37.6 C
Phnom Penh

ក្រុម​តស៊ូ​មតិ​ថា​ជំនួប​មន្ត្រី​ការបរទេស​អាមេរិក​និង​លោក ហ៊ុន សែន ជា​គន្លឹះ​វិជ្ជមាន​សម្រាប់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​បាន​អះអាង​ថា ជំនួប​រវាង​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អាច​នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​មិថុនា នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​លោក​សេរី ផ្ដោត​សំខាន់​ទៅលើ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​គោរព​សិទ្ធិមនុស្ស​ជា​ចម្បង។

លោក​អះអាង​ថា ទោះបីជា​ជំនួប​នេះ​មិន​បាន​បង្ហាញ​ដោយ​ចំៗ​ពី​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​ទៅលើ​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ក៏​ពិត​មែន ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​បាន​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា​ងាក​ទៅ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការ​គោរព​នូវ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​វិញ។

លោក​បញ្ជាក់​ថា នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​ងាក​ទៅ​រក​ការ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​នោះ អ្នក​ទោស​មនសិការ​ទាំងអស់​នៅ​កម្ពុជា នឹង​ទទួល​បាន​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​ជាមិនខាន ដូច្នេះ​ដំណើរ​ទស្សនកិច្ច​ការទូត​នេះ​គឺជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​កម្ពុជា​នា​ថ្ងៃ​អនាគត​ផង​ដែរ។

លោក ម៉ែន ណាត អះអាង​ថា ជំនួប​នេះ​ក៏​ជា​ការ​ដាស់តឿន​លោក ហ៊ុន សែន ផង​ដែរ​ចំពោះ​នយោបាយ​ងាក​ទៅ​រក​មហា​អំណាច​កុម្មុយនីស្ត​ចិន​របស់​លោក​កន្លង​មក ដូច្នេះ​នេះ​ជា​សញ្ញា​មួយ​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​ទៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​រឹតត្បិត​កន្លង​មក។

នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ទៅដល់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ខ្លួន​ដែល​នឹង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ភាព​ចាំបាច់​នៅ​អាស៊ាន ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា​កម្រិត​ទ្វេភាគី និង​តំបន់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ប្រកាស​មុន​ដំណើរ​ទស្សនកិច្ច​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ១១​ថ្ងៃ​របស់​អ្នកស្រី Wendy Sherman ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ដែល​ជា​ទស្សនកិច្ច​លើក​ដំបូង​នេះ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បែលហ្ស៊ិក តួកគី ឥណ្ឌូណេស៊ី កម្ពុជា និង​ប្រទេស​ថៃ។

មុន​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Wendy Sherman ទៅកាន់​កម្ពុជា មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺសុន កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ បាន​លើកឡើង​ថា ក្នុង​នាម​ជា​មន្ត្រី​ជាន់ខ្ពស់​បំផុត​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា គួរតែ​រិះគន់​ខ្លាំងៗ​ជា​សាធារណៈ​នូវ​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​គោលការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

លោក​បញ្ជាក់​ថា លោកស្រី Sherman គួរតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ការ​សាកល្បង​ប្រឆាំង​នឹង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត ព្រមទាំង​ដោះលែង​អ្នក​ទោស​នយោបាយ​បក្ស​នេះ​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង​អយុត្តិធម៌ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងអស់​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស