អ្នកឃ្លាំមើលសង្គម លើកឡើងថា ការវាយប្រហារដោយការប្រើយន្តហោះចម្បាំង F-16, T-50 និង Gripen JAS-39 លើទឹកដីប្រទេសកម្ពុជា ក្នុងពេលដែលប្រទេសទាំងពីរត្រៀមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចរចាឱ្យមានបទឈប់បាញ់ គឺជាល្បិចដែលថៃ បានប្រើប្រាស់ក្រោមយុទ្ធសាស្ត្រវាយសម្លុតដើម្បីបង្ខំឱ្យភាគីកម្ពុជា សុំចរចា។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឡាំ ឡាយ ដែលជាអ្នកតាមដានស្ថានការណ៍កម្ពុជា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី២៤ ធ្នូ នេះថា ការប្រើប្រាស់កម្លាំងទ័ពអាកាសដ៏លើសលប់របស់ថៃ មិនមែនធ្វើឡើងក្នុងគោលបំណងចង់ឈ្នះសង្គ្រាមទាំងស្រុងភ្លាមៗនោះទេ។ លោកថា តាក់ទិចបែបនេះ គឺជារបៀបវាយសម្លុតក្នុងគោលបំណងបង្ខំឱ្យគូបដិបក្ខទៅអង្គុយនៅតុចរចាដែលចាញ់ប្រៀបថៃ ហើយក៏ដើម្បីសម្រេចមហិច្ឆតាឈ្លានពានទៅថ្ងៃមុខដែរ។
ប្រភពដដែលលើកឡើងថា ថៃកំពុងប្រើល្បិចកលធ្វើឱ្យជម្លោះជាមួយកម្ពុជា ក្លាយជាជម្លោះ និងការដោះស្រាយជាលក្ខណៈទ្វេភាគី ក្នុងបំណងរុញច្រានតួនាទីជាអាជ្ញាកណ្ដាលរបស់ប្រទេសម៉ាឡេស៊ី ចេញឱ្យផុតពីជម្លោះនេះ ក្នុងគោលដៅឱ្យថៃ អាចឈ្លានពានកម្ពុជា ដោយគ្មានការត្រួតពិនិត្យ ឬការសម្របសម្រួលតាមផ្លូវច្បាប់អន្តរជាតិដែលពហុភាគីនិយមគាំទ្រនោះ។
ជាងនេះទៀត ថៃ ក៏មានចេតនារុញកម្ពុជា ឱ្យធ្លាក់ក្នុងអន្ទាក់នៃល្បែងភូមិសាស្ត្រនយោបាយរបស់អំណាចរវាងអាមេរិក និងចិន ដែរ ព្រោះថាក្នុងសង្គ្រាមនេះ បើកម្ពុជា ងាកទៅរកការគាំទ្រពីចិន ខ្លាំងពេក ថៃនឹងប្រើលេសនេះទាញអាមេរិក ឱ្យចូលជម្លោះនេះមកកាន់តែជ្រៅ ដោយប្រើលេសទប់ស្កាត់ឥទ្ធិពលចិន។
អ្នកតាមដានស្ថានការណ៍កម្ពុជា រូបនេះបញ្ជាក់ថា ប្រសិនបើស្ថានភាពសង្គ្រាមកម្ពុជា-ថៃ ឈានដល់ដំណាក់កាលនេះ នោះកម្ពុជា នឹងក្លាយជាទីលានប្រជែងឥទ្ធិពលរវាងមហាអំណាចជាមិនខាន ខណៈថៃ ក៏អាចចេញមុខដោយស្របច្បាប់កម្ទេចកម្ពុជា ដោយប្រើលេសបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញក្រោមល្បិចកលឈ្លានពានទឹកដីខ្មែររបស់ពួកគេដោយងាយដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីថៃ បង្កើនការវាយប្រហារលើកម្ពុជា កាន់តែខ្លាំង និងចូលកាន់តែជ្រៅក្នុងទឹកដីខ្មែរ ក្នុងពេលដែលភាគីទាំងពីរកំពុងត្រៀមខ្លួនចរចាឱ្យមានបទឈប់បាញ់ដែរនោះ។
ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានអ្នកវិភាគតាមតក្កវិជ្ជាណាម្នាក់ហ៊ាននិយាយអះអាងដោយច្បាស់ប្រាកដថា ថៃវាយប្រហារខ្មែរបែបនេះមានចេតនាអ្វីពិតច្បាស់លាស់នោះទេ។ តាមនិយមន័យក្នុងវិទ្យាសាស្ត្រនយោបាយ ពាក្យឈ្លានពាន (INVADE) គឺខុសច្បាប់អន្តរជាតិ ប៉ុន្តែត្រូវមានចេតនាច្បាស់លាស់មួយចំនួន។ ការចោទគ្នាទៅវិញទៅមក ក៏កើតឡើងដោយសារតែការកាន់ជើងជាតិសាសន៍រៀងៗខ្លួនដែរ ឬក៏បរទេសខ្លះៗជួយខាងនេះ ឬខាងណោះ។ ខ្មែរចោទថា ថៃឈ្លានពាន គិតថារបបលោក ហ៊ុន សែន ជាអ្នករងគ្រោះ ឯថៃ ចោទថាខ្មែរបំពានអធិបតេយ្យជាតិគេ។
ថៃ គេថាគេបង្ក្រាបបណ្ដាញឆបោកពេញពិភពលោកដែលមានទីតាំងក្នុងប្រទេសកម្ពុជា និងជួយការពារដោយពួកមន្ត្រីមានអំណាចពុករលួយ។ សហគមន៍អន្តរជាតិបានត្រឹមតែអំពាវនាវសុំឲ្យបញ្ឈប់ការវាយប្រហារ ឬក៏ឈប់បាញ់គ្នា ចំណែកផលិតករគ្រឿងសព្វាវុធ គិតតែពីលក់ឲ្យអតិថិជនណាដែលចង់ទិញប្រើ។
ប្រភពព័ត៌មានលោកខាងលិចជាច្រើនផ្សាយក្នុងខែធ្នូ នេះថា ចិន ដែលគេនាំគ្នាហៅថាមិត្តដែកថែប ឬមិត្តស្រោបដែក បានលក់អាវុធធុនធ្ងន់ជាច្រើនប្រភេទឲ្យកងទ័ពជើងគោកខ្មែរ។ អាវុធបាញ់រថក្រោះទំនើបប្រភេទ GAM-102LR អាវុធបាញ់គ្រាប់ធំតូចផ្លោងឆ្ងាយជិត ទាំងសណ្ដោង ទាំងផ្ទុកលើរថយន្ត ក៏មានច្រើនបែប រួមទាំងប្រព័ន្ធការពារដែនអាកាសយ៉ាងទំនើប គេឲ្យឈ្មោះថា សំណាញ់មេឃ មានដូចជា Q-3, TH-S311 C-2, PHL-03 MLRS, កាំជ្រួចដី-អាកាស HQ-12 KS-1C (SAMs) ជាដើម ដែលតាំងបង្ហាញនៅក្រាំងចេកផងដែរ។
ដើម្បីបន្ថយកម្ដៅនៃការប្រយុទ្ធគ្នា កាលពីថ្ងៃទី២២ ខែធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយជុំវិញបច្ចុប្បន្នភាពសង្គ្រាមកម្ពុជា-ថៃ នាពេលនេះ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានឯកភាពឱ្យបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ដើម្បីស្ដារបទឈប់បាញ់ឡើងវិញ។
ក្រោយកិច្ចប្រជុំនេះ ប្រធានអាស៊ានបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗថា កិច្ចប្រជុំនេះបានសម្រេចលើលក្ខខណ្ឌ ១០ចំណុច ក្នុងនោះក៏បានរំឭកឡើងវិញអំពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ការសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅពិសេស (GBC) ថ្ងៃទី៧ ខែសីហា ព្រមទាំងសេចក្តីថ្លែងការណ៍រួមក្រុងកូឡាឡាំពួរ ផងដែរ ដើម្បីជំរុញឱ្យកម្ពុជា និងថៃ អនុវត្តវាឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
យ៉ាងណាក៏ដោយ មុនដំណើរការកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅរសៀលថ្ងៃទី២៤ ធ្នូ ក្រសួងការពារជាតិកម្ពុជា បានចេញប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ធ្នូ ថា យោធាថៃ បានបង្កើនការវាយប្រហារមកលើកម្ពុជា កាន់តែខ្លាំង និងចូលកាន់តែជ្រៅក្នុងទឹកដីខ្មែរ។
ប្រភពដដែល អះអាងថា យោធាថៃ ប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ផលិតនៅប្រទេសកូរ៉េខាងត្បូង ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង នៅវេលាម៉ោង ១០ និង ០០នាទីព្រឹក និងនៅម៉ោង ១៤ និង ០២នាទី ថៃក៏បានទម្លាក់ ១គ្រាប់ទៀតក្នុងភូមិសាស្ត្រដដែលនៅថ្ងៃទី២៤ ធ្នូ នេះ។
ចំណែកភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ក៏ត្រូវយន្តហោះចម្បាំងប្រភេទ T-50 របស់ថៃ ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅក្នុងថ្ងៃជាមួយគ្នាដែរ នៅវេលាម៉ោង ១១ព្រឹក។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ចាប់ពីម៉ោង ១២ និង ១៥នាទី ដល់ម៉ោង ១២ និង ២៦នាទី យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង T-50 ទម្លាក់គ្រាប់បែកចង្កោមនៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថែមទៀត ហើយក្រៅពីទីតាំងទាំងនេះ ក៏ត្រូវរងការវាយប្រហារដោយយោធាថៃ ផងដែរ។
ជុំវិញបញ្ហានេះ កាសែត Thai PBS បានរាយការណ៍កាលពីថ្ងៃទី២៤ ធ្នូ ថា យន្តហោះចម្បាំងថៃ F-16 បានវាយប្រហារតាមអាកាសទៅលើឃ្លាំងអាវុធកម្ពុជា ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែធ្នូ នេះ ដែលបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងតំបន់យ៉ាងខ្លាំង៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

