38.8 C
Phnom Penh

សាច់ញាតិ​និង​អ្នក​វិភាគ​ថា​រដ្ឋាភិបាល​លាក់បាំង​ព័ត៌មាន​អ្នក​ទោស​នយោបាយ​និង​មនសិការ​ឆ្លង​Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់ញាតិ​អ្នក​ជាប់​ឃុំ និង​អ្នក​វិភាគ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា គ្រួសារ​របស់​ពួកគាត់​បាន​ឆ្លង​ជំងឺ Covid-19 នៅ​ក្នុង​ពន្ធនាគារ។

ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​ពន្ធនាគារ​លើក​ឡើង​ថា មាន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ចំនួន ៣៥០​នាក់ រក​ឃើញ​ឆ្លង​ជំងឺ Covid-19 ខណៈ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ពន្ធនាគារ​ខេត្ត​កណ្ដាល និង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ភាព​ចង្អៀត​ណែន​ដោយសារ​ដាក់​អ្នក​ជាប់​ឃុំ​លើស​ចំណុះ។

ក្មួយ​ប្រុស​របស់​លោក រ៉ុង ឈុន គឺ​លោក រ៉ុង វិជ្ជា ប្រាប់​សាព័ត៌មាន The Cambodia Daily ថា គ្រួសារ​របស់​ពួកគាត់​មាន​ក្ដី​ព្រួយបារម្ភ​ក្រោយ​ទទួល​ព័ត៌មាន​លោក រ៉ុង ឈុន និង​អ្នក​ទោស​នយោបាយ ព្រមទាំង​អ្នក​ទោស​មនសិការ​ផ្សេងៗ​ទៀត​ឆ្លង​ជំងឺ Covid-19។

លោក​បន្ត​ថា ទោះបីជា​មាន​ព័ត៌មាន​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ឆ្លង​ជំងឺ Covid-19 ក្ដី ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​មិន​បាន​បង្ហាញ​ព័ត៌មាន​ដល់​គ្រួសារ​ពួកគាត់​ឱ្យ​បាន​ដឹង​នៅឡើយ​ទេ។ លោក​ចាត់​ទុក​ការ​មិន​ផ្ដល់​ព័ត៌មាន និង​មិន​ឱ្យ​ក្រុម​គ្រួសារ​បាន​ជួប​សួរ​សុខទុក្ខ​សាច់ញាតិ​នៅ​ក្នុង​ពន្ធនាគារ​នោះ​ថា រដ្ឋាភិបាល និង​មន្ត្រី​ពន្ធនាគារ​កំពុង​ព្យាយាម​លាក់​បាំង​ព័ត៌មាន​ទាំងអស់​នេះ ខណៈ​ដែល​ពួកគាត់​ទទួល​ព័ត៌មាន​ថា គ្រួសារ​របស់​ពួកគាត់​បាន​ឆ្លងCovid-19។

អ្នកស្រី ប៉ាត់ រស្មី ដែល​ត្រូវ​ជា​ភរិយា​សកម្មជន​បរិស្ថាន ថុន រដ្ឋា បារម្ភ​ថា អ្នកស្រី​បាន​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ពី​អ្នក​លាក់​អត្តសញ្ញាណ​ម្នាក់​ថា លោក ថុន រដ្ឋា បាន​ឆ្លង​ជំងឺ Covid-19 ក្នុង​ពន្ធនាគារ។ អ្នកស្រី​បន្ត​ថា ការ​មិន​ទទួល​បាន​ព័ត៌មាន​ពី​ស្វាមី​នេះ ធ្វើ​ឱ្យ​អ្នកស្រី​មាន​សម្ពាធ​ផ្លូវចិត្ត ខណៈ​មន្ត្រី​ពន្ធនាគារ​មិន​ឱ្យ​ពួកគាត់​ប្រើ​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង​ជាមួយ​គ្រួសារ។

អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១ ថា ខ្លួន​បាន​ផ្ដល់​ជំនួយ​មនុស្សធម៌​គាំទ្រ​ដល់​ពន្ធនាគារ​កម្ពុជា តាម​ការ​ស្នើសុំ​របស់​នាយកដ្ឋាន​ពន្ធនាគារ ក្នុង​នោះ​អង្គការ​សហប្រជាជាតិ​បាន​ផ្ដល់​សម្ភារៈ​ការពារ​ខ្លួន​ពី Covid-19 ដូចជា​ឧបករណ៍​តេស្ដ​រហ័ស និង​វីតាមីន​ដល់​អ្នក​ជាប់​ឃុំ ១​ម៉ឺន​នាក់​នៅ​ពន្ធនាគារ ហើយ​អង្គការ​សហប្រជាជាតិ​នឹង​បន្ត​ផ្ដល់​ជំនួយ​ជា​បរិក្ខារ​ផ្សេងៗ​បន្ថែម​ទៀត​នៅ​ថ្ងៃទី​១ ខែ​មិថុនា។

ក្រៅ​ពី​ផ្ដល់​ជំនួយ អង្គការ​សហប្រជាជាតិ​ក៏​បាន​ជំរុញ​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ដែល​ស្ថិត​ក្នុង​ក្រុម​អ្នក​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ស្ត្រី​ជាប់​ឃុំ​មាន​កូន​តូច​នៅ​ជាមួយ អ្នក​មាន​បញ្ហា​សុខភាព​ប្រចាំ​កាយ និង​អ្នក​ជាប់​ឃុំ​ដែល​មិន​មែន​ជា​ទោស​ហិង្សា។

ពាក់ព័ន្ធ​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន សរសេរ​លើ​គណនី Facebook របស់​លោក​ថា៖«អត់​យល់ មិន​ដឹង​ថា UN សង្គម​ស៊ីវិល និង​ក្រុម​ប្រឆាំង​មួយ​ចំនួន​ចង់​បាន​អី​ឱ្យ​ពិតប្រាកដ។ អ្នក​នាំ​ពាក្យ​ដដែល​លើក​ឡើង​ទៀត​ថា នៅ​ពេល​មាន​ការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន Covid-19 ពួកគេ​រិះគន់​ថា​រំលោភ​សិទ្ធិមនុស្ស តែ​ពេល​នេះ​បែរ​ជា​មក​សុំ​បង្ហាញ​អត្តសញ្ញាណ​អ្នក​ជាប់​ឃុំ​ដែល​ឆ្លង​ជំងឺ Covid ទៅ​វិញ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើក​ឡើង​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​គួរ​បង្ហាញ​ព័ត៌មាន​ពី​សុខភាព និង​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ ដើម្បី​ឱ្យ​ពួកគាត់​បាន​ដឹង​ថា​គ្រួសារ​ពួកគាត់​ឆ្លង ឬ​មិន​ឆ្លង​ជាដើម។

លោក​បន្ត​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​នឹង​រង​ការ​រិះគន់​ពី​សាធារណជន​ជាតិ និង​អន្តរជាតិ ចំពោះ​ការ​មិន​យក​ចិត្ត​ទុកដាក់​អ្នក​ជាប់​ឃុំ និង​ការ​មិន​ផ្ដល់​ព័ត៌មាន​ដល់​គ្រួសារ​របស់​ពួកគាត់។

ជាង​នេះ​ទៅ​ទៀត អ្នក​វិភាគ​នយោបាយ លោក គឹម សុខ និយាយ​ថា រដ្ឋាភិបាល​ខ្វះ​តម្លាភាព​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ពិត​អ្នក​ជាប់​ឃុំ​ឆ្លង​ជំងឺ Covid-19។ លោក​ថា ចំនួន​អ្នក​ឆ្លងCovid-19 ដែល​រដ្ឋាភិបាល​បង្ហាញ​នោះ​មិន​ទាន់​អាច​ជឿជាក់​បាន​ទេ បើ​ជំងឺ Covid-19 ឆ្លង​ចូល​ពន្ធនាគារ​ហើយ វា​ពិតជា​ពិបាក​ទប់ស្កាត់​ណាស់ ដោយសារ​ក្នុង​ពន្ធនាគារ​គ្មាន​លំហ​កន្លែង​រក្សា​គម្លាត​សុវត្ថិភាព និង​សម្រាប់​ធ្វើ​ចត្តាឡីស័ក ខណៈ​អ្នក​ជាប់​ឃុំ​ដេក​ប្រជ្រៀត​គ្នា ដេក​គរ​លើ​គ្នា ហូប​ចុក​ជុំ​គ្នា និង​ចេញ​ហាត់ប្រាណ ១​ថ្ងៃ ១​ម៉ោង​ក៏​ក្នុង​ទីធ្លា​ចង្អៀត​ទៀត​ផង។

លោក​បន្ត​ថា ការ​ដេក​ប្រជ្រៀត​គ្នា​នេះ ដោយសារ​តែ​បន្ទប់​ឃុំ​តូច ហើយ​ដាក់​ឃុំ​មនុស្ស​ចន្លោះ​ពី ២០ ទៅ ៣០​នាក់ ខណៈ​បន្ទប់​ឃុំឃាំង​ធំ​អាច​មាន​មនុស្ស​ដល់​ទៅ​រាប់​រយ​នាក់។ ករណី​នេះ លោក​ថា​បើ​ក្នុង​បន្ទប់​មួយ​មាន​អ្នក​ឆ្លង​តែ​ម្នាក់ ដូច្នេះ​វា​ពិតជា​ពិបាក​ជឿ​ណាស់​ថា អ្នក​ផ្សេង​ទៀត​មិន​ឆ្លង ព្រោះ​ដេក​តម្រៀប​គ្នា​ដូច្នេះ។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​ថា បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​ដោយ​តម្លាភាព ហើយ​នៅ​ព្យាយាម​លាក់បាំង​ព័ត៌មាន​ទៀត នោះ​អ្នក​ជាប់​ឃុំ​នឹង​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ណាស់ ដោយសារ​ក្នុង​បន្ទប់​ឃុំឃាំង​គ្មាន​ខ្យល់​អាកាស​គ្រប់គ្រាន់ បង្អួច​តូច​មួយ ហើយ​ស្រប​ពេល​នេះ​ជា​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ទៀត​នោះ។

តាម​របាយការណ៍​របស់​អង្គការ​លីកាដូ (Licadho) ឱ្យ​ដឹង​ថា ពន្ធនាគារ​ចំនួន​២៨ នៅ​ទូទាំង​ប្រទេស​មាន​អ្នក​ជាប់​ឃុំ​សរុប​ប្រមាណ ៤​ម៉ឺន​នាក់​ដែល​ធ្វើ​ឱ្យ​ពន្ធនាគារ​មាន​អ្នក​ទោស​ចង្អៀត​ណែន ដោយសារ​តែ​ការ​ដាក់​អ្នក​ជាប់​លើស​ចំណុះ។ ក្នុង​នោះ ពន្ធនាគារ​ចំនួន​១៨ មាន​អ្នក​ទោស​ច្រើន​ខ្លាំង​លើស​ពី​សមត្ថភាព​ផ្ទុក​ដល់ ៣០០%។ ចំណែក​ពន្ធនាគារ​ព្រៃស ឬ​ហៅ​ថា ម១ មាន​អ្នក​ជាប់​ឃុំ​រហូត​ដល់​ជាង ៧​ពាន់ ៧០០​នាក់ ឬ​ស្មើ​នឹង ៣៧៦% នៃ​សមត្ថភាព​ផ្ទុក​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស