34.8 C
Phnom Penh

ភរិយា​បណ្ឌិត កែម ឡី ថា​ភាព​អយុត្តិធម៌​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​អណាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយា​បណ្ឌិត កែម ឡី លើកឡើង​ថា ភាព​អយុត្តិធម៌​នៅ​កម្ពុជា បាន​ក្លាយ​ទៅ​ជា​ភាព​អណាធិបតេយ្យ​សម្រាប់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន អស់​ទៅ​ហើយ។

ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​អ្នកស្រី​នៅ​ថ្ងៃនេះ​ដោយ​លើកឡើង​ពី​ទស្សនៈ​ពីរ​ដែល​មាន​លក្ខណៈ​ផ្ទុយគ្នា ប៉ុន្តែ​ទស្សនៈ​ទាំង​ពីរ​នេះ​បែរ​ជា​បង្ហាញ​ពី​ស្ថានភាព​អណាធិបតេយ្យ​ដែល​កើតមាន​ព្រោងព្រាត​នៅ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន​នេះ​បាន​យ៉ាង​ច្បាស់​ទៅវិញ។

អ្នកស្រី​លើកឡើង​ថា មាន​ទស្សនៈ​មួយ​អះអាង​ថា ហេតុ​អ្វី​ក៏​បណ្ឌិត កែម ឡី ចេះ​គ្រប់​មុខ និយាយ​ត្រូវៗ និង​ចំៗ​ម្ល៉េះ​អំពី​ភាព​អយុត្តិធម៌​ដែល​បាន​កើតឡើង​ក្នុង​សង្គម​កម្ពុជា បើ​ទោះបីជា​រឿង​អាស្រូវ​ទាំងនោះ រដ្ឋាភិបាល​ឬ​មន្ត្រី​ថ្នាក់ក្រោម​មួយ​ចំនួន​បាន​ឃុបឃិត​គ្នា​ប្រឹង​លាក់​មិន​ឱ្យ​លេច​ធ្លាយ​ទៅ​ខាងក្រៅ​ក៏ដោយ ហេតុ​អ្វី​នៅតែ​បណ្ឌិត កែម ឡី អាច​ដឹង​បាន​ទៀត​នោះ។

អ្នកស្រី​បញ្ជាក់​ថា ទស្សនៈ​មួយ​នេះ​ត្រូវ​បាន​បដិសេធ​ចោល​ទាំងស្រុង ខណៈ​ពួក​អ្នក​ជំទាស់​អះអាង​ថា តាមពិត បណ្ឌិត កែម ឡី មិន​ដឹង​រឿង​អយុត្តិធម៌​ច្រើន​ទេ ហើយ​គាត់​ក៏​មិន​ចេះ​អ្វី​ច្រើន​ដែរ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​កម្ពុជា បង្កើត​បញ្ហា​ច្រើន​ពេក ដូច្នេះ​បណ្ឌិត កែម ឡី និយាយ​ត្រង់​ណា​ក៏​ត្រូវ​ដែរ។

អ្នកស្រី​អះអាង​ថា នៅ​កម្ពុជា រឿង​អយុត្តិធម៌​មួយ​មិនទាន់​ដោះស្រាយ​បាន​ផង តែ​មន្ត្រី​ខិលខូច​ទាំងនោះ​បែរជា​នាំគ្នា​បង្កើត​រឿង​អយុត្តិធម៌​រាប់​រយ​ជំពូក​បន្ថែម​ទៀត។ ដូច្នេះ​មិន​ចាំបាច់​តែ​បណ្ឌិត កែម ឡី និយាយ​ទេ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​និយាយ​ត្រូវ​ដែរ ព្រោះ​បញ្ហា​អយុត្តិធម៌​សង្គម​នៅ​កម្ពុជា បច្ចុប្បន្ន​នេះ​មាន​ច្រើន​ហួសហេតុ និង​តែង​កើតឡើង​គ្រប់​ទីកន្លែង ដែល​ពួកគេ​អាច​មើល​ឃើញ និង​យល់​បាន​ដោយ​ងាយ។

ការ​អះអាង​នេះ ធ្វើ​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​តែង​បន្សល់​នូវ​សោកនាដកម្ម​ដល់​ជន​រងគ្រោះ​ដែល​មិន​អាច​ទទួល​បាន​នូវ​យុត្តិធម៌​ស្ទើរ​គ្រប់​ករណី​នា​ពេល​កន្លងមក។

កាលពី​អំឡុង​ឆ្នាំ​២០២០ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ផ្តល់​ពិន្ទុ​ឱ្យ​កម្ពុជា ជាប់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន ១២៨ នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា អាក្រក់​បំផុត​នៅ​ក្នុង​លោក ប៉ុន្តែ​ពិន្ទុ​របស់​កម្ពុជា​ល្អ​ជាង​តែ​ប្រទេស​វេណេហ្ស៊ុយអេឡា មួយ​ប៉ុណ្ណោះ។

របាយការណ៍​ដដែល​នេះ​បាន​រក​ឃើញ​ថា ការ​ជ្រៀតជ្រែក​របស់​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​បង្កើត​ឱ្យ​មាន​អំពើ​ពុករលួយ រឹតត្បិត​សិទ្ធិ​មូលដ្ឋាន អសន្តិសុខ​ក្នុង​ប្រទេស ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ ទើប​ធ្វើ​ឱ្យ​នីតិរដ្ឋ​នៅ​កម្ពុជា​ទទួល​បាន​ពិន្ទុ​អាក្រក់​បំផុត​ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភពលោក​បែប​នេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍ រិះគន់​ថា ឃាតកម្ម​ធំៗ​កន្លងមក​លើ​ជន​រងគ្រោះ រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​វែក​រក​មុខ​ឃាតក​ពិត​យក​ទៅ​ផ្ដន្ទាទោស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​សាច់ញាតិ​របស់​ជន​រងគ្រោះ​នោះ​ទេ ក្នុង​នោះ​មាន​ដូចជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ឆ្នាំ​២០០៤ ក្នុង​ទីក្រុង​ភ្នំពេញ ព្រះ​ភិក្ខុ សំ ប៊ុនធឿន ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​ឆ្នាំ​២០០៣។

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​នៅ​ខេត្ត​កោះកុង ក្នុង​ឆ្នាំ​២០១២ និង​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ឆ្នាំ​២០១៦ កណ្តាល​ទីក្រុង​ភ្នំពេញ​ទាំង​កណ្តាល​ថ្ងៃ​ជាដើម។

យ៉ាងណាក៏ដោយ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​អះអាង​កាលពី​ខែ​សីហា ឆ្នាំ​២០២០ ថា លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​បាន​ឡើយ ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ ព្រោះ​សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​សព្វថ្ងៃ​នេះ គឺ​លោក​រក​បាន​មក​ដោយ​លំបាក។

ទោះជាយ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ប្រតិកម្ម​ថា ក្រុម​លោក ហ៊ុន សែន តែងតែ​អួតអាង​ពី​សន្តិភាព​ដែល​រដ្ឋាភិបាល​របស់​លោក​ដឹកនាំ​សព្វថ្ងៃ​នេះ ប៉ុន្តែ​ការពិត គឺជា​ការ​គាប​សង្កត់ និង​បង្ខិតបង្ខំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​សូត្រ​ពាក្យ «អរគុណ​សន្តិភាព» ក្រោម​ចុង​កាណុង​កាំភ្លើង​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស