29.3 C
Phnom Penh

អ្នកវិភាគ៖ រដ្ឋាភិបាល​ទប់ស្កាត់​គ្រឿងញៀន​មិន​បាន​ដោយសារ​មេ​ឈ្មួញ​និង​រដ្ឋាភិបាល​ជា​បក្ខពួក​តែ​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស និង​បាន​ប្រកាស​ក្ដែងៗ​ដោយ​ប្ដេជ្ញា​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​ឧក្រិដ្ឋជន​គ្រឿងញៀន ប៉ុន្តែ​ចាប់តាំង​ពី​ការ​បើក​យុទ្ធការ​បង្ក្រាប​មកដល់​បច្ចុប្បន្ន​នេះ ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​ជាង​មុន​ឡើង។

បើ​តាម​វែបសាយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចុះផ្សាយ​អំពី​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​រាល់​ថ្ងៃ បង្ហាញ​ថា សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ​ពី ៥ ទៅ​ជាង ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។ ទីតាំង​ដែល​ងាយ​អូសទាញ​យុវជន​ទៅ​លេង និង​ឈាន​ទៅ​ប្រើប្រាស់​គ្រឿងញៀន​នោះ គឺ​នៅ​ក្នុង​ក្លឹប​កម្សាន្ត។

ការ​កើន​ឡើង​អ្នក​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចរាចរ​គ្រឿងញៀន ដោយ​ថា បើ​មិន​ស្រុះគ្នា​ធ្វើ​ទេ ថ្ងៃ​ណាមួយ​គ្រឿងញៀន​នឹង​ត្រួតត្រា​កម្ពុជា។

ជាង​នេះ​ទៀត លោក​ថា​ពុំ​មាន​មន្ត្រី​ធំៗ និង​ឧកញ៉ា​ណា​ម្នាក់​ជាប់​គុក​ដោយសារ​គ្រឿងញៀន​បាន​យូរ​នោះ​ទេ បើ​ទោះបីជា​ពួកគេ​មាន​ឈ្មោះ​ជាប់​គុក​ក៏ដោយ ប៉ុន្តែ​ពួកគេ​មិន​បាន​ដេក​នៅ​ក្នុង​គុក​ឡើយ ដោយ​ភាគច្រើន​ឈ្មោះ​ពួកគេ​ត្រូវ​បាន​ដាក់​ឱ្យ​ដេក​នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទប់ VIP តែ​ឯង។

លោក គឹម សុខ ចាត់ទុក​វិធានការ​របស់​រដ្ឋាភិបាល​ដែល​ដាក់​ចេញ គ្រាន់តែ​ដើម្បី​លួងលោម​ប្រជាពលរដ្ឋ​មួយ​គ្រាៗ​នៅ​ពេល​ប្រជាពលរដ្ឋ​ធ្វើ​ប្រតិកម្ម​ខ្លាំង​អំពី​ការ​រីក​រាលដាល​គ្រឿងញៀន ប៉ុន្តែ​ទោះជាយ៉ាងណា រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ចាប់​មេ​ឈ្មួញ​គ្រឿងញៀន​នៅ​កម្ពុជា​ទេ ដោយសារ​មេ​ឈ្មួញ​គ្រឿងញៀន និង​មេ​រដ្ឋាភិបាល គឺជា​បក្ខពួក​តែមួយ ទើប​មិន​អាច​ទប់ស្កាត់​បាន។

លោក​បន្ត​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​ជំនួញ​គ្រឿងញៀន មិន​ត្រឹមតែ​ជា​ការ​ប្រមូល​លុយ​របស់​ពួក​មន្ត្រី និង​ឧកញ៉ា​ធំៗ​នៃ​លោក ហ៊ុន សែន ទេ ប៉ុន្តែ​វា​អាច​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​រក​លុយ​ចិញ្ចឹម​រដ្ឋាភិបាល​លោក ហ៊ុន សែន ផង​ដែរ ហើយ​បើដូច្នេះមែន លោក​ថា​កម្ពុជា​នឹង​ផុង​ក្នុង​វិបត្តិ​នៃ​ជំងឺ​សង្គម​ធ្ងន់ធ្ងរ ដែល​ពិបាក​រក​ផ្លូវ​ងើប​រីកចម្រើន​រួច ហើយ​យុទ្ធសាស្ត្រ​លេប​កម្ពុជា​ដោយ​ប្រទេស​ជិតខាង​កាន់តែ​មាន​ឥទ្ធិពល​ធំ។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​បាន ដោយសារ​បញ្ហា​ធំ​មួយ​ចំនួនៗ គឺ​មាន​បញ្ហា​តូចៗ​ជាច្រើន។

លោក​បន្ត​ថា កាលណា​បញ្ហា​ដែល​កើតឡើង​នៅ​ក្នុង​សង្គម ហើយ​មិន​ត្រូវ​បាន​ត្រូវ​ដោះស្រាយ ជា​កត្តា​ដែល​ជំរុញ​ឱ្យ​ក្មេងៗ​ត្រូវ​បាន​គេ​ទាក់ទាញ​ឱ្យ​ទៅ​សេព​គ្រឿងញៀន ដោយសារ​ការ​ចង់​សប្បាយ ស្រប​ពេល​ដែល​ប្រព័ន្ធ​អប់រំ​នៅ​ទន់ខ្សោយ និង​ខ្វះ​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល និង​អាណាព្យាបាល​ជាដើម។

ចំណែក​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ លើកឡើង​ថា បច្ចុប្បន្ន​ការប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​កំពុង​មាន​ការ​កើន​ឡើង​ខ្លាំង ទាំង​នៅ​ទីក្រុង និង​ជនបទ រួម​ទាំង​នៅ​តំបន់​ដាច់ស្រយាល ហើយ​អ្នក​ដែល​ប្រើប្រាស់​ភាគច្រើន​គឺជា​យុវជន។

លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់​ពី​មូលហេតុ​ដែល​បណ្ដាល​អ្នក​ប្រើប្រាស់​គ្រឿងញៀន​កើន​ឡើង ខណៈ​អាជ្ញាធរ​មូលដ្ឋាន​មិន​សូវ​យកចិត្ត​ទុកដាក់ និង​មិន​បាន​ចាត់ទុក​ការងារ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ជា​អាទិភាព ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​ជំរុញ​ឱ្យ​អាជ្ញាធរ​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការប្រើប្រាស់ និង​ចែកចាយ។

លោក យ៉ង សាំងកុមារ បន្ត​ថា ដើម្បី​ឱ្យ​យុវជន​នៅ​តាម​ជនបទ តំបន់​ដាច់ស្រយាល​ជៀស​ផុស​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន លុះត្រាតែ​រដ្ឋាភិបាល​រៀបចំ​ទីតាំង​បណ្ណាល័យ​សិក្សា​នៅ​តាម​មូលដ្ឋាន​សម្រាប់​យុវជន​ជួបជុំ​គ្នា​ស្រាវជ្រាវ និង​ចែករំលែក​ចំណេះដឹង រួម​ទាំង​រៀបចំ​កន្លែង​កម្សាន្ត និង​ក្លឹប​ហាត់ប្រាណ​ជាដើម។

ក្រៅពី​រៀបចំ​ទីតាំង​ទាំងអស់​នេះ លោក​ថា​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​តាមដាន​ពី​ការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ប៉ុន្តែ​ប្រសិន​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​បាន​ទេ គ្រឿងញៀន​នឹង​បង្ក​ហានិភ័យ​ខ្លាំង​ដល់​ប្រទេស​ជាតិ ជាពិសេស​យុវជន​ជំនាន់​ក្រោយ។

បើ​តាម​របាយការណ៍​នគរបាល​បង្ហាញ​ថា នៅ​ឆ្នាំ​២០២០ កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន ១០១៩៣​ករណី និង​ចាប់​ខ្លួន​មនុស្ស​បាន​ជាង ២​ម៉ឺន​នាក់ ដែល​ការ​ចាប់​ខ្លួន​នេះ​បាន​កើន​ឡើង ២០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ ខណៈ​ការ​រឹបអូស​គ្រឿងញៀន​ក៏​បាន​កើន​ឡើង ១៧% ដែរ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បញ្ជាក់​ថា បញ្ហា​គ្រឿងញៀន​អាច​ដោះស្រាយ​បាន លុះត្រាតែ​មាន​រដ្ឋាភិបាល​មួយ​ដែល​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស