ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាតួអង្គតែមួយគត់ដែលកំពុងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាហេតុធ្វើឱ្យបែកបាក់ជាតិខ្មែរកាន់តែធ្ងន់ធ្ងរ។
ក្រុមអ្នកតស៊ូមតិកម្ពុជា (Cambodian Advocacy Team) បានចេញសេចក្តីថ្លែងការណ៍វិភាគមួយនៅថ្ងៃទី២៨ តុលា នេះថា ជារឿងអកុសលបំផុតដែលគណបក្សប្រជាជនកម្ពុជា ព្យាយាមបំភ្លេចចោលនូវគោលបំណងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយចាប់យកការដឹកនាំតាមបែបបំពានសិទ្ធិមនុស្ស បំពានរដ្ឋធម្មនុញ្ញ គ្មានការបោះឆ្នោតត្រឹមត្រូវ និងសេរីសម្រាប់ការដឹកនាំរបស់ខ្លួន។
ប្រភពខាងលើអះអាងថា ជាងនេះទៀត បក្សកាន់អំណាចក៏បានបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានៅឆ្នាំ២០១៧ ដោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាតំណាងឆន្ទៈរបស់ពលរដ្ឋខ្មែរដែលមាន ៥៥អាសនៈក្នុងរដ្ឋសភានៅថ្នាក់ជាតិ និងបំផ្លាញក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងជាង ៥ពាន់នាក់ក្នុងភាពជាតំណាងរបស់ពលរដ្ឋខ្មែរនៅថ្នាក់ក្រោមជាតិថែមទៀត។
ប្រភពដដែលអះអាងថា គណបក្សប្រជាជនកម្ពុជាមានចេតនាបំបាត់ស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយចាប់យកការដឹកនាំតាមរបៀបផ្ដាច់ការ គ្រួសារនិយម និងបក្សពួកនិយម ដែលជាដើមចមធ្វើឱ្យប្រទេសជាតិទាំងមូលចូលក្នុងរណ្ដៅនៃអំពើពុករលួយ ធ្លាក់ក្នុងបំណុលបរទេសវ័ណ្ឌកទៅថ្ងៃអនាគត។
ជុំវិញបញ្ហានេះ ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា លោក ហុង លីម លើកឡើងនៅថ្ងៃទី២៨ តុលា នេះថា ការបោះបង់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងការរំលោភបំពានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាចេតនាដែលចង់រុញច្រានឱ្យប្រទេសកម្ពុជាវិលទៅរកស្ថានភាពមុនសម័យកាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវិញ។
ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជារូបនេះអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាភាគីនៅសល់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពិនិត្យមើលឡើងវិញពីស្មារតីរួម ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះ និងរដ្ឋធម្មនុញ្ញ ដើម្បីរៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ក្នុងគោលបំណងបង្កើតសន្តិភាពពិតប្រាកដ យុត្តិធម៌សង្គម ប្រជាធិបតេយ្យ និងផ្សះផ្សាជាតិខ្មែរទាំងមូល។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ចំថ្ងៃខួប ៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានលើកឡើងថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជាដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ គឺ ប៉ុល ពត នៅតែបន្តដដែល ទាល់តែដល់ឆ្នាំ១៩៩៨ ទើបសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់លោក។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Accords) ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺដើម្បីបញ្ចប់ជម្លោះនយោបាយផ្ទៃក្នុងនៅកម្ពុជា ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ គោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិកម្ពុជា និងការកសាងកម្ពុជាឡើងវិញ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

