33 C
Phnom Penh

សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​ប្រកាស​ធ្វើ​បុណ្យ​គម្រប់​ខួប​៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា ប្រកាស​ធ្វើ​បុណ្យ​គម្រប់​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ខាងមុខ​នេះ។

ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា លោក ហុង លីម នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា នេះ​បាន​ប្រកាស​ធ្វើ​បុណ្យ​គម្រប់​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ខាងមុខ​នេះ ដោយ​អញ្ជើញ​ពលរដ្ឋ និង​ជន​រួម​ជាតិ​ខ្មែរ​ទាំងអស់​ឲ្យ​មក​ចូលរួម​ពិធី​បុណ្យ​នេះ​ឲ្យ​បាន​ច្រើន​កុះករ។

ពិធី​បុណ្យ​គម្រប់​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ចាប់ពី​វេលា​ម៉ោង ៩​ព្រឹក​រហូត​ដល់​ម៉ោង ២:៣០​នាទី​រសៀល ស្ថិត​ក្នុង​វត្ត​ពុទ្ធរង្ស៊ី ម៉ែលប៊ន ក្នុង​ទីក្រុង​ម៉ែលប៊ន រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី។

កម្មវិធី​បុណ្យ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន គឺ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ប្រពៃណី​សាសនា មាន​ពិធី​រាប់បាត្រ​ព្រះ​ភិក្ខុសង្ឃ និង​វេរភត្តាហារ​ប្រគេន​ព្រះសង្ឃ និង​ដារ​បង្សុកូល។

កម្មវិធី​បុណ្យ​នេះ​ក៏​មាន​ការ​ធ្វើ​ពិធី​សម្ដែង​នូវ​ការគោរព​ដល់​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ការ​ថ្លែង​សន្ទរកថា​របស់​អ្នក​ចូលរួម និង​ភរិយា​បណ្ឌិត កែម ឡី ហើយ​ក៏​មាន​កម្មវិធី​ធម្មទាន​ទេសនា​ផង​ដែរ។

កម្មវិធី​បុណ្យ​ខាងលើ​ក៏​ជា​ការ​អញ្ជើញ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តែង​គាំទ្រ​ស្រឡាញ់​រាប់អាន​បណ្ឌិត កែម ឡី និង​ចងចាំ​នូវ​វីរភាព​នៃ​ការ​តស៊ូ​ដ៏​អង់អាច​ក្លាហាន​របស់​លោក ក្នុង​បុព្វហេតុ​នៃ​ការ​បង្ហាញ​ការពិត សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា អំពាវនាវ​ឲ្យ​មាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​កម្មវិធី​បុណ្យ​នេះ​តាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន។ ចំណែក​ឯ​ព័ត៌មាន​លម្អិត សូម​ទាក់ទង​អ្នក​ដឹកនាំ​កម្មវិធី គឺ​អ្នកស្រី ប៊ូ រចនា លោក ហុង លីម លោក តាក ម៉េងហ៊ាង និង​លោក ជា យូហ៊ន។

កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​ស្តារម៉ាត ក្នុង​បរិវេណ​ស្ថានីយ​ចាក់សាំង​កាល់តិច (Star Mart Caltex) ក្បែរ​ស្តុប​បូកគោ កណ្តាល​ទីក្រុងភ្នំពេញ និង​នៅ​ជិត​ផ្ទះ​ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។ បណ្ឌិត កែម ឡី បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម​ក្នុង​វ័យ ៥០​ឆ្នាំ បន្សល់​ទុក​នូវ​ភរិយា​អាយុ ៣៤​ឆ្នាំ គឺ​អ្នកស្រី ប៊ូ រចនា ដែល​មាន​ផ្ទៃពោះ ៥​ខែ និង​មាន​កូនប្រុស ៤​នាក់​ទៀត។

ពេល​នៅ​មាន​ជីវិត បណ្ឌិត កែម ឡី តែង​រំឭក​ថា នៅពេល​ដែល​លោក​វិភាគ​ម្ដងៗ លោក​មិន​ដែល​គិត​ថា​ខ្លួន​លោក​មាន​ជីវិត​ទេ ព្រោះ​ថា​ការ​និយាយ​របស់​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ខ្លា​ច្រើន មាន​ពស់វែក​ច្រើន និង​មាន​ឆ្លាម​ច្រើន។

ជាង​នេះ​ទៀត បណ្ឌិត កែម ឡី ធ្លាប់​បាន​លើកឡើង​ថា លោក​បាន​រៀបចំ Visa ឬ​លិខិត​ឆ្លងដែន ៣ រួច​ហើយ​គឺ៖

  • ទី​១ បើសិនជា​គេ​មិន​សប្បាយ​ចិត្ត​នឹង​លោក គេ​នឹង​បញ្ជូន​លោក​ឲ្យ​ទៅ​មន្ទីរពេទ្យ
  • ទី​២ គេ​អាច​នឹង​បញ្ជូន​លោក​ឲ្យ​ទៅ​គុក​ព្រៃស
  • ទី​៣ គេ​នឹង​បញ្ជូន​លោក​ទៅ​វត្ត​ព្រះពុទ្ធ ដើម្បី​បញ្ចប់​រឿង​តែម្តង

បញ្ហា​នេះ លោក​ធ្លាប់​បាន​បញ្ជាក់​ថា បើ​សិន​ខ្លាច Visa ទាំង​បី​នេះ ប្រហែល​ពិបាក​នឹង​វិភាគ​ផ្ដល់​ផលប្រយោជន៍​ទៅ​ដល់​សង្គម​ខ្លាំង​ណាស់។

ឃាតកម្ម​លើ​បណ្ឌិត កែម ឡី បាន​កើតឡើង ២​ថ្ងៃ​ក្រោយ​បន្ទាប់ពី​បណ្ឌិត កែម ឡី បកស្រាយ​របាយការណ៍​ស៊ើប​អង្កេត​ស៊ីជម្រៅ​មួយ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ក្លូបបល វីតនេស (Global Withness) ហើយ​បាន​លាតត្រដាង​អំពី​ផែនការ​លក់​ជាតិ និង​ការ​គ្រប់គ្រង​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា ស្ទើរតែ​ទាំងអស់​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​របស់​បក្ខពួក និង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស