34 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិនមែន​មកពី​ចិន​ឬ​អាមេរិក​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិនមែន​ជា​រឿង​ហា​ស្លាក់​ខ្ជាក់​ស្លែង​រវាង​ចិន ឬ​អាមេរិក​នោះ​ទេ ប៉ុន្តែ​ជា​រឿង​កម្ពុជា​ខ្លួនឯង​ដែល​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា នេះ​ថា នៅ​ពេល​កម្ពុជា​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ត្រឹមត្រូវ​ហើយ​នោះ គ្មាន​រដ្ឋ​បរទេស​ណា​អាច​មក​រំលោភ​បំពាន​អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ​ជាតិ និង​អព្យាក្រឹតភាព​របស់​កម្ពុជា​បាន​ឡើយ ជាពិសេស​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា គឺជា​រដ្ឋធម្មនុញ្ញ​ឯករាជ្យ​ស្របតាម​ខ្លឹមសារ​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​យ៉ាង​ពេញលេញ។

លោក​អះអាង​ថា សហគមន៍​អន្តរជាតិ​តែង​ចង់​ឃើញ​កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ជាពិសេស​គឺ​កា​របើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ឱ្យ​បាន​ទូលំទូលាយ​ឡើងវិញ និង​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​លើ​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ព្រមទាំង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត។

លោក​បញ្ជាក់​ថា ដោយសារ​បញ្ហា​នៃ​ការ​រឹតត្បិត​សេរីភាព​នេះ​ហើយ ទើប​បណ្តាល​ឱ្យ​កម្ពុជា​ជួប​វិបត្តិ​ទាំង​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដក​ខ្លួន​មិន​រួច​បែប​នេះ ប៉ុន្តែ​បើ​មេ​ដឹកនាំ​កម្ពុជា​ព្រម​ទទួល​យក​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​សហគមន៍​អន្តរជាតិ​ដោយ​គ្រាន់តែ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​នោះ ប្រទេស​កម្ពុជា​នឹង​អាច​បញ្ចប់​នូវ​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​នេះ​បាន​ភ្លាមៗ​តែម្តង។

ការ​អះអាង​នេះ ធ្វើ​ឡើង​ដើម្បី​រិះគន់​មេ​ដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ដែល​បាន​រុញច្រាន​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច​ដ៏​សែន​ស្មុគស្មាញ​រក​ស្រាយ​មិន​ចេញ​ចាប់តាំង​ពី​ការ​ដឹកនាំ​របស់​ខ្លួន​ជាង ៤០​ឆ្នាំ​កន្លង​មក។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាង​ថា ក្រោយ​ពី​កម្ពុជា​ត្រូវ​បាន​រំដោះ​ចេញ​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ក្រោម​ការ​​​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ហើយ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ​មកទល់​សព្វថ្ងៃ​នេះ។

លោក ហ៊ុន សែន តែង​លើកឡើង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ជារឿយៗ​របស់​លោក​ថា លោក​នឹង​មិន​យក​អធិបតេយ្យភាព​របស់​កម្ពុជា​ទៅ​ដូរ​នឹង​ជំនួយ​របស់​បរទេស​ជាដាច់ខាត ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ។

បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​ប្រតិកម្ម​ថា កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​សង្គម សេដ្ឋកិច្ច ជម្លោះ​នយោបាយ​បាន​យ៉ាង​ល្អ​ប្រសើរ​តាម​មធ្យោបាយ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ដូច​ចែង​ក្នុង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​មាន​ស្រាប់។

ពួកគេ​សង្កត់​ធ្ងន់​ថា នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​អាច​ធានា​បាន​នូវ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ​ហើយ​នោះ កម្ពុជា​អាច​ប្រមូល​លុយ​ចូល​រដ្ឋ​មិន​តិច​ជាង ១​ម៉ឺន​លាន​ដុល្លារ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម GSP របស់​សហរដ្ឋ​អាមេរិក និង EBA របស់​អឺរ៉ុប​នោះ​ទេ​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​កសាង​ជាតិ ហើយ​មិន​ជំពាក់​គុណ​បរទេស​មួយ​ណា​ថែមទៀត​ផង បើ​ធ្វើ​ដោយ​ត្រឹមត្រូវ​មាន​តម្លាភាព មិន​ពុករលួយ និង​កុំ​បក្ខពួក​និយម​ជ្រុល​ពេក​នោះ។

កាលពី​ចុង​ឆ្នាំ​២០២០ គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% មិន​យក​ព័ន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ (everything but arm) ពី​កម្ពុជា​សម្រាប់​ការ​នាំ​មុខ​ទំនិញ​ចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដែល​មាន​តម្លៃ ១​ពាន់​លាន​អឺរ៉ូ​ក្នុង ១​ឆ្នាំៗ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​កន្លង​មក។

ប៉ុន្តែ​គណៈកម្មាធិការ​អឺរ៉ុប នៅតែ​បើក​ផ្លូវ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​ផល​អនុគ្រោះ​ពន្ធ​នេះ​វិញ ប្រសិនបើ​កម្ពុជា​ធ្វើ​តាម​ការ​ទាមទារ​របស់​ខ្លួន​នោះ គឺ​កម្ពុជា​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​បិទ​សិទ្ធិ​សេរីភាព​អ្នក​តវ៉ា​បញ្ចេញ​មតិ​ជាដើម​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស