ក្នុងពេលបច្ចុប្បន្ននេះ លោក កឹម សុខា គឺមេដឹកនាំនយោបាយមួយរូបដែលកំពុងរងសម្ពាធពីគណបក្សកាន់អំណាចក្នុងការរឹតត្បិតសិទ្ធិសេរីភាព និងរងសម្ពាធពីអតីតសហការីក្នុងការជំរុញឲ្យលោកសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន ដូចពួកគេ ដើម្បីចូលរួមប្រកួតបោះឆ្នោតនាពេលខាងមុខ។
ដោយសារជាប់ក្នុងបំរាមតុលាការ លោក កឹម សុខា បានបន្តភាពស្ងៀមស្ងាត់ដោយមិនឆ្លងឆ្លើយអ្វីឡើយ ប៉ុន្តែបានបង្ហាញការបន្តធ្វើសកម្មភាពការទូត និងមនុស្សធម៌តែប៉ុណ្ណោះ។
តើអ្វីជាបុព្វហេតុដែលនាំឲ្យលោក កឹម សុខា ប្រកាន់យកនយោបាយអហិង្សា?
លោក កឹម សុខា ដែលជាសកម្មជនសិទ្ធិមនុស្ស និងជាអ្នកនយោបាយខ្មែរដ៏ល្បីល្បាញមួយរូប បានក្លាយជានិមិត្តរូបនៃចលនានយោបាយអហិង្សានៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
និមិត្តរូបនេះប្រហែលជាបានកើតឡើងដោយសារតែសកម្មភាព និងគោលការណ៍របស់គាត់ស្រដៀងគ្នានឹងអ្វីដែលឥស្សរជនអហិង្សាល្បីៗក្នុងពិភពលោកបានធ្វើកន្លងមក។
ឥស្សរជនទាំងនោះរួមមាន លោក មហាត្មៈគន្ធី នៅប្រទេសឥណ្ឌា លោកបណ្ឌិត ម៉ាទីន លូស៊ើឃីង នៅសហរដ្ឋអាមេរិក លោក ណេលសុន ម៉ាន់ដឺឡា នៅប្រទេសអាហ្វ្រិកខាងត្បូង និងអ្នកស្រី អ៊ុងសាន ស៊ូជី នៅភូមា។ បើទោះបីសកម្មភាពរបស់ពួកគេទាំងនោះបានកើតឡើងក្នុងប្រទេស និងពេលវេលាខុសគ្នាក្តី ប៉ុន្តែពួកគេមានចំណុចរួមខ្លះដែលគួរឱ្យកត់សម្គាល់។
ក្នុងចំណោមចំណុចរួមទាំងនោះ គេសង្កេតឃើញមានចំណុចធំៗពីរ គឺការប្រកាន់គោលការណ៍មិនតបត ប៉ុន្តែសកម្មបម្រើ និងស្វិតស្វាញនៅជាមួយពលរដ្ឋតាមលទ្ធភាពដែលពួកគេអាចធ្វើបាន និងការប្រកាន់គោលនយោបាយបង្រួបបង្រួមជាតិ ដោយមិនគុំកួនសងសឹកចំពោះគូបដិបក្ខ។ ឧទាហរណ៍ក្រោយពេលជាប់ឆ្នោត និងបានឡើងកាន់អំណាចភ្លាមៗ លោក ណេលសុន ម៉ាន់ដឺឡា បានទៅសួរសុខទុក្ខ និងបានលើកលែងទោសអតីតមេដឹកនាំដែលធ្លាប់ធ្វើបាបលើរូបលោក។
ស្រដៀងគ្នានេះ លោក កឹម សុខា តែងតែប្រកាសនូវនយោបាយអហិង្សា ដោយមិនឈ្លោះ មិនឆ្លើយ មិនឆ្លង តែចុះជាប់ជាមួយពលរដ្ឋ និងមិនយកខ្មែរណាជាសត្រូវ ដូចជាសារនយោបាយខ្មែរតែមួយរបស់លោកជាដើម។
បើតាមសៀវភៅមួយដែលមានចំណងជើងថា “កឹម សុខា និងប្រជាបូជនីយកិច្ចដើម្បីសេរីភាព” ដែលបោះពុម្ពក្នុងខែមីនា ឆ្នាំ២០០៦ លោក កឹម សុខា បានបង្កើតអង្គការសិទ្ធិមនុស្សដំបូងក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩១ ដែលអង្គការនោះមានឈ្មោះថា «អង្គការរក្សាការពារសិទ្ធិមនុស្សនៅកម្ពុជា ឬហៅកាត់ថា Vigilance»។
បន្ទាប់មក លោក កឹម សុខា បានក្លាយជាអ្នកនយោបាយដ៏លេចធ្លោមួយរូបតាមរយៈតួនាទីជាអ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងនៃរដ្ឋសភា និងព្រឹទ្ធសភារបស់ប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០២ មុននឹងលោកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានាចុងឆ្នាំដដែលនោះ។
ក្រោយមក លោក កឹម សុខា បានបង្កើតគណបក្សសិទ្ធិមនុស្ស ក្នុងឆ្នាំ២០០៧ ហើយលោកបានដឹកនាំគណបក្សនេះរួបរួមជាមួយគណបក្ស សម រង្ស៊ី ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១២។
បើគេមើលអំពីដំណើរជីវិតរបស់លោក កឹម សុខា ដូចដែលបានដកស្រង់ខាងលើ គេអាចឃើញថា សកម្មភាពរបស់គាត់វិលចុះវិលឡើងតែជុំវិញបញ្ហាសិទ្ធិមនុស្ស និងនយោបាយ។
ចំណុចនេះអាចឆ្លុះបញ្ចាំងថា ការធ្វើនយោបាយរបស់គាត់ដើម្បីសិទ្ធិមនុស្ស និងការធ្វើការងារសិទ្ធិមនុស្សដើម្បីសិទ្ធិ ឬសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ។ ប៉ុន្តែបើទោះបីសកម្មភាពរបស់គាត់ដើម្បីសិទ្ធិសេរីភាព ឬសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរក៏ដោយចុះ តើដំណើរជីវិតរបស់គាត់ក្នុងបុព្វហេតុនេះមានភាពរលូនដែរឬទេ?
មិនខុសពីលោក មហាត្មៈគន្ធី លោក ណេលសុន ម៉ាន់ដឺឡា លោកស្រី អ៊ុងសាន ស៊ូជី និងអ្នកតស៊ូអហិង្សាដទៃទៀត ជីវិតលោក កឹម សុខា បានឆ្លងកាត់ការគំរាមកំហែង ការជាប់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញផ្សេងៗពីសំណាក់ក្រុមអ្នកកាន់អំណាច។
តាមរយៈអត្ថបទចុះផ្សាយរបស់សារព័ត៌មាន South East Asia Globe ក្នុងខែកក្កដា ឆ្នាំ២០១៤ លោកបណ្ឌិត Markus Kabaum អ្នកផ្តល់ការប្រឹក្សាឯករាជ្យខាងផ្នែកនយោបាយកម្ពុជា បាននិយាយថា លោក កឹម សុខា បានដាក់ខ្លួនគាត់ក្នុងភ្នក់ភ្លើងជាច្រើនលើកច្រើនគ្រាដោយសារតែគាត់ហ៊ាននិយាយប្រឆាំងនឹងក្រុមអ្នកកាន់អំណាច។
បើគេពិនិត្យមើលកំណត់ត្រាក្នុងសៀវភៅស្ដីពី “កឹម សុខា និងប្រជាបូជនីយកិច្ចដើម្បីសេរីភាព” ឯកសារសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងបណ្ដាញសារព័ត៌មាននានា ជីវិតលោក កឹម សុខា ឆ្លងកាត់ឧបសគ្គ និងគ្រោះថ្នាក់ជាបន្តបន្ទាប់ដោយសារតែសកម្មភាពសិទ្ធិមនុស្ស និងនយោបាយរបស់គាត់។
ក្នុងទសវត្សឆ្នាំ១៩៨០ លោក កឹម សុខា ត្រូវបានរដ្ឋអំណាចនៃរដ្ឋាភិបាលកុម្មុយនិស្តនាពេលនោះតាមដាន និងប៉ុនប៉ងចាប់ខ្លួនដោយសារតែលោកបានប្រើប្រាស់តួនាទីខ្លួនជាមន្ត្រីនៃសង្កាត់ទឹកល្អក់ ក្នុងរាជធានីភ្នំពេញ ដើម្បីលួចជួយជាសម្ងាត់ដល់ចលនាតស៊ូខ្មែរអ្នកជាតិនិយមដែលប្រឆាំងនឹងកងទ័ពវៀតណាមក្នុងប្រទេសកម្ពុជា។
“អាចោរលួចអង្ករ”
លោក ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងអំពីរឿងនេះក្នុងទសវត្សឆ្នាំ២០០០ ដោយហៅលោក កឹម សុខា ថា “អាចោរលួចអង្ករ” គឺក្នុងពេលដែលលោក កឹម សុខា ដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាធ្វើយុទ្ធនាការលើកស្ទួយសេរីភាពបញ្ចេញមតិតាមរយៈការរៀបចំវេទិកាសាធារណៈ និងព្រឹត្តិការណ៍នានាទូទាំងប្រទេស។
ក្នុងខែកញ្ញា ឆ្នាំ១៩៩៨ លោក ហ៊ុន សែន និងតុលាការរបស់លោក ហ៊ុន សែន បានប្រកាសចាប់ខ្លួនលោក កឹម សុខា ពាក់ព័ន្ធនឹងតួនាទីរបស់គាត់ចូលរួមដឹកនាំបាតុកម្មប្រឆាំងនឹងភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតនាពេលនោះ។
ក្នុងខណៈនោះ លោក កឹម សុខា ត្រូវបានមន្ត្រីអង្គការសហប្រជាជាតិនាំយកទៅលាក់ខ្លួនក្នុងស្ថានទូតបរទេសមួយក្នុងរាជធានីភ្នំពេញ។ ក្នុងពេលចុះទៅរៀបចំវេទិកាសម្ដែងមតិនៅខេត្តព្រះវិហារ នាឆ្នាំ២០០៤ លោក កឹម សុខា បានទទួលរងការគំរាមកំហែងពីកងយោធារាប់ឡានដែលមកអុកឡុកសណ្ឋាគារដែលគាត់កំពុងស្នាក់នៅនោះស្ទើរពេញមួយយប់។
បន្ទាប់មក លោកត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៥ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ទាក់ទិននឹងការសម្ដែងមតិរបស់ពលរដ្ឋលើបដាពណ៌លឿងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ក្នុងឆ្នាំ២០១៣ នៅពេលដែលលោក កឹម សុខា បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ក្នុងខេត្តកំពង់ចាម គាត់ត្រូវបានកងយោធារាប់រយនាក់ព័ទ្ធសណ្ឋាគារដែលគាត់កំពុងស្នាក់នៅ និងធ្វើការគំរាមកំហែងដល់អាយុជីវិតរបស់គាត់។
ដោយមានជំនួយពីអង្គការក្រៅរដ្ឋាភិបាលមួយ លោកបាត់គេចផុតពីការឡោមព័ទ្ធ និងការតាមប្រដេញបុករថយន្តរបស់លោកពីសំណាក់ពួកយោធានាពេលនោះ។ តែទោះបីលោកបានរួចផុតពីការតាមធ្វើទុក្ខបុកម្នេញទាំងនេះម្តងហើយម្តងទៀតក្តី ទីបំផុតលោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចោទនិងចាប់ដាក់ពន្ធនាគារទាំងពាក់កណ្តាលអាធ្រាត្រនាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ និងបន្តបិទសេរីភាពនយោបាយរបស់លោករហូតដល់ពេលបច្ចុប្បន្ននេះ។
យោងតាមហេតុការណ៍ដ៏ព្រឺព្រួចដូចខាងលើ គេអាចឆ្ងល់ថា ហេតុអ្វីបានជាលោក កឹម សុខា នៅតែបន្តការតស៊ូរបស់គាត់ដោយប្រកាន់យកគោលនយោបាយអហិង្សា ហើយសុខចិត្តបន្តរស់នៅក្នុងទុក្ខលំបាកបែបនេះ? តើអ្វីទៅជាបុព្វហេតុដែលនាំឱ្យលោក កឹម សុខា ជ្រើសរើសយកគោលនយោបាយអហិង្សា?
គេពិបាកឆ្លើយនឹងសំណួរនេះជំនួសលោក កឹម សុខា ណាស់។ តែគេអាចពិនិត្យមើល និងវិភាគលើសកម្មភាព និងសារនយោបាយខ្លះៗរបស់គាត់។
ក្នុងអំឡុងពេលដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា តែងតែដាស់តឿនសហការី និងថ្លែងប្រាប់សាធារណជនខ្មែរថា
«បើគ្មានការប្រថុយទេ ក៏គ្មានការផ្លាស់ប្ដូរដែរ»
ស្របគ្នានឹងសារនេះ លោក កឹម សុខា បានថ្លែងប្រាប់អ្នកគាំទ្ររបស់លោកក្នុងសមាជលើកដំបូងរបស់គណបក្សសិទ្ធិមនុស្ស ក្នុងខែកក្កដា ឆ្នាំ២០០៧ ថា អ្វីដែលលោកអាចសន្យាបាន គឺលោកមិនរត់ចោលពលរដ្ឋខ្មែរទេ។ សារទាំងនេះប្រហែលជាការបញ្ជាក់អំពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់លោកក្នុងការបន្តការតស៊ូគ្រប់ឧបសគ្គ និងកាលៈទេសៈ។
ចាប់តាំងពីប្រទេសកម្ពុជាទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសភ្លាម សកម្មភាពលោក កឹម សុខា ផ្ដោតលើបញ្ហាសិទ្ធិមនុស្សជាចម្បង។
លោកបានបង្កើតអង្គការសិទ្ធិមនុស្សដំបូងគេក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៩១ បានតស៊ូបង្កើត និងដឹកនាំគណៈកម្មការសិទ្ធិមនុស្សក្នុងរដ្ឋសភា និងព្រឹទ្ធសភាពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ បង្កើតនិងដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៧ ហើយបានបង្កើត និងដឹកនាំគណបក្សសិទ្ធិមនុស្ស ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។ ទាំងនេះប្រហែលអាចជាអំណះអំណាងបញ្ជាក់អំពីបេះដូង ឬការតាំងចិត្តរបស់គាត់ចំពោះការការពារសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ។
ក្រៅពីនេះ គេរមែងធ្លាប់ឮសារដែលលោកធ្លាប់ថ្លែងថា៖ «ខ្ញុំនិងក្រុមគ្រួសារស៊ូទ្រាំរងទុក្ខបុកម្នេញទាំងនេះ ព្រោះខ្ញុំមើលឃើញថាជាតិខ្ញុំមានទុក្ខធ្ងន់ជាងខ្ញុំទៅទៀត! ឬខ្ញុំស៊ូរងទុក្ខនៅថ្ងៃនេះ ដើម្បីពលរដ្ឋរបស់ខ្ញុំបានសុខទៅថ្ងៃមុខ! រួមនឹងសារជាច្រើនទៀត»។ ដូច្នេះ ចំណុចនេះប្រហែលអាចបញ្ជាក់អំពីការគិតរបស់លោកដែលយល់ថាវាមានតែការធានាបាននូវការគោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋតាមគោលការណ៍ប្រជាធិបតេយ្យទេ ទើបខ្មែរអាចរស់បានសុខ និងមានតែការលះបង់សេចក្តីសុខផ្ទាល់ខ្លួនទេ ទើបការតស៊ូនោះអាចទទួលបានជោគជ័យ។
ជាមួយគ្នានេះ សកម្មភាពសិទ្ធិមនុស្សរបស់លោក កឹម សុខា ប្រហែលអាចជាតឹកតាងបញ្ជាក់អំពីការឱ្យតម្លៃ និងភាពជឿជាក់របស់លោកលើពលរដ្ឋខ្មែរ។
ក្នុងនាមប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា បានដឹកនាំរៀបចំវេទិកាសាធារណៈតាមសហគមន៍នានាទូទាំងប្រទេសកម្ពុជា ក្នុងការផ្តល់ឱកាសដល់ពលរដ្ឋខ្មែរគ្រប់កម្រិតដើម្បីមានលទ្ធភាពបញ្ចេញមតិអំពីបញ្ហាសហគមន៍ និងជាតិរបស់ពួកគេ។ ចាប់តាំងពីចុងឆ្នាំ២០០២ រហូតដល់ពាក់កណ្តាលឆ្នាំ២០០៧ លោក កឹម សុខា បានចូលរួមវេទិកាសម្ដែងមតិ និងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរប្រមាណមួយលាននាក់។
ការចុះជួបពលរដ្ឋផ្ទាល់របស់គាត់នៅតាមបណ្តាសហគមន៍បែបនេះ គឺមិនគ្រាន់តែជាការបញ្ជាក់អំពីការជឿជាក់របស់គាត់លើពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែក៏អាចជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់គាត់ចំពោះពួកគេផងដែរ។
ការអះអាងបែបនេះ គឺស៊ីគ្នានឹងអ្វីដែលគាត់បានថ្លែងសារនៅក្នុងសមាជលើកទី១ នៃគណបក្សសិទ្ធិមនុស្ស ក្នុងខែកក្កដា ថា លោកបានឮសំឡេងពលរដ្ឋដោយផ្ទាល់អំពីទុក្ខវេទនារបស់ពួកគេ ហើយដឹងថាពួកគេចង់បានអ្វី និងត្រូវការអ្វី។
ជាថ្មីម្តងទៀត លោក កឹម សុខា បានថ្លែងសារនយោបាយស្រដៀងគ្នានេះទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងប្រទេសអូស្ត្រាលី នាឆ្នាំ២០១៣។ ពេលនោះ លោក កឹម សុខា ថ្លែងអំពីការជឿលើពលរដ្ឋខ្មែរក្នុងការផ្លាស់ប្ដូរប្រទេសកម្ពុជា តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយថាការចុះអប់រំពលរដ្ឋខ្មែរនៅមូលដ្ឋានដែលជាដំណើរផ្លាស់ប្ដូរពីក្រោមមកលើ គឺរឿងចាំបាច់។ ដោយផ្អែកលើវីដេអូនៃការថ្លែងសារនោះហើយ ដែលលោក ហ៊ុន សែន យកមកប្រើជាមូលដ្ឋានក្នុងការចោទប្រកាន់ និងចាប់ខ្លួនលោកកាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ អំពីបទក្បត់ជាតិ។ ដូច្នេះ ចំណុចនេះអាចបញ្ជាក់ថា លោក កឹម សុខា ចាត់ទុកការយល់ដឹង និងការចូលរួមរបស់ពលរដ្ឋខ្មែរក្នុងការសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន គឺជារឿងចាំបាច់។
កំណត់ត្រាមួយក្នុងសៀវភៅស្ដីពី “កឹម សុខា និងប្រជាបូជនីយកិច្ចដើម្បីសេរីភាព” បានដកស្រង់បណ្តាំរបស់លោក កឹម សុខា ពីក្នុងពន្ធនាគារព្រៃសតាមរយៈភរិយា និងមេធាវីរបស់លោកក្នុងខែមករា ឆ្នាំ២០០៦។ បណ្តាំនោះ គឺជាសាររបស់លោកដែលបានផ្ញើជូនជនរួមជាតិខ្មែរនៅពេលនោះថា៖
១) សូមផ្តាំសួរសុខទុក្ខពលរដ្ឋខ្មែរទាំងអស់ដែលស្រឡាញ់ប្រជាធិបតេយ្យ សូមកុំគិតអំពីសុខទុក្ខរបស់លោកអី។
២) លោកសុខចិត្តជាប់គុកជំនួសពលរដ្ឋខ្មែរ ឱ្យតែប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពបញ្ចេញមតិបន្តទៀត។
៣) សូមពលរដ្ឋខ្មែរកុំអស់សង្ឃឹម កុំតក់ស្លុត កុំភ័យខ្លាច ត្រូវព្យាយាមតស៊ូបន្តទៅទៀតដោយអហិង្សា។
ស្រដៀងគ្នានឹងបណ្តាំខាងលើ លោក កឹម សុខា ក៏បានថ្លែងសារដោយកំសួលចិត្តក្នុងសមាជរបស់គណបក្សសិទ្ធិមនុស្សក្នុងខែកក្កដា ឆ្នាំ២០០៧ អំពីបទពិសោធន៍នៃការផ្លាស់ប្ដូររបប និងមេដឹកនាំជាច្រើនជំនាន់ក្នុងប្រទេសកម្ពុជា ដែលសុទ្ធតែកើតឡើងដោយហិង្សា និងការបង្ហូរឈាម ហើយថាការផ្លាស់ប្ដូរបែបនោះ គឺប្រជាពលរដ្ឋខ្មែរជាអ្នកចាញ់រហូត។ ដូច្នេះ ចំណុចនេះប្រហែលអាចជាការបញ្ជាក់អំពីការជឿជាក់ និងការឱ្យតម្លៃលើមាគ៌ាអហិង្សារបស់គាត់។
សរុបសេចក្តីមក ប្រហែលជាគេអាចសន្និដ្ឋានជារួមមួយថា ការជឿលើគោលការណ៍សិទ្ធិមនុស្ស ការជឿជាក់លើពលរដ្ឋខ្មែរ និងការមើលឃើញទុក្ខវេទនារបស់ជាតិខ្មែរដែលឆ្លងកាត់បទពិសោធន៍នៃការផ្លាស់ប្ដូរសង្គមតាមរយៈមធ្យោបាយហិង្សា គឺជាឧបហេតុចម្បងៗដែលនាំឱ្យលោក កឹម សុខា ប្រកាន់ខ្ជាប់នូវនយោបាយអហិង្សា៕