32.7 C
Phnom Penh

រដ្ឋាភិបាល​អូស្ត្រាលី​ប្ដេជ្ញា​ការពារ​និង​លើកកម្ពស់​សិទ្ធិមនុស្ស​អន្តរជាតិ​ជុំវិញ​ការ​និរទេស​សកម្មជន​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ប្ដេជ្ញា​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​អន្តរជាតិ​ជុំវិញ​ការ​និរទេស​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ពី​ប្រទេស​ថៃ ចំនួន ៦​នាក់​ទៅ​អនុវត្ត​ទោស​នៅ​កម្ពុជា​កាលពី​ពេល​កន្លង​ទៅ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី ផែននី វ៉ង (Penny Wong) បាន​ឆ្លើយតប​ទៅ​កាន់​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក ហុង លីម កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៥ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ មករា នេះ​ថា អូស្ត្រាលី​តែងតែ​លើក​ឡើង​ពី​កង្វល់​សិទ្ធិមនុស្ស​ជាមួយ​រដ្ឋាភិបាល​ថៃ និង​កម្ពុជា រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​អូស្ត្រាលី​តែង​លើក​ទឹកចិត្ត​ប្រទេស​ទាំងអស់ រួម​ទាំង​កម្ពុជា និង​ប្រទេស​ថៃ ផង ឱ្យ​គោរព​តាម​កាតព្វកិច្ច​ក្រោម​ច្បាប់​អន្តរជាតិ ដើម្បី​ធ្វើការ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ដូចជា​ឧត្ដមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ ជាដើម។

អ្នកស្រី ផែននី វ៉ង បញ្ជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី​តែង​ស្វាគមន៍​ចំពោះ​សកម្មភាព​របស់​ជនភៀសខ្លួន​កម្ពុជា និង​កង្វល់​នានា​ជុំវិញ​ការ​ជ្រៀតជ្រែក​ពី​បរទេស​ក្នុង​ការ​ភៀស​ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ​លើ​ទឹកដី​ថៃ សព្វថ្ងៃ​នេះ ហើយ​អូស្ត្រាលី ក៏​បាន​ប្ដេជ្ញា​ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​អន្តរជាតិ​ស្រប​តាម​ផល​ប្រយោជន៍ និង​តម្លៃ​របស់​ប្រទេស​ទាំងអស់​ផង​ដែរ។

ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម និង​ជា​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម បាន​សរសេរ​លិខិត​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី ផែននី វ៉ង (Penny Wong) កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​ការ​និរទេស​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​កម្ពុជា ដែល​ក្រោម​ហេតុផល​នយោបាយ។

លោក ហុង លីម លើកឡើង​ថា ការ​ចាប់​បញ្ជូន​ខ្លួន​សកម្មជន​នយោបាយ​ទាំងនេះ​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង និង​ប្រើ​អំពើ​ហិង្សា​ហួស​ព្រំដែន។

លោក​បន្ត​ថា សកម្មជន​ខ្មែរ​ដែល​នៅ​សល់​ក្នុង​ប្រទេស​ថៃ ពេលនេះ កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង​ការ​រស់នៅ​ដោយ​ការភ័យខ្លាច ហើយ​ការភ័យខ្លាច​នេះ​ក៏​បាន​ពង្រីក​ដល់​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ផង​ដែរ។

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​សាកល្បង​បង្កើន​ការ​វាយប្រហារ និង​អំពើ​ហិង្សា​លើ​អ្នក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ក្នុង​នោះ អាជ្ញាធរ​កម្ពុជា​បាន​បែងចែក​ប្រទេស​អូស្ត្រាលី ជា ៧​តំបន់ ដែល​តំបន់​នីមួយៗ​ត្រូវ​បាន​គ្រប់គ្រង​ពី​របប​ក្រុង​ភ្នំពេញ​ដោយ​ផ្ទាល់។

ប្រភព​ដដែល​រៀបរាប់​ថា ពួកគេ​បាន​ប្រើ​បណ្ដាញ​ដែល​ពង្រាយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី តាម​ឃ្លាំមើល និង​ផ្តល់​របាយការណ៍​ដល់​របប​ក្រុង​ភ្នំពេញ ដែល​ធ្លាប់​បាន​គំរាមកំហែង​ដោយ​ផ្ទាល់​លើ​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី រួម​ទាំង​រូបលោក​ផ្ទាល់​ផង​ដែរ។

កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ចំនួន ៦​នាក់​ឱ្យ​យក​ទៅ​ដាក់​គុក​នៅ​កម្ពុជា រួម​មាន​លោក ប៉ែន ច័ន្ទសង្គ្រាម អ្នកស្រី ហុង អាន លោក មាន ចាន់ថុន ព្រមទាំង​ពលរដ្ឋ​ខ្មែរក្រោម អ្នកស្រី ស៊ឹង គន្ធា អ្នកស្រី យ៉ិន ចន្ធូ និង​កញ្ញា វ៉ន ច័ន្ទរចនា។ អ្នក​ទាំង ៦​នាក់​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​សកម្មភាព​ប្រឆាំង​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៤ កន្លង​ទៅ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស