32.9 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុង​លេង​ល្បែង Covid-19 រក​លេស​គេច​មុខ​ពី​ប្រទេស​លោក​សេរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​លេង​ល្បែង​ជំងឺ Covid-19 ដើម្បី​គេច​មុខ​ពី​ការ​ស្ដីបន្ទោស​របស់​ប្រទេស​លោក​សេរី​លើ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា លោក ហ៊ុន សែន អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​បំប៉ោង​វិបត្តិ Covid-19 រុញ​ស្ថានការណ៍​ឲ្យ​ឃើញ​កាន់តែ​អាក្រក់​ខ្លាំង។

លោក គឹម សុខ លើកឡើង​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បាន​លេស​ប្ដូរ​ការប្រជុំ​ទល់មុខ​ដែល​គ្រោង​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​ខាងមុខ ទៅជា​ការប្រជុំ​តាម video conference ជំនួស​វិញ ព្រោះ​ថា​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​អាច​បន្ធូរ​ភាព​តានតឹង និង​ភាព​អាម៉ាស់​ខ្លះ​របស់​គាត់ ជាជាង​ការ​ជួប​ចំ​មុខ​ផ្ទាល់។

លោក​អះអាង​ថា លោក ហ៊ុន សែន ដឹង​ថា​សម័យ​ប្រជុំ​អាស៊ី-អឺរ៉ុប ដែល​នឹង​ត្រូវ​ប្រារឰ​នៅ​កម្ពុជា នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ គាត់​អាច​នឹង​ក្លាយ​ចុងចោទ​ដែល​ត្រូវ​ប្រមុខ​ការទូត ឬ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន បណ្ដាក់​គ្នា​ដេញដោល​អំពី​បញ្ហា​អព្យាក្រឹតភាព ការរំលោភ​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញ​មតិ សេរីភាព​នយោបាយ និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស៍ ឆ្នាំ​១៩៩១។

លោក គឹម សុខ បញ្ជាក់​ថា ប្រសិនបើ​ប្រទេស​តំណាង​មុខមាត់​សហគមន៍​អន្តរជាតិ​ប្រើប្រាស់​វេទិកា​អង្គប្រជុំ​នេះ លើកឡើង​នូវ​របៀបវារៈ​ជា​ជំហរ​ការទូត​ដូច​ដែល​មន្ត្រី​ការទូត​ធ្លាប់​បាន​ប្រតិកម្ម​កន្លងមក ហើយ​យក​វិបត្តិ​ទាំងនោះ​ទៅ​ជជែក​ក្នុង​អង្គប្រជុំ​ធំ​ក្នុង​ពេល​នោះ លោក ហ៊ុន សែន នឹង​រង​ការ​អាម៉ាស់​កាន់តែ​ខ្លាំង។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាស​លុប​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស កាលពី​ពេល​ថ្មីៗ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា លោក​បាន​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ Covid-19 ដូច្នេះ​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​លោក​ធ្វើ​តេស្ដ និង​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២១។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា ការ​ធ្វើ​ចត្តាឡីស័ក​របស់​លោក ហ៊ុន សែន គឺជា​ការ​ព្យាយាម​គេច​ពី​សហគមន៍​អន្តរជាតិ​ដែល​តែង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដូច្នេះ​ដើម្បី​គេច​ចេញ​បញ្ហា​នេះ មាន​តែ​យក​ការ​ធ្វើ​ចត្តាឡីស័ក​មក​ធ្វើ​ជា​លេស​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល លោក សុខ ឥសាន អះអាង​ថា ការប្រកាស​មិន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​របស់​លោក ហ៊ុន សែន គឺ​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​លោក​ផ្ទាល់ មិនមែន​ដូច​ពាក្យ​របស់​អ្នកវិភាគ​រត់​ចោល​ស្រុក​ថា​ជា​ការ​គេចវេស​នោះ​ទេ។

ចំណែក​អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​អះអាង​ថា ជួប ឬ​មិន​ជួប​ជា​រឿង​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ ព្រោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មិនមែន​ជា​អាយ៉ង​ពួកគេ​នោះ​ទេ។

លោក​បញ្ជាក់​ថា អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និង​នូវែលហ្សេឡង់ ដែល​គេ​ហៅថា​ក្រុម​លោក​ខាងលិច គឺជា​ក្រុម​តែ​មួយ ឬ​ក្រុម ៥​អាយ (5 eyes) ដែល​ចង់​ដឹកនាំ​ពិភពលោក​តែ​គ្នា​ឯង​តែប៉ុណ្ណោះ ប៉ុន្តែ​ពួក​នេះ​តែង​នាំគ្នា​ប្រឆាំង​មហា​អំណាច​ចិន ជាប់​ជានិច្ច ថែមទាំង​ព្យាយាម​តាម​បំផ្លាញ​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​មហា​អំណាច​ចិន ទៀត​ផង។

កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ឧបការី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​ជំរុញ​ឲ្យ​មេដឹកនាំ​កម្ពុជា រក្សា​នូវ​គោល​នយោបាយ​ការបរទេស​ឯករាជ្យ ដែល​មាន​តុល្យភាព​ដើម្បី​ផលប្រយោជន៍​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​គឺ​ត្រូវ​ងាក​ទៅ​គោរព​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស