លោក ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលនឹងបញ្ចៀសមិនឱ្យកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យបញ្ហាគ្រឿងញៀនជះឥទ្ធិពលបំផ្លិចបំផ្លាញដល់សង្គមជាតិជាដាច់ខាត។
លោក ហ៊ុន ម៉ាណែត សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ មិថុនា ថា កម្ពុជាពិតជាមានមោទនភាពខ្ពស់ដែលត្រូវបានទទួលការវាយតម្លៃពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ថាកម្ពុជាគឺជាប្រទេសគំរូមួយក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីឆ្នាំ២០២៤ កន្លងទៅ។
លោកបន្តថា សម្រាប់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ នេះ រដ្ឋាភិបាលកម្ពុជាបានកំណត់យកប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា ក្នុងគោលដៅសំដៅបំផុសជាចលនាជាតិដែលមានការចូលរួមពីគ្រប់វិស័យ ដើម្បីកាត់ផ្ដាច់ និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃបញ្ហាគ្រឿងញៀន»។
នាយករដ្ឋមន្ត្រីខ្មែររូបនេះអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រថ្មីៗជាច្រើន ដើម្បីកៀរគរឱ្យសង្គមជាតិទាំងមូលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អាត និងយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញរបាយការណ៍ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេសពីតំបន់ត្រីកោណមាស។
របាយការណ៍ដដែលនេះ បង្ហាញថា លទ្ធផលនៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀន បង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយទេ បើធៀបទៅនឹងឆ្នាំ២០២៣ កន្លងទៅនោះ។ ជាក់ស្តែង នៅឆ្នាំ២០២៤ ចំនួនករណីគ្រឿងញៀនដែលត្រូវបានបង្ក្រាប បានកើនឡើងជាង ៣០% (៣១,៨៤%) និងគ្រឿងញៀនដែលចាប់បានកើនឡើងជិត ៤០០% (៣៩៨,៨២%)។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អះអាងថា ឆ្នាំ២០២៤ កន្លងទៅ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ១ម៉ឺនករណី (១០៦៣០ករណី) កើនឡើងជាង ២ពាន់ករណី (២៥៦៧ករណី) ស្មើនឹង ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។
ចំណែកឯការឃាត់ខ្លួនជនសង្ស័យមានចំនួនជាង ២ម៉ឺននាក់ (២៧០៧១នាក់) កើនឡើងជាង ៣០% (៣៥,៥៣%) ខណៈគ្រឿងញៀនដែលចាប់យកមានចំនួនជាង ១៤តោន (១៤តោន ៩០៩គីឡូក្រាម) កើនឡើងជាង ១១តោន (១១តោន ៩២០គីឡូក្រាម) ស្មើនឹងជាង ៣០០% (៣៩៨,៨២%) ដែលមានន័យថា កើនឡើង ៤ដង បើធៀបឆ្នាំ២០២៣ កន្លងទៅនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

