30 C
Phnom Penh

ចិន​ជិត​ដល់​ការ​ប្រកាស​អាសន្ន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​រាលដាល​ពេញ​ប្រទេស​ម្ដង​ទៀត​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិន​នៅ​ពេល​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្លូវ​ដង្ហើម​ដ៏​ធ្ងន់ធ្ងរ​ជា​ថ្មី​ម្ដង​ទៀត ដែល​ប្រទេស​នេះ​គឺជា​ប្រភព​នៃ​ការ​ផ្ទុះ​មេរោគ​ជំងឺ​ប្រភេទ​នេះ​មុនគេ។ នៅ​ពេល​ពិភពលោក​កំពុង​ចាប់ផ្ដើម​ស្ងប់ស្ងាត់​ដោយ​ពួកគេ​អាច​ទប់​បាន​ជំងឺឆ្លង​ដ៏​កំណាច​នេះ បែរ​ជា​ចិន​ជា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​លំដាប់​ទី​២ លើ​ពិភពលោក ចាប់ផ្តើម​ផ្ទុះ​ជំងឺ​នេះ​ជា​ថ្មី​ម្ដង​ទៀត។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ឲ្យ​ដឹង​ថា មនុស្ស​ដែល​ផ្ទុក​មេរោគ​នេះ​ក្នុង​ខ្លួន ហើយ​កំពុងតែ​ឆ្លង​ជា​ក្រុម​មាន​អាយុ​ពី ៦០​ឆ្នាំ​ឡើង​ទៅ។ នៅ​តាម​បណ្ដា​ខេត្ត ក្រុង ជាពិសេស​នៅ​ក្រុង​ប៉េកាំង ដែល​មាន​ប្រជាជន​ជិត ២១​លាន​នាក់ កំពុង​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​យ៉ាង​ខ្លាំង។

នៅ​មន្ទីរពេទ្យ​ជាច្រើន​របស់​រដ្ឋធានី​មួយ​នេះ ពោរពេញ​ដោយ​អ្នក​ជំងឺ​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​មនុស្ស​ចាស់។ អ្នក​ខ្លះ​បាន​ចាក់​វ៉ាក់សាំង ខ្លះ​ទៀត​ថា​ពួកគេ​មិន​បាន​ចាក់​ទាល់តែសោះ​សូម្បី​ម្ដង​ក៏ដោយ។

នៅ​ពេល​ដែល​ពិភពលោក​សម្រុក​ចាក់​វ៉ាក់សាំង រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន សម្រុក​ចាក់​តែ​នៅ​លើ​មនុស្ស​ដែល​មាន​វ័យ​កំពុង​បំពេញ​ការងារ និង​ក្រោម​អាយុ ៦០​ឆ្នាំ។ ចំណែក​មនុស្ស​ចាប់ពី ៦៥​ឆ្នាំ​ឡើង​ទៅ រដ្ឋាភិបាល​ចាត់ទុក​ជា​ជំហាន​ក្រោយ។ អ្នក​ឆ្លង​ជំងឺ​នេះ​គឺជា​មនុស្ស​ចាស់​វ័យ​ជាង ៧០​ឆ្នាំ​មាន​ភាគរយ​ខ្ពស់​បំផុត។

លោក Yanzhong Huang អ្នកជំនាញ​ម្នាក់​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ បាន​លើកឡើង​ថា គោល​នយោបាយ​កូវីដ​សូន្យ​ដែល​ចិន​បាន​អនុវត្ត​កន្លងមក ៣​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​មិន​ចាប់​អារម្មណ៍​រឿង​ចាក់​វ៉ាក់សាំង​បង្ការ​អ្វី​នោះ​ទេ។

ចំណុច​គុណវិបត្តិ គឺ​វ៉ាក់សាំង​ចិន មាន​ប្រសិទ្ធភាព​ទាប​បំផុត បើ​ធៀប​នឹង​វ៉ាក់សាំង​របស់​អាមេរិក និង​អឺរ៉ុប។

ជា​ការពិត​ណាស់ ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ចិន​ទៅ​លើ​វ៉ាក់សាំង​ផលិត​ដោយ​មន្ទីរពិសោធន៍​ចិន គឺជា​បញ្ហា​ដែល​នាំ​ឱ្យ​ការ​ចង់​ចាក់​វ៉ាក់សាំង​មាន​កម្រិត​ទាប​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន ជាពិសេស​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក។

តាម​ការ​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ​ហុងកុង បង្ហាញ​ថា វ៉ាក់សាំង​របស់​ចិន ប្រសិនបើ​ចាក់​ឲ្យ​បាន​គ្រប់​ចាប់ពី ៤​ដូស​ឡើង​ទៅ គឺ​អាច​ទប់ទល់​មិន​ឲ្យ​អ្នកជំងឺ​ឈឺ​ធ្ងន់​បាន សម្រាប់​អ្នកជំងឺ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ចុះ​ក្រោម។

ប៉ុន្តែ​លោក Xi Chen សាស្ត្រាចារ្យ​ជំនាញ​នៅ​សាកលវិទ្យាល័យ Yale យល់​ថា ការ​ចាក់​វ៉ាក់សាំង​ចិន ៣​ដូស​អាច​កាត់បន្ថយ​ករណី​ស្លាប់​មិន​ឲ្យ​មាន​ច្រើន​ពិត​មែន តែ​ចិន​គួរ​ណាស់​ចាប់ផ្តើម​ពិចារណា​ចាក់​វ៉ាក់សាំង​ប្រភេទ ARN របស់​អាមេរិក និង​អឺរ៉ុប ដើម្បី​ឲ្យ​ប្រជាជន​របស់​ខ្លួន​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​រឹងមាំ និង​យូរ​អង្វែង​ទប់ទល់​កូវីដ-១៩។

យ៉ាងណា ប្រទេស​ដែល​មាន​ប្រជាជន​ជាង ១៤០០​លាន​នាក់​នេះ បាន​ចាក់​វ៉ាក់សាំង​តែ​ជាង ១០% ប៉ុណ្ណោះ។

យោង​តាម​តួលេខ​ផ្លូវការ​របស់​រដ្ឋ​ចិន ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​មាន​ត្រឹម​ជាង ១០% បន្តិច​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​ចិន។ តែ​ចំពោះ​មនុស្ស​ចាស់​អាយុ​ចាប់ពី ៨០​ឆ្នាំ​ឡើង​ទៅ រដ្ឋ​អំណាច​ចិន​សឹង​មិន​ឱ្យ​ពួកគាត់​ទទួល​បាន​វ៉ាក់សាំង​នោះ​ទេ គឺ​ត្រឹមតែ ១​ភាគ​៣ ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២២ ធ្នូ អ្នក​សារព័ត៌មាន AFP បាន​ចុះ​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងត្បូង​ក្រុង​ប៉េកាំង ដែល​នៅ​ពេល​នោះ​គេ​ឃើញ​សាកសព​របស់​មនុស្ស​ចំនួន ៤០​នាក់ ត្រូវ​ពេទ្យ​រុំ​ថង់​ប្លាស្ទិក ហើយ​ចំនួន​អ្នក​ដែល​ស្លាប់ គឺ​ក្នុង​រយៈពេល​តែ ២​ម៉ោង​ប៉ុណ្ណោះ។ តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ថា សាកសព​ទាំងនោះ​សុទ្ធសឹងតែ​ជា​មនុស្ស​ចាស់​អាយុ​លើស​ពី ៧០​ឆ្នាំ​ឡើង​ទៅ ដែល​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩។

តាម​ដំណឹង​ចុងក្រោយ​នេះ អាជ្ញាធរ​ចិន កំពុង​កំពុង​មមាញឹក​ក្នុង​ការ​ដំឡើង​គ្រែ​បន្ថែម​ទៀត​នៅ​តាម​មន្ទីរពេទ្យ​នានា និង​បង្កើត​មណ្ឌល​គ្លីនិក​ពិនិត្យ​ជំងឺ​គ្រុនក្តៅ ហើយ​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​កំពុង​កើនឡើង​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដ៏​ភ្ញាក់ផ្អើល ដោយសារ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទម្លាក់​ចោល​ការ​រឹត​បន្តឹង និង​ការ​រាំង​ខ្ទប់។

ប្រទេស​ចិន​នៅ​ខែ​នេះ​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ជា​ខ្លាំង​នូវ​គោលការណ៍​គ្មាន​ជំងឺ​កូវីដ-១៩ ដែល​គេ​ហៅ​ថា​សូន្យ​កូវីដ ក្រោយពី​មាន​បាតុកម្ម​ផ្ទុះ​ទូទាំង​ប្រទេស​ប្រឆាំង​រដ្ឋអំណាច​បន្ទាប់ពី​មនុស្ស ១០​នាក់​បាន​ស្លាប់​ដោយ​អគ្គិភ័យ ព្រោះ​ពួកគេ​មិន​អាច​រត់​ចេញពី​ផ្ទះ​បាន​ដោយសារ​អាជ្ញាធរ​ចាក់​សោ​ផ្ទះ​របស់​ពួកគេ​ករណី​រាំង​ខ្ទប់។ ករណី​នេះ កើតឡើង​នៅ​ក្នុង​ខេត្ត​ស៊ីនជាំង កាលពី​ចុង​ខែ​វិច្ឆិកា។

វិធានការ​តឹងតែង​ប្រឆាំង​ជំងឺ​កូវីដ-១៩ នេះ បាន​រក្សា​ការ​រាតត្បាត​មិន​ឱ្យ​កើន​ខ្លាំង​ក្នុង​រយៈពេល ៣​ឆ្នាំ​មក​នេះ ប៉ុន្តែ​ការ​ធ្វើ​ដូចនេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ទៅ​លើ​សង្គម និង​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​២ របស់​ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​នោះ។

ក្រុម​អ្នកជំនាញ​សុខភាព​ជាច្រើន​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​ចិន​ប្រមាណ​ជា ៦០% ឬ​ស្មើ​នឹង ១០% នៃ​ចំនួន​ប្រជាជន​នៅ​ទូទាំង​ពិភពលោក អាច​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ហើយ​ប្រជាជន​ចិន​ប្រមាណ ២​លាន​នាក់​អាច​ស្លាប់​ដោយសារ​ជំងឺ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Ned Price និយាយ​ថា លទ្ធភាព​នៃ​ការ​បំប្លែង​ខ្លួន​នៃ​វីរុស​ជំងឺ​កូវីដ​នៅ​ពេល​វា​ឆ្លង​រាតត្បាត​នៅ​ទូទាំង​ប្រទេស​ចិន​នោះ អាច​ជា​ការ​គំរាមកំហែង​មួយ​សម្រាប់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់។

រហូត​មក​ទល់​ពេលនេះ រដ្ឋាភិបាល​ចិន​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ថា​នឹង​សុំ​ទិញ​វ៉ាក់សាំង​ពី​អាមេរិក និង​អឺរ៉ុប​នៅឡើយ​ទេ ប៉ុន្តែ​ក្រុង​ប៉េកាំង បាន​បើក​ផ្លូវ​ឱ្យ​ស្ថានទូត​បរទេស​ទាំងអស់​របស់​ពួក​អឺរ៉ុប និង​ប្រទេស​ផ្សេងៗ​ទៀត​អាច​នាំ​វ៉ាក់សាំង​របស់​អាមេរិក អង់គ្លេស និង​អាល្លឺម៉ង់ មក​ចាក់​ឱ្យ​បុគ្គលិក​ស្ថានទូត​របស់​ពួកគេ​បាន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស