លោក ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការក្រុមប្រឹក្សាជាតិដើម្បីកុមារ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ត្រូវនាំគ្នារួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឲ្យពួកគេមានសិទ្ធិពេញលេញដូចដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
ការអះអាងនេះ ធ្វើឡើងនៅក្នុងលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២០ នៃទិវាប្រឆាំងពលកម្មលើកុមារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះថា ដើម្បីចូលរួមអបអរសាទរទិវានេះ ក្រសួងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាល ត្រូវចុះសួរសុខទុក្ខកុមារតាមមជ្ឈមណ្ឌលកុមារកំព្រា និងមណ្ឌលស្ដារនីតិសម្បទា ជាដើម។
លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិនានាចំពោះពលរដ្ឋ ជាពិសេសកុមារ ដើម្បីឲ្យពួកគេរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋដែលកម្ពុជា កំពុងប្រកាន់យក។
លោក ហ៊ុន សែន បញ្ជាក់ថា ដើម្បីឲ្យកុមារទទួលបានសិទ្ធិពេញលេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេសកុមារី ដើម្បីឱ្យមានការផ្លាស់ប្ដូរសំខាន់ៗដែលអាចដោះស្រាយឫសគល់នៃការរើសអើង ដោយការផាត់ចេញពីសង្គម ដូចជាកុមារី កុមារជនជាតិដើមភាគតិច និងកុមារមានពិការភាព ជាដើម។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះថា ការប្ដេជ្ញារបស់រដ្ឋាភិបាលចំពោះការលើកស្ទួយសិទ្ធិកុមារ ឬសិទ្ធិដទៃទៀត ដូចជាសិទ្ធិនារី និងកម្មករជាដើម តែងតែធ្វើឡើងតាមរដូវកាលនៃខួបរបស់សិទ្ធិនោះប៉ុណ្ណោះ ប៉ុន្តែមិនមែនជាការបង្ហាញពីឆន្ទៈនយោបាយលើកស្ទួយសិទ្ធិឲ្យបានពេញលេញប្រកបដោយចីរភាពនោះទេ។ លោកអះអាងថា កុមារកម្ពុជានៅពេលបច្ចុប្បន្ននេះកំពុងតែត្រូវរងការរំលោភ និងកេងប្រវ័ញ្ចពីសំណាក់ថៅកែលើកម្លាំងពលកម្មរបស់ពួកគេយ៉ាងធ្ងន់ធ្ងរនៅតាមកន្លែងការងារមួយចំនួន ដូចជាការធ្វើការនៅឡឥដ្ឋ ការធ្វើការនៅការដ្ឋានវាយថ្ម និងការស៊ីឈ្នួលក្នុងវិស័យកសិកម្មដែលធ្វើការនៅតាមចម្ការជាដើម។
លោក មឿន តុលា បញ្ជាក់ថា ដើម្បីលើកស្ទួយសិទ្ធិកុមារ និងបញ្ចៀសការរំលោភលើកម្លាំងពលកម្មកុមារបន្តទៀត រដ្ឋាភិបាលកម្ពុជាត្រូវតែដាក់ចេញនូវគោលនយោបាយកែទម្រង់លើកស្ទួយជីវភាពគ្រួសាររបស់ពលរដ្ឋក្រីក្រឱ្យមានប្រសិទ្ធភាពជាចាំបាច់។ លើសពីនេះ ក៏ត្រូវធ្វើកំណែទម្រង់បំបាត់អំពើពុករលួយក្នុងជួរមន្ត្រីរាជការផងដែរ ព្រោះថាបើអំពើពុករលួយនេះនៅតែបន្ត ទោះរដ្ឋាភិបាលចង់ស្ដារវិស័យអ្វីក៏មិនអាចធ្វើទៅបានដោយជោគជ័យដែរ។
មាត្រា ៤៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានទទួលស្គាល់សិទ្ធិកុមារដូចមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលមានចែងពីសិទ្ធិធំៗទាំង ៤ របស់កុមារនៃមាត្រា១២ រួមមានសិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិមានជីវិត និងទទួលបានការថែទាំសុខភាព និងវេជ្ជសាស្ត្រក្នុងកម្រិតខ្ពស់បំផុត រីឯសិទ្ធិអភិវឌ្ឍន៍ គឺជាសិទ្ធិដែលកុមារត្រូវការដើម្បីលូតលាស់ក្នុងកម្រិតខ្ពស់បំផុត និងដើម្បីក្លាយទៅជាសមាជិកដែលទទួលខុសត្រូវក្នុងសង្គម។
ចំណែកសិទ្ធិទទួលបាននូវការការពារ គឺជាសិទ្ធិរួចផុតពីអំពើ និងការប្រព្រឹត្តផ្សេងៗដែលអន្តរាយដល់កុមារ ដោយឡែកសិទ្ធិចូលរួម គឺជាសិទ្ធិដែលកុមារអាចបញ្ចេញមតិរបស់ខ្លួនគ្រប់បញ្ហាទាំងអស់។
ទាក់ទិននឹងបញ្ហានេះ អង្គការទស្សនៈពិភពលោក (World Vision) បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីដើមឆ្នាំ២០២០ ថា ស្ថាប័នរដ្ឋាភិបាលកម្ពុជា នៅពុំទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានល្អចំពោះកុមារក្នុងការបញ្ជូន ឬរាយការណ៍ពីបញ្ហានានាទាក់ទងនឹងសិទ្ធិកុមារទៅកាន់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារឱ្យបានច្បាស់លាស់ និងទាន់ពេលវេលានៅឡើយទេ៕