ក្រសួងការពារជាតិកម្ពុជា អះអាងថា នៅថ្ងៃពុធនេះ កងទ័ពថៃ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ និងបាញ់កាំភ្លើងគ្រប់ប្រភេទមកលើខេត្តចំនួន៥ នៃយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ របស់កម្ពុជា។
ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១០ ធ្នូ នេះថា នៅវេលាម៉ោង ៩ និង ៤៥នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ កងទ័ពថៃ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើភូមិសាស្ត្រឃុំអូរបីជាន់ និងភូមិសាស្ត្រប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងតំបន់ប្រាសាទតាមាន់ធំ និងក្រុងសំរោង ក្នុងខេត្តឧត្ដរមានជ័យ ខណៈខេត្តព្រះវិហារ ក៏ត្រូវយន្តហោះថៃ ទម្លាក់គ្រាប់ដែរ គឺនៅតំបន់មុំបី អានសេះ ភ្នំខ្មោច និងប្រាសាទព្រះវិហារ។
ប្រភពដដែល អះអាងថា ក្រៅពីយន្តហោះចម្បាំង ទាហានថៃ ក៏បានប្រើកាំភ្លើងធំ និងផ្សែងពុលបាញ់មកលើកម្ពុជា ថែមទៀត ខណៈការវាយប្រហារនេះមានចំនួនសរុប ១១លើក ចាប់តាំងពីវេលាម៉ោង ៥ និង ២០នាទីព្រឹក រហូតដល់ម៉ោង ០២ និង ២២នាទី នៅថ្ងៃពុធនេះ ដូចជា នៅតំបន់ប្រាសាទតាមាន់ ច្រកអានសេះ ប្រាសាទខ្នារ ប្រាសាទតាក្របី តាថាវ ថ្មដូន បុស្សស្បូវ ជាំតែ មុំបី ប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងចម្ការចេក ដែលទីតាំងទាំងនេះគឺស្ថិតក្នុងខេត្តព្រះវិហារ។
ចំណែកឯខេត្តពោធិ៍សាត់ ក៏ត្រូវកងទ័ពថៃ បាញ់វាយប្រហារចំនួន ២លើកដែរ នៅវេលាម៉ោង ៩ និង ០១នាទីព្រឹក ដោយបាញ់កាំភ្លើង DK ចំនួន ២គ្រាប់ និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់នៅភូមិសាស្ត្រជ័យជម្នះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ខណៈខេត្តបាត់ដំបង ក៏ត្រូវរងការវាយប្រហារចំនួន ២លើកដែរ ដោយការបាញ់កាំភ្លើងត្បាល់ ១០០មិល្លីម៉ែត្រ និង ១០៥មិល្លីម៉ែត្រចំនួន ៥គ្រាប់ ចូលក្នុងភូមិសាស្ត្រឃុំចក្រី ស្រុកភ្នំព្រឹក និងចល័តចូលឃុំតាស្តា ស្រុកសំពៅលូន។
ក្រសួងការពារជាតិ បញ្ជាក់ថា សកម្មភាពវាយប្រហារដ៏កំរោលពីសំណាក់កងទ័ពថៃ ទាំងគោលដៅយោធា និងជនស៊ីវិលកម្ពុជាជាបន្តបន្ទាប់នេះ គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ខណៈកងកម្លាំងកម្ពុជា បានតស៊ូប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាន និងឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
ការវាយប្រហារពីសំណាក់កងទ័ពថៃ លើកម្ពុជា នាពេលនេះ ធ្វើឡើងមានរយៈពេល ៣ថ្ងៃហើយខណៈកម្ពុជាបានប្រើសិទ្ធិការពារខ្លួនចាប់ពីល្ងាចថ្ងៃចន្ទមក។
កាសែតថៃ ខៅស៊ុត បានស្រង់សម្ដីកងទ័ពភូមិន្ទថៃ ថា នៅថ្ងៃទី១០ ខែធ្នូ នេះ ប្រតិបត្តិការការពារអធិបតេយ្យភាពរបស់ប្រទេសថៃ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៧ខែធ្នូ មកនោះ កងទ័ពថៃ បានបំពេញភារកិច្ចដោយកិត្តិយសក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។
កាសែតថៃ ដដែលនេះបញ្ជាក់ថា ចំណែកកងទ័ពអាកាសថៃ បានបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិតរបស់កម្ពុជា ដែលបានអះអាងថា នៅថ្ងៃពុធនេះ យន្តហោះ F-16 របស់ថៃ បានហោះកាត់ដែនអាកាសអធិបតេយ្យរបស់កម្ពុជា នៅតំបន់ក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ នោះ។
ជុំវិញបញ្ហានេះ កាសែត Bloomberg បានរាយការណ៍នៅថ្ងៃទី១០ ធ្នូ នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងបើកកិច្ចសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរអំពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរដែលបានផ្ទុះឡើងសាជាថ្មីនាពេលនេះ។
ថ្លែងនៅឯព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ត្រាំ បានបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ លោកនឹងហៅទូរសព្ទពិភាក្សាជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីបញ្ឈប់សង្គ្រាមក៏ក្តៅគគុកនាពេលនេះ។
យ៉ាងណាក៏ដោយ កាសែត Thai Enquirer បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងបរទេសថៃ លោក Nikorndej Balankura នៅមុននេះថា ថៃមិនទាន់បានទទួលការហៅទូរសព្ទពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឡើយទេ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ ធ្នូ នេះថា កាលពីយប់ថ្ងៃទី៩ ខែធ្នូ លោកបានជជែកតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីភាពចលាចលដែលកំពុងកើតឡើងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ប៉ុន្តែដំណោះស្រាយពេញលេញមិនទាន់ត្រូវបានសម្រេចនៅឡើយ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់ថា ម៉ាឡេស៊ី នឹងបន្តគាំទ្រកិច្ចសន្ទនាប្រកបដោយសន្តិភាពដំណោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការពារស្ថិរភាព និងសន្តិសុខនៃតំបន់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

