30 C
Phnom Penh

មហាជន​នាំគ្នា​រំឭក​អំពី​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​លើ​ឃាតកម្ម​ដ៏​រន្ធត់​មួយ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក កែម ឡី និយម កូនសិស្ស និង​អ្នក​ស្រឡាញ់​គោរព​បណ្ឌិត កែម ឡី មួយ​ចំនួន​បាន​នាំគ្នា​រំឭក​ឡើងវិញ​យ៉ាង​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម Facebook អំពី​ការ​ស្លាប់​ទាំង​អយុត្តិធម៌​របស់​បណ្ឌិត កែម ឡី នៅ​មុន​ថ្ងៃ​ប្រារព្ធ​ខួប ៥​ឆ្នាំ​នៃ​ឃាតកម្ម​ដ៏​រន្ធត់​មក​លើ​រូបលោក​ទាំង​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​នឹង​ខិត​ជិត​ចូល​មកដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

បុរស​ម្នាក់​ដែល​បណ្ឌិត កែម ឡី ធ្លាប់​ចាត់ទុក​ថា​ជា​គ្រូ​ធំ​របស់​លោក គឺ​បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ថា ខួប​គម្រប់​ប្រាំ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្លៀត​ឱកាស​នេះ លោក​សូម​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​គ្រប់​និន្នាការ​ទាំងអស់​វិល​ទៅ​រក​ការចរចា ការ​បង្រួបបង្រួម​ជាតិ ដើម្បី​ឲ្យ​កម្ពុជា​មាន​សុខ​សន្តិភាព និង​មាន​សុភមង្គល​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងមូល។

លោក​អះអាង​ថា រូបលោក​ផ្ទាល់​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​គោរព​ស្រឡាញ់​ភាព​ក្លាហាន និង​វីរភាព​របស់​បណ្ឌិត កែម ឡី បាន​ចាត់ទុក​រូបលោក​ជា​វរជន​ដែល​តំណាង​ឲ្យ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ព្រោះ​ថា​ការ​លើកឡើង​របស់​គាត់​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា គឺ​ដើម្បី​តែ​សេចក្តី​សុខ និង​សុភមង្គល​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន​ខ្មែរ​តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​សមាជិក​ទាំងអស់​របស់​គណបក្ស នៅតែ​គោរព និង​ចាត់ទុក​បណ្ឌិត កែម ឡី ជា​បិតា​ស្ថាបនិក​របស់​គណបក្ស​នេះ​ជានិច្ច ព្រោះ​ថា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ការចូលរួម​ចំណែក​យ៉ាង​ច្រើន​ទាំង​កម្លាំង​កាយ និង​ប្រាជ្ញា​ស្មារតី​របស់​លោក​បណ្ឌិត។

អ្នកស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​ស្តារម៉ាត ស្ថិត​ក្នុង​បរិវេណ​ស្ថានីយ​ចាក់សាំង​កាល់តិច (Star Mart Caltex) ស្តុប​បូកគោ កណ្តាល​ទីក្រុង​ភ្នំពេញ ក្បែរ​ផ្ទះ​ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លងទៅ។

ក្រោយ​ឃាតកម្ម​នេះ​ភ្លាម សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អឿត អាង ឬ ជួប សម្លាប់ ហើយ​ដែល​បុរស​រូប​នោះ​បាន​សារភាព​ថា​ខ្លួន​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី។

ប៉ុន្តែ​អ្នក​តាមដាន​ហេតុការណ៍​នៃ​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ ចាត់ទុក ជួប សម្លាប់ គឺជា​ឃាតក​សិប្បនិមិត្ត​ដែល​ស៊ី​ឈ្នួល​ជាប់​គុក​ប៉ុណ្ណោះ។ ក្រុម​សិទ្ធិមនុស្ស និង​អ្នក​តាមដាន​បញ្ហា​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វែក​មុខ​ឃាតក​ពិត​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់។

ឃាតកម្ម​ដ៏​សាហាវ​មួយ​នេះ បាន​កើតឡើង​ពីរ​ថ្ងៃ​ក្រោយ បន្ទាប់ពី​បណ្ឌិត កែម ឡី បកស្រាយ​របាយការណ៍​ស៊ើប​អង្កេត​ស៊ីជម្រៅ​មួយ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ឈ្មោះ ក្លូបបល វីតនេស (Global Withness) ហើយ​បាន​លាតត្រដាង​អំពី​ផែនការ​លក់​ជាតិ និង​ការ​គ្រប់គ្រង​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា​ស្ទើរតែ​ទាំងអស់​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក របស់​បក្ខពួក និង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

ជុំវិញ​បញ្ហា​នេះ កូនសិស្ស​បណ្ឌិត កែម ឡី លោក សួង នាគព័ន្ធ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា ឃាតក​ដែល​បាន​បាញ់​សម្លាញ់​បណ្ឌិត កែម ឡី ពិតប្រាកដ គឺ​មាន​ឈ្មោះ​ថា កង ប៊ុនទូ ជា​ឃាតក​ដែល​ទទួល​បញ្ជា​រៀប​ផែនការ​សម្លាប់​ដោយ​ផ្ទាល់​ពី​កូនប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត។

ប៉ុន្តែ​ឃាតកម្ម​នេះ ត្រូវ​បាន​ពួកគេ​រៀបចំ​ឃាតក​សិប្បនិមិត្ត​ឲ្យ​ទទួល​ទោស​ជំនួស គឺ​លោក អឿត អាង ហៅ ជួប សម្លាប់ ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោយ​បុគ្គល​រូប​នេះ​បាន​សារភាព​តាម​ការណែនាំ​របស់​លោក កង ប៊ុនទូ ថា​ខ្លួន​ពិតជា​បាន​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មែន​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សួង នាគព័ន្ធ បាន​ជួប​ជាមួយ​លោក អឿត អាង ហៅ ជួប សម្លាប់ ដោយ​ផ្ទាល់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ខណៈ​ដែល​រូបលោក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៩ កន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​សុំ​ការ​បកស្រាយ ឬ​ការ​បំភ្លឺ​ពី​ឈ្មោះ កង ប៊ុនទូ និង​លោក ហ៊ុន ម៉ាណែត បាន​នៅឡើយ​ទេ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​រយៈពេល ៤២​ឆ្នាំ​របស់​លោក ហ៊ុន សែន មាន​ឃាតកម្ម​ធំៗ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជាច្រើន​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​អាច​វែក​មុខ​ឃាតក​យក​ទៅ​ផ្ដន្ទាទោស​រហូត​ដល់​សព្វថ្ងៃ​នេះ។

ករណី​ទាំងនោះ​រួម​មាន៖

  • ការ​សម្លាប់​តារា​សម្ដែង​ក្នុង​ទសវត្ស​ទី​៩០ អ្នកស្រី ពិសិដ្ឋ ពិលីកា នៅ​ឆ្នាំ១៩៩៩
  • ការ​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា នៅ​ឆ្នាំ​២០០៤
  • ការ​បាញ់​ប្រហារ​ទៅលើ​ព្រះ​ភិក្ខុ សំ ប៊ុនធឿន ក្នុង​ឆ្នាំ​២០០៣
  • ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង ក្នុង​ឆ្នាំ​២០១២ ជាដើម។

ជុំវិញ​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០២០ គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​នីតិរដ្ឋ​របស់​ប្រទេស​ទាំង ១២៨ នៅ​ជុំវិញ​ពិភពលោក ថា​កម្ពុជា​បាន​ជាប់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨ នៅ​ជុំវិញ​ពិភពលោក ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​អាក្រក់​បំផុត ប៉ុន្តែ​កម្ពុជា​មាន​ចំណាត់ថ្នាក់​ល្អ​ជាង​ប្រទេស​វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ។

រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល ៥​ឆ្នាំ​ហើយ​ដែល​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​បណ្ឌិត កែម ឡី មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ ខណៈ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ឃាតក​សិប្បនិមិត្ត​ឲ្យ​ជាប់ទោស​អស់​មួយ​ជីវិត​ជំនួស​ឃាតក​ពិត​ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស