មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា ថ្ងៃទី៤ ខែមិថុនា គឺជាខួប ៧២ឆ្នាំដែលខ្មែរក្រោមឈឺចាប់ព្រោះតែទឹកដីកូសាំងស៊ីន ឬទឹកដីកម្ពុជាក្រោម បានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម បន្តពីអាណានិគមនិយមបារាំង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៤ ខែឧសភា ថា មេដឹកនាំកុម្មុយនីស្តវៀតណាម តែងតែចិញ្ចឹមមហិច្ឆតាលេបយកទឹកដីកម្ពុជាទៅគ្រប់គ្រងក្រោមអំណាចរបស់ខ្លួនទៅតាមកាលៈទេសៈនយោបាយជាបន្តបន្ទាប់ឥតឈប់ឈរ។
លោកអះអាងថា អំណាចរដ្ឋការក្រុងហាណូយ ត្រូវបានគេមើលឃើញថា ពួកគេកំពុងតែជ្រៀតជ្រែកកិច្ចការនយោបាយបំបែកបំបាក់ជាតិខ្មែរតាមរយៈនៃការឈ្លានពាន ដោយការប្រឹងព្យាយាមរំលោភយកទឹកដីខ្មែរតាមគ្រប់រូបភាព ដូចជាការរំលោភយកទឹកដីកម្ពុជាក្រោមក្នុងឆ្នាំ១៩៤៩ និងការខ្ចីដីខ្មែរធ្វើទីលានសមរភូមិឈរជើងប្រយុទ្ធជាមួយកងទ័ពអាមេរិក និងវៀតណាមខាងត្បូងក្នុងអំឡុងទសវត្សទី៧០ ជាដើម។
លោកបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ បើទោះបីកម្ពុជាត្រូវបានធានា និងការពារដោយកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលមានវៀតណាម បានចុះហត្ថលេខាទទួលស្គាល់ក៏ដោយ ប៉ុន្តែបរទេសឈ្លានពានមួយនេះនៅតែប្រើឥទ្ធិពលគ្រប់វិធីសាស្ត្រដោយផ្ទាល់ និងប្រយោលជានិច្ចក្នុងកិច្ចការនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចលើកម្ពុជា។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា ដើម្បីបញ្ឈប់មហិច្ឆតាឈ្លានពានរបស់បរទេសជិតខាង និងអាចរក្សាបាននូវអធិបតេយ្យជាតិរបស់ខ្លួន គឺរដ្ឋាភិបាលខ្មែរត្រូវតែមានការផ្សះផ្សា ការបង្រួបបង្រួម និងឯកភាពជាតិរវាងខ្មែរ និងខ្មែរតែប៉ុណ្ណោះ ទើបជាដំណោះស្រាយមានប្រសិទ្ធភាព ហើយក៏អាចបញ្ចប់នូវវប្បធម៌នយោបាយហិង្សាណាដែលធ្លាប់តែបំបែកបំបាក់សាមគ្គីជាតិខ្មែរកន្លងមកផងដែរ។
ការអះអាងនេះ ធ្វើឡើងស្របពេលគម្រប់ខួប ៧២ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងហាណូយ បន្តពីអាណានិគមនិយមបារាំងតាំងពីឆ្នាំ១៩៤៩ កន្លងទៅនោះ។
ប្រធានសហព័ន្ធខ្មែរក្រោមពិភពលោកប្រចាំនៅប្រទេសកាណាដា លោក ថាច់ ងុកថាច់ ធ្លាប់បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily ថា ចាប់តាំងពីទទួលសិទ្ធិគ្រប់គ្រងពីបារាំង មកគឺវៀតណាមបានប្រើល្បិចកលដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណខ្មែរ ជំនឿសាសនា រំលោភសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃ។
លើសពីនេះ ពួកគេបានផ្លាស់ប្ដូរទំនៀមទម្លាប់ប្រពៃណីខ្មែរ និងធ្វើទុក្ខបុកម្នេញ ចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមដាក់ពន្ធនាគារ ដើម្បីបង្ក្រាបការប្រឆាំងតវ៉ាទាមទារសិទ្ធិជាជនជាតិដើមកំណើតយ៉ាងធ្ងន់ធ្ងរ។
ចំណែកឯប្រធានផ្នែកគោលនយោបាយនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន បានអះអាងថា ចំណុចខ្លាំងរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម គឺត្រូវតែបន្តរក្សាអត្តសញ្ញាណជាតិ ព្រះពុទ្ធសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ហើយត្រូវបន្តប្រើប្រាស់ភាសា និងអក្សរសាស្ត្រខ្មែរឱ្យបានកាន់តែទូលំទូលាយថែមទៀត។
ទឹកដីកម្ពុជាក្រោមជាដីសណ្ដស្ថិតនៅភាគខាងក្រោមនៃប្រទេសកម្ពុជា ដែលមាន ២១ខេត្ត និងទំហំប្រមាណជិត ៧ម៉ឺនគីឡូម៉ែត្រក្រឡា ប្រហែលពាក់កណ្តាលនៃផ្ទៃដីសរុបរបស់កម្ពុជាបច្ចុប្បន្ន។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំង បានអនុម័តកាត់ទឹកដីកម្ពុជាក្រោម ដែលហៅថាកូសាំងស៊ីន (Cochinchine) ទៅឱ្យវៀតណាមគ្រប់គ្រង ដោយគ្មានការឯកភាពពីព្រះមហាក្សត្រខ្មែរក្នុងអំឡុងពេលបារាំងដាក់អាណាព្យាបាលលើកម្ពុជានោះទេ។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានចោទជាសំណួរថា តើកម្ពុជាដែលបានតវ៉ាទាមទារទឹកដីកម្ពុជាក្រោមកូសាំងស៊ីនពីបារាំង នៅមុនពេលបារាំងប្រគល់កូសាំងស៊ីនទៅឱ្យអណ្ណាមដែរឬទេ?
យោងតាមព្រះរាជសាររបស់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទនរោត្តម សីហនុ លេខ១១១ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៤៩ ដែលបារាំងបានតម្កល់ទុកនៅក្រុងប៉ារីស មានបន្ទូលថា ព្រះអង្គបានផ្ញើព្រះរាជសារជូនលោក អិល ពីញ៉ុង (L. Pignon) ឧត្ដមស្នងការរបស់បារាំងសម្រាប់ឥណ្ឌូចិន សូមឱ្យទទួលស្គាល់ព្រះរាជបេសកជនជាន់ខ្ពស់បីរូបរបស់កម្ពុជា រួមមានលោក សឺន សាន លោក ឈាន វ៉ម និងលោក ធន់ អ៊ុក ដើម្បីតវ៉ាទាមទារទឹកដីកម្ពុជាក្រោមកូសាំងស៊ីន។
តំណាងជាន់ខ្ពស់នៃប្រទេសបារាំង លោក អិល ពីញ៉ុង (L. Pignon) តាមរយៈលិខិតចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៤៩ បានទូលថ្វាយតបថា សម្រាប់បារាំង ទឹកដីកូសាំងស៊ីននេះ បើបារាំងប្រគល់ គឺប្រគល់ឱ្យអណ្ណាម ដោយសារមានសន្ធិសញ្ញាបារាំង-អណ្ណាម ឆ្នាំ១៨៦២ និង ១៨៦៤ ហើយបារាំងរុញឱ្យកម្ពុជាទៅតវ៉ាជាមួយអណ្ណាម។
លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ឯកសារបារាំងបានពីក្នុងបណ្ណសារដ្ឋានជាតិបារាំងក្រុងប៉ារីស ក្នុងអំឡុងបារាំងស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក វ៉ាំងសង់ អូរីយ៉ូល (Vincent Auriol) ពីខាងគណបក្សសង្គមនិយម ដែលត្រួតត្រាទាំងរដ្ឋាភិបាល និងសភាជាតិ បានលួចប្រគល់កូសាំងស៊ីនឬកម្ពុជាក្រោម ទៅឱ្យប្រទេសអណ្ណាមបាវដាយ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
កាលនោះ អណ្ណាមប្បទេសនៅមិនទាន់ដូរឈ្មោះជាវៀតណាមទេ។ ពេលនោះ នៅមុនការប្រគល់កូសាំងស៊ីនទៅឱ្យអណ្ណាម គឺមានការតវ៉ាគ្នាដ៏តឹងតែងក្នុងរដ្ឋសភាបារាំង។ សមាជិកសភាបារាំងខាងអភិរក្សនិយម (ដែលមានចំនួនតិចជាងសមាជិកសភាខាងសង្គមនិយម និងកុម្មុយនិស្តនិយម) នោះ បានតវ៉ាក្នុងនាមកម្ពុជាថា វៀតណាមមិនមែនជាសមាគមរដ្ឋ ឬ État associé សមាជិកសភាសហព័ន្ធឥណ្ឌូចិន ហើយកម្ពុជាជាសមាជិកឯករាជ្យក្នុងសភានេះតាំងពីមិនទាន់មានឈ្មោះវៀតណាម និងនៅមុនអណ្ណាមប្បទេសបានចូលជាសមាជិកសហព័ន្ធឥណ្ឌូចិនបារាំងទៅទៀត។
ឯកសារស្រាវជ្រាវរបស់បណ្ឌិតប្រវត្តិសាស្ត្រអាមេរិកាំង Michael Vickery សរសេរថា អណ្ណាមបានខ្ចីទឹកដីកម្ពុជាក្រោមមែន ប៉ុន្តែអណ្ណាមទន្ទ្រានយកទឹកដីខ្មែរបន្តិចម្ដងៗចាប់ពីជាង ៤០ឆ្នាំ ក្រោយពីព្រះបាទជ័យជេដ្ឋាទី២ សុគត (ស៊ិក) ទៅ៕