36.7 C
Phnom Penh

អ្នក​តាមដាន​ស្ថានការណ៍​ថា​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ជា​របៀប «អារ​ក​មាន់​បន្លាច​ស្វា»

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចាត់ទុក​ការ​ចាប់​ខ្លួន​ឪពុក​បង្កើត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ន តារា ស្ថិត​ក្រោម​របៀបវារៈ​នយោបាយ​ដែល​ជា​ល្បិចកល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​ការ​បំបិទ​សំឡេង​រិះគន់​លើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា Cambodian Advocacy Team ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា លោក ហ៊ុន សែន កំពុង​អនុវត្ត​ទ្រឹស្ដី​កុម្មុយនីស្ត​ដោយ​ចាត់ទុក​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ជា​សត្រូវ​របស់​ខ្លួន ដូច្នេះ​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា គឺជា​ការ​ដាក់​សម្ពាធ​ដើម្បី​បំបិទ​មាត់​សកម្មជន​នយោបាយ​រូប​នេះ និង​អ្នក​ឯ​ទៀត​តែប៉ុណ្ណោះ។

ប្រភព​ដដែល​លើកឡើង​ថា លោក ស៊ន តារា គឺជា​សកម្មជន​នយោបាយ​ខាង​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​បាន​បន្ត​និយាយ​រិះគន់​មិន​សំចៃ​មាត់​លើ​បញ្ហា​ជាច្រើន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​ចំពោះ​លោក ហ៊ុន សែន ផង​ដែរ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​ធ្លាប់​គំរាម​លោក ស៊ន តារា និង​សកម្មជន​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ដទៃ​ទៀត ដោយ​ប្រើ​ល្បិច​ធ្វើ​ទុក្ខបុកម្នេញ​លើ​សាច់ញាតិ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​តស៊ូ​មតិ​បញ្ជាក់​ថា ល្បិច​គំរាមកំហែង​លើ​លោក ស៊ន តារា នៅ​ពេលនេះ បាន​កើត​មាន​លើ​ក្រុម​គ្រួសារ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ក្នុង​ប្រទេស​ជប៉ុន ម្តង​រួច​មក​ហើយ គឺ​លោក ហៃ វណ្ណា ដែល​រង​នូវ​ការ​គំរាមកំហែង បន្ទាប់ពី​សកម្មជន​រូប​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) លោក ហុង លីម លើកឡើង​ថា លោក ហ៊ុន សែន កំពុង​អនុវត្ត​វិធីសាស្ត្រ​ខ្មែរក្រហម​ដែល​តែងតែ​ធ្វើ​ទារុណកម្ម​លើ​បុគ្គល​ណា​ដែល​គេ​គិត​ថា​ជា​សាច់ញាតិ ឬ​បក្ខពួក​ក្រុម​ខ្មាំង។ លោក ហុង លីម បញ្ជាក់​ថា ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ គឺ​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដែល​ធានា​នូវ​សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។

ឪពុក​របស់​លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​រូប និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ចោទប្រកាន់​ពី​បទ «រក្សាទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» ដែល​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ តាម​មាត្រា​៤០ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស