32.9 C
Phnom Penh

ចិន​បង្ហោះ​យន្តហោះ​៧​គ្រឿង​ទន្ទ្រាន​ដែនអាកាស​តៃវ៉ាន់​ជា​ថ្មី​ទៀត បន្ទាប់ពី​យន្តហោះ​២៨​គ្រឿង​បាន​បំពាន​ដូចគ្នា​នេះ​រួច​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​តៃវ៉ាន់ Taiwan News បាន​ធ្វើ​សេចក្ដី​រាយការណ៍​ដោយ​ស្រង់​ប្រភព​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ មក​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ មិថុនា ប្រទេស​ចិន​បាន​បង្ហោះ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ចំនួន ៧​គ្រឿង​ឱ្យ​ហោះហើរ​ចូល​ដែនអាកាស​តៃវ៉ាន់ ដែល​នេះ​ជា​លើក​ទី​៦ នៃ​ការរំលោភ​ដែនអាកាស​តៃវ៉ាន់ នៅ​ក្នុង​ខែ​មិថុនា នេះ។

យោង​តាម​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ កងទ័ព​ជើងអាកាស​រំដោះ​ប្រជាជន​ចិន បាន​បង្ហោះ​យន្តហោះ​ចម្បាំង​ចូល​ខាងក្នុង​ដែនអាកាស​តៃវ៉ាន់ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ដែល​មាន​ចំនួន ៧​គ្រឿង​នេះ គឺជា​លើក​ទី​២ បន្ទាប់ពី​ចិន​បាន​បង្ហោះ​យន្តហោះ​ចម្បាំង​ចំនួន ២៨​គ្រឿង​កាលពី​ថ្ងៃ​ទី​១៥ មិថុនា។ ដោយ​ឆ្លើយតប​នឹង​ភាព​គឃ្លើន​របស់​ចិន តៃវ៉ាន់​បាន​បញ្ចេញ​សញ្ញា​ព្រមាន និង​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​តាម​ឃ្លាំមើល​យន្តហោះ​ចិន​ទាំងនោះ។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ និយាយ​ថា យន្តហោះ​ចម្បាំង​ចិន ២៨​គ្រឿង​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា គឺជា​យុទ្ធនាការ​បំភ័យ​តៃវ៉ាន់​ខ្លាំង​ណាស់ ហើយ​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ចិន​បាន​ធ្វើ​ដូចនេះ​ម្ដងទៀត។

ប្រភព​ដដែល​នេះ​បញ្ជាក់​ថា ក្បួន​យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាច្រើន​គ្រឿង​របស់​ចិន បាន​ហោះ​ចូល​ភាគ​និរតី​នៃ​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់។ តែ​ជាមួយ​គ្នា​នេះ កងទ័ព​អាកាស​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង និង​បាន​បើក​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស​ជា​ការ​ឆ្លើយតប។

ប្រទេស​ចិន តែងតែ​ធ្វើ​សមយុទ្ធ​យន្តហោះ​ចម្បាំង និង​នាវា​ចម្បាំង​ជិត​កោះ​តៃវ៉ាន់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់។

យ៉ាងណា ក្រសួង​ការបរទេស​ចិន បាន​និយាយ​ថា ការ​បើក​ប្រតិបត្តិការ​ចុងក្រោយ​នេះ ដើម្បី​ឆ្លើយតប​នឹង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ក្រុម​ប្រទេស G-7 ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ភាព​តានតឹង​ក្នុង​ច្រកសមុទ្រ​តៃវ៉ាន់។

ក្រសួង​ការបរទេស​ចិន បាន​ចោទ​ថា មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។

ទីក្រុង​ប៉េកាំង បាន​ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ទោះបីជា​ដែន​កោះ​មួយ​នេះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាំងពី​ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ចិន ក្នុង​ឆ្នាំ​១៩៤៩ ក៏ដោយ។

មហា​យក្ស​ចិន បាន​ប្ដេជ្ញា​ថា​នឹង​ដាក់​តៃវ៉ាន់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​តាម​គ្រប់​មធ្យោបាយ​ចាំបាច់​ទាំងអស់ រួម​ទាំង​ការប្រើប្រាស់​កម្លាំង​យោធា។

តើ​នៅ​ពេលណា ចិន​នឹង​សម្រេច​លុកលុយ​កោះ​តៃវ៉ាន់?

រយៈពេល ៧២​ឆ្នាំ​ហើយ ដែល​តៃវ៉ាន់​ឈរ​ជើង​យ៉ាង​រឹងមាំ​លើ​ដែន​កោះ​របស់​ខ្លួន ដោយ​មាន​ប្រជាជន​ជិត ២៤​លាន​នាក់។ ចាប់​តាំង​ពី​ចាញ់​សង្គ្រាម​នឹង​ពួក​ឧទ្ទាម​កុម្មុយនិស្ត នៅ​ឆ្នាំ​១៩៤៩ ដែន​កោះ​មួយ​នេះ​មិន​ដែល​ស្គាល់​សង្គ្រាម​ម្ដងណា​ឡើយ​ជាមួយ​នឹង​អ្នក​ឈ្នះ​សង្គ្រាម​នឹង​ខ្លួន​គេ​នេះ គឺ​បក្ស​កុម្មុយនិស្ត​ចិន។

ប៉ុន្តែ​ចុងក្រោយ​នេះ ចិន​បង្កើន​ការ​ភ័យ​ខ្លាច​សម្បើម​ណាស់​ដាក់​តៃវ៉ាន់ គឺ​សឹងតែ​បើក​ទ្វារ​សង្គ្រាម​ទៅ​ហើយ ដើម្បី​លេប​ត្របាក់​តៃវ៉ាន់ តែ​មហា​យក្ស​ចិន​នៅតែ​ស្ទាក់ស្ទើរ។

នាយក​សេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក ឧត្តមសេនីយ៍ Mark Milley បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​សភា​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា ចិន​នឹង​មិនទាន់​ចង់​លុកលុយ​តៃវ៉ាន់​ទេ​នៅ​ពេលនេះ ព្រោះ​ចិន ត្រូវ​បង្កើន​សមត្ថភាព​កងទ័ព និង​សព្វាវុធ​របស់​ខ្លួន​ថែមទៀត។

កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា យន្តហោះ​ចម្បាំង​ចិន ២៨​គ្រឿង បាន​ទន្ទ្រាន​ដែន​កំណត់​ការពារ​អាកាស​តៃវ៉ាន់ ដែល​ធ្វើ​ឱ្យ​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​ថ្កោលទោស​ចិន ហើយ​ក៏​ស្នើ​ឱ្យ​រដ្ឋការ​លោក បៃដិន ត្រៀម​គ្រប់យ៉ាង​ដើម្បី​ឃ្លាំមើល​ស្ថានការណ៍​នេះ។

តែ​បែប​ណា សម្រាប់​ឧត្តមសេនីយ៍ Mark Milley នៅតែ​គិត​ថា​ចិន នៅ​ប្រើ​ពេល​ច្រើន​ថែមទៀត​ក្នុង​ការ​លើក​ទ័ព​លុកលុយ​តៃវ៉ាន់។ លោក​បាន​ពន្យល់​ទៅកាន់​សមាជិក​សភា​អាមេរិក​ថា បើ​តាម​ការ​វិភាគ​របស់​លោក​ទាក់ទង​សមត្ថភាព​ចិន គឺ​ចិន​ត្រូវ​ចំណាយ​ពេល​អភិវឌ្ឍ​សមត្ថភាព​ជាក់ស្ដែង​ថែមទៀត។ លោក​ក៏​ទទួលស្គាល់​ថា តៃវ៉ាន់​នៅតែ​ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូល​ដ៏​សំខាន់​នៃ​ប្រយោជន៍​ចិន តែ​ការ​ប្រើ​កម្លាំង​យោធា​យ​កកោះ​តៃវ៉ាន់​នៅ​ពេល​ខ្លី​នេះ គឺ​ទំនង​មិន​អាច​ទៅ​រួច​ទេ។ សហរដ្ឋ​អាមេរិក គឺជា​បង្អែក​ដ៏​សំខាន់​បំផុត​ការពារ​តៃវ៉ាន់ ហើយ​ជា​ប្រភព​នៃ​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​ទៅ​ឱ្យ​តៃវ៉ាន់។

ក្នុង​សប្ដាហ៍​នេះ តំណាងរាស្ត្រ​អាមេរិក​បាន​ស្នើ​ច្បាប់​ដើម្បី​ជំរុញ​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់។ យោង​តាម​ច្បាប់​ដែល​ត្រូវ​បាន​គេ​ហៅថា ច្បាប់​ការពារ​ជាតិ​តៃវ៉ាន់ បាន​បញ្ជាក់​នូវ​ពាក្យ​ថា រាល់​ការប៉ុនប៉ង​ដោយ​ប្រទេស​ចិន​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់ នឹង​បង្កើត​បាន​ជា​សក្ដានុពល​មួយ​ជំរុញ​ឱ្យ​ភាព​តានតឹង​ដល់​កងកម្លាំង​សហរដ្ឋ​អាមេរិក។

ចំណុច​នេះ ទំនង​សំដៅ​ទៅលើ​ព្រឹត្តិការណ៍​ដែល​អាច​កើត​មាន​នូវ​ការឈ្លានពាន និង​ដណ្តើម​កាន់កាប់​កោះ​តៃវ៉ាន់​ពី​សំណាក់​ប្រទេស​ចិន។

តើ​អ្វី​ជា​ការ​ឆ្លើយតប​របស់​អាមេរិក?

ចំពោះ​រឿង​នេះ ព្រឹទ្ធសភា​អាមេរិក​ចង់​ឱ្យ​រដ្ឋការ​លោក បៃដិន ឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​ទប់ទល់​នឹង​ចិន។ ច្បាប់​នេះ​បាន​ចែង​ថា ករណី​តៃវ៉ាន់ គឺ​គួរតែ​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រក្សា​នូវ​សមត្ថភាព​យោធា​របស់​ខ្លួន ដោយ​ចាប់ផ្តើម​ប្រតិបត្តិការ​រួម​គ្នា​ប្រឆាំង​នឹង​កងកម្លាំង​ចិន ដើម្បី​រារាំង​ការវាយប្រហារ​ដែល​អាច​កើត​មាន​លើ​កោះ​តៃវ៉ាន់។ កន្លងមក និង​ពេលនេះ សហរដ្ឋ​អាមេរិក​នៅតែ​ជ្រោមជ្រែង​ជួយ​តៃវ៉ាន់​ទប់ទល់​​​នឹង​អំណាច​ចិន ដោយ​ការ​ជួយ​ហ្វឹកហាត់​កងទ័ព​ផង និង​ផ្ដល់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​ផង គឺ​ក្រោម​គម្រោង​ទិញ​អាវុធ​អាមេរិក​ពី​ដែន​កោះ​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស