40.6 C
Phnom Penh

តើ​លោក កឹម សុខា អាច​ធ្វើ​អ្វី​បាន​ខ្លះ​សម្រាប់​ពលរដ្ឋ​ក្នុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ Covid-19?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អំណោយ​ដែល​ប្រធាន​អតីត​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត​ស្បៀង​នៅ​ពេលនេះ គឺ​ជា​ថវិកា​ផ្ទាល់​របស់​លោក និង​មាន​ការ​ចូលរួម​ពី​សប្បុរសជន​មួយ​ចំនួន។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក សួន សុរីដា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ខែ​ឧសភា នេះ​ថា បើ​ទោះបីជា​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព មិន​មាន​ព្រៃឈើ ឬ​បឹងបួ​លក់​បែប​ណា​ក៏ដោយ ប៉ុន្តែ​លោក​នៅតែ​អាច​រំលែក​ថវិកា​ផ្ទាល់ខ្លួន និង​ការ​កៀរគរ​ពី​សប្បុរសជន​នានា ដើម្បី​ទិញ​សម្ភារៈ​ចែក​ជូន​ពលរដ្ឋ​ដែល​កំពុង​ដាច់​ស្បៀង​តាម​លទ្ធភាព​របស់​ខ្លួន​ដែល​អាច​ធ្វើ​ទៅ​បាន​ចាប់​តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​បាន​ធ្លាក់​ចុះ​ដោយសារ​ជំងឺ Covid-19 មក។

លោក​អះអាង​ថា ក្នុង​នាម​ជា​មេដឹកនាំ​ដែល​តស៊ូ​ដើម្បី​ជាតិ និង​ប្រជាជន ពិត​ជា​មិន​អាច​នៅ​ស្ងៀម​ឈរ​ឱប​ដៃ​មើល​ពលរដ្ឋ​របស់​ខ្លួន​កំពុង​តែ​អត់​ឃ្លាន​បាន​ទេ ទោះបី​ខ្លួន​ឯង​មិន​មាន​លទ្ធភាព​ដើម្បី​ជួយ​ពលរដ្ឋ​កំពុង​ខ្វះខាត​ទាំងនោះ​ឲ្យ​បាន​ទូលំទូលាយ​ក៏ដោយ ប៉ុន្តែ​ក៏​អាច​ជួយ​សង្គ្រោះ​ពលរដ្ឋ​តាម​លទ្ធភាព​ជាក់ស្តែង​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​មិន​រួញរា​ដែរ។

ការ​អះអាង​នេះ ធ្វើ​បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើក​ឡើង​ពី​កិច្ចការ​ជំនួយ​សង្គម​ក្នុង​ការ​ចែក​អំណោយ​មួយ​ចំនួន​ដល់​ពលរដ្ឋ​ដែល​កំពុង​ដាច់​ស្បៀង​ដោយសារ​ជំងឺ Covid-19 ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ក្នុង​គ្រា​លំបាក​នេះ លោក​បាន​ចូលរួម​សកម្មភាព និង​ទឹកចិត្ត​សប្បុរសធម៌​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ខ្វះខាត​ដោយ​រង​ផល​ប៉ះពាល់​នូវ​ជំងឺ​ឆ្លងCovid-19 នៅ​តាម​បណ្តា​ខេត្ត​នានា​ជា​ប្រចាំ។

លោក​អះអាង​ថា ក្នុង​រយៈពេល​កន្លង​មក លោក​បាន​ដឹកនាំ​ធ្វើ​សកម្មភាព​មនុស្សធម៌​ក្នុង​ការ​ចែក​អំណោយ​ជូន​ពលរដ្ឋ​ដែល​មាន​ភាព​ទីទ័ល​ខ្លាំង​ដោយសារ​ការ​រង​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ជំងឺ Covid-19 តាម​បណ្តា​រាជធានី និង​ខេត្ត​នានា រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​តាកែវ ព្រះសីហនុ ព្រៃវែង ស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ ជាដើម។

ជុំវិញ​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២១ លោក កឹម សុខា ធ្លាប់​បាន​អះអាង​ថា ជំនួយ​នេះ​ពិត​ជា​តិចតួច​ណាស់ ក៏ប៉ុន្តែ​នេះ​ជា​សទ្ធា​ដែល​លោក​ជឿ​ថា ប្រសិនបើ​ខ្មែរ​មាន​ទុក្ខ ត្រូវ​តែ​ខ្មែរ​ជួយ​ខ្មែរ បើ​ខ្មែរ​មាន​បញ្ហា ក៏​ត្រូវតែ​មាន​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​ដែរ។ ជាង​នេះ​ទៀត លោក​ថា​ទោះបី​នៅ​ពេលនេះ​លោក​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​លោក​មិន​បិទ​ភ្នែក​សម្ងំ​យក​សុខ​តែ​ម្នាក់​ឯង​នោះ​ទេ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២១ អភិបាល​រង​ក្រុង​ភ្នំពេញ លោក កើត ឆែ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល​មិន​បាន​ជួយ​លុយ​សូម្បី​តែ​មួយ​រៀល រួម​ទាំង​កម្លាំង​ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​ខំ​ប្រឹងប្រែង​ទប់ស្កាត់​រលក​ចម្លង​ជំងឺ Covid-19 ឆ្លង​ចូល​សហគមន៍​នៅ​ពេលនេះ។ ប៉ុន្តែ​ក្រុម​ប្រឆាំង​ទាំងនោះ​បាន​ត្រឹម​តែ​និយាយ​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

បញ្ហា​នេះ ត្រូវ​អ្នក​វិភាគ​នយោបាយ សង្គម បណ្ឌិត ឡៅ ម៉ុងហៃ រិះគន់​ថា ការ​លើក​ឡើង​របស់​អភិបាលរង​ក្រុង​ភ្នំពេញ លោក កើត ឆែ គ្រាន់​តែ​បង្ហាញ​ពី​មន្ត្រី​ដែល​មិន​យល់​ដឹង​ពី​កាតព្វកិច្ច និង​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​បក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស