲ្យមហាជនទទួលស្គាល់គាត់ ដោយគំនិតប្រាជ្ញារបស់លោក ពុំមានការយឹតយោងតាមខ្សែគ្រួសារឡើយ ។

ជាងនេះទៀត បណ្ឌិត កែម ឡី មានឆន្ទៈជាតិមិនក្លែងក្លាយ  ដោយលោកមិនងាកចេញពីឆន្ទៈត្រឹមត្រូវរបស់គាត់ ទោះមានការព្រួតគ្នាប្រតិដ្ឋរឿងលាបពណ៌ប្រមាថគាត់ យ៉ាងជ្រុលនិយម ក្នុងចរន្តវាយប្រហារ ក្នុងបំណងឲ្យគាត់ប្រឡាក់យ៉ាងណាក៏ដោយ ។

លោកបន្តថា បណ្ឌិតកែម ឡី មានផែនការជាក់លាក់ និងមិនដើរចោលផែនការប្រតិបត្តិ តម្រង់គោលដៅជាតិ ទោះអ្នកនយោបាយមានឥទ្ធិពលនានា មិនស្ដាប់មតិយោបល់របស់គាត់ និងនាំគ្នាមើលងាយគាត់យ៉ាងណាក្តី ។

អ្នកស្រាជ្រាវការអភិវឌ្ឍន៍សង្គមកាលនៅមានជីវិត លោកគឹម សុខ មើលឃើញថា គាត់ហ៊ានធ្វើពលិកម្មខ្ពស់ និងហ៊ានពុះពារបន្តអនុវត្តផែនការ ដោយមិនទម្លាក់ចោលសកម្មភាពប្រតិបត្តិ ទោះដឹងថា ត្រូវអស់ជីវិតក្នុងថ្ងៃណាមួយក្តី ។

លោក គឹម សុខ អះអាងថា បណ្ឌិតកែម ឡី ត្រូវគេសម្លាប់ ព្រោះតែគាត់ប្រតិបត្តិស្មារតីនៃបុព្វហេតុជាតិកម្ពុជា និងផលប្រយោជន៍របស់ពលរដ្ឋខ្មែរ ។

លោកបន្តថា បណ្ឌិតកែម ឡី បន្សល់ទុក នូវគោលការណ៍ ទស្សនៈវិស័យ ចក្ខុវិស័យ ផែនការ និងជាពិសេស ស្មារតីពលិកម្មខ្ពស់បំផុត សម្រាប់បង្កើតចលករតស៊ូ ដើម្បីប្រជាធិបតេយ្យកម្ពុជារស់ ។ យុវជនច្រើនណាស់ កំពុងប្រកាន់យកទៅអនុវត្តន៍ ដោយចិត្តជ្រះថ្លា និងស្មារតីរឹងប៉ឹង ក្នុងបុព្វហេតុប្រជាធិបតេយ្យ ។

សម្រាប់លោក គឹម សុខ យល់ឃើញថា ក្នុងស្ថានភាពកម្ពុជាបច្ចុប្បន្ន ពុំមាននរណាម្នាក់ គួរត្រូវលើកនិយាយអំពីភាពជាជនគំរូ ឲ្យស័ក្ដិសមលើសបណ្ឌិត កែម ឡី ទេ ។ ភាពជាជនគំរូ មិនគួរបានពីការសម្ដែងឡើយ ប៉ុន្តែបានពីការប្រតិបត្តិ តាំងពីចាប់ផ្ដើមបង្ហាញឆន្ទៈ មានផែនការជាក់លាក់ និងអនុវត្តផែនការដោយមិនបោះបង់ ទោះត្រូវធ្វើពលិកម្មធំប៉ុណា្ណក៏ដោយ។ កែម ឡី មានស្ទើរគ្រប់ធាតុគំរូរួចទៅហើយ ។

បណ្ឌិតកែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃក្នុងស្មាម៉ាត ស្តុបបូកគោ ក្បែរផ្ទះរបស់ឧកញ៉ា ហ៊ុន តូ ក្មួយប្រុសបង្កើតរបស់លោកហ៊ុន សែន កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦។

ការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នោះ កើតឡើងតែ២ថ្ងៃក្រោយប៉ុណ្ណោះ បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយជុំវិញរបាយការណ៍របស់អង្គការឃ្លាំមើលឧក្រិដ្ឋកម្មអន្តរជាតិ ខ្លូបលវីណេស ជុំវិញ អាណាចក្រអាជីវកម្មត្រកូលហ៊ុន។

របាយការណ៍នោះ បានលាតត្រដាងអំពីការក្តោបក្តាប់អាជីវកម្មស្ទើរតែអស់នៅស្រុកខ្មែរ ដែលមានតម្លៃរាប់រយលានដុល្លារ ដោយគ្រួសារត្រកូលហ៊ុនទាំងមូល។

មកទល់ពេលបច្ចុប្បន្នមានរយៈពេលជិត៥ឆ្នាំហើយ មានឃាតករម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថាជួប សម្លាប់ ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិតជុំវិញសំណុំរឿងសម្លាប់លោកបណ្ឌិតកែម ឡី។

ភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា នៅតែទទួចឱ្យរកយុត្តិធម៌ជូនស្វាមីរបស់ខ្លួន ហើយអ្នកស្រីថា មានតែរដ្ឋាភិបាលថ្មីទេ ដែលនឹងអាចផ្តល់យុត្តិធម៌ជូនគ្រួសាររបស់អ្នកស្រីបាន ព្រោះអ្នកស្រីមិនរំពឹងលើរដ្ឋាភិបាលលោកហ៊ុន សែន ក្នុងការរកយុត្តិធម៌ជូនគ្រួសាររបស់អ្នកស្រីបានឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស